អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (១៩៩៦–២០០១)អត្ថបទនេះស្ដីអំពី រដ្ឋាភិបាលតាលីបង់ដំបូងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១។ ចំពោះរដ្ឋបច្ចុប្បន្ន សូមមើល អាហ្វហ្កានីស្ថាន។
ចំពោះរដ្ឋមានឈ្មោះស្រដៀងនេះ សូមមើល អេមីរ៉ាតអាហ្វហ្កានីស្ថាន (១៨២៣–១៩២៦), អេមីរ៉ាតអាហ្វហ្កានីស្ថាន (១៩២៩), and រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន (១៩៩២–២០០២) ។
ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល អេមីរ៉ាតឥស្លាម (អសង្ស័យកម្ម)។
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (ភាសាបាស្តូ៖ د افغانستان اسلامي امارت) ឬគេអាចសម្ដៅហៅម្យ៉ាងទៀតថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានទីមួយ គឺជារដ្ឋផ្ដាច់ការនិយមឥស្លាមដែលដឹកនាំដោយចលនាតាលីបង់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១។ នៅកម្រិតកំពូល រដ្ឋាភិបាលតាលីបង់បានគ្រប់គ្រងប្រហែល ៩០% នៃប្រទេសអាហ្វហ្កានីស្ថាន ខណៈដែលតំបន់ដែលនៅសេសសល់នៅឯភាគឦសានត្រូវបានកាន់កាប់ដោយសម្ព័ន្ធភាពខាងជើង ដែលជាក្រុមអាជ្ញាធរបន្សល់ពីរបបចាស់ ពោលគឺ រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន និងជាក្រុមដែលមានការទទួលស្គាល់ជាអន្តរជាតិលើរបបតាលីបង់នេះ។[៥] បន្ទាប់ពីព្រឹត្តិការណ៍ ១១ កញ្ញា និងការប្រកាស "សង្គ្រាមលើភេរវកម្ម" ដោយសហរដ្ឋអាមេរិក មតិប្រឆាំងអន្តរជាតិចំពោះរបបតាលីបង់មួយនេះបានកើនឡើងជាលំដាប់ ខណៈដែលការទទួលស្គាល់ការទូតពីអេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថានត្រូវបានលុបចោលវិញ។ អេមីរ៉ាតឥស្លាមត្រូវលែងមានអត្ថិភាពនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០១ បន្ទាប់ពីត្រូវបានផ្ដួលរំលំដោយចលនាសម្ព័ន្ធភាពខាងជើង ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះហៅ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ បង្កើតឡើងក្រោយការឈ្លានពានរបស់សហរដ្ឋអាមេរិកមកលើអាហ្វហ្កានីស្ថានកាលពីរយៈពេលពីរខែមុន។ ពួកតាលីបង់នៅតែបានបន្តហៅខ្លួនឯងថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាននៅក្នុងទំនាក់ទំនងផ្លូវការ[៦] នៅអំឡុងពេលដែលខ្លួនឃ្លាតចេញពីអំណាចនៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២១។ ប្រវត្តិសាស្ត្រសូមមើលផងដែរ: ប្រវត្តិសាស្ត្រអាហ្វហ្កានីស្ថាន
ប្រវត្តិដើម និងជម្លោះជាតិសាសន៍ក្រុមតាលីបង់ និងរបបគ្រប់គ្រងរបស់ពួកគេបានកើតចេញពីស្ថានភាពវឹកវរច្របូកច្របល់បន្ទាប់ពីសង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានបានបញ្ចប់។ តាលីបង់ត្រូវបានគេបង្កើតឡើងជាចលនានយោបាយសាសនាឥស្លាមជាតិប៉ាស្តុន ដែលមាននិស្សិតម៉ាដ្រាសាជាសមាជិក និងមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ដោយសមាជិកភាគច្រើនជាជនជាតិប៉ាស្តុន ពួកតាលីបង់ក៏បានច្របាច់បញ្ចូលនូវក្រមកុលសម្ព័ន្ធបាស្តុនវ៉ាលី ជាមួយនឹងសិក្ខាបទសាលាហ្វី ដើម្បីបង្កើតចេញជាមនោគមវិជ្ជាឥស្លាមរួមមួយដែលមានទំនោរប្រឆាំងលោកខាងលិច និងសម័យទំនើប។[៧] ពីដំបូង តាលីបង់បានទទួលបានការគាំទ្រពីប៉ាគីស្ថានដែលជាប្រទេសជិតខាង ក៏ដូចជាពីអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ កងជីវពលតូចមួយរបស់តាលីបង់បានលេចឡើងជាលើកដំបូងនៅជិតក្រុងកាន់ហាដារនៅក្នុងឆ្នាំ១៩៩៤ ហើយភ្លាមនោះបានធ្វើសកម្មភាពប្រយុទ្ធនឹងមេដឹកនាំក្នុងតំបន់[៨] ដោយទទួលបានការគាំទ្រខ្លះៗពីក្រុមមេដឹកនាំជាតិប៉ាស្តុនឌូរ៉ានី។[៩] សកម្មភាពយោធាដ៏សំខាន់ដំបូងរបស់តាលីបង់គឺបានប្រព្រឹត្តិធ្វើឡើងនៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅពេលដែលពួកគេបានចល័តទ័ពពីទីក្រុងមេវែននៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ទៅវាយដណ្ដើមទីក្រុងកាន់ដាហារ និងបណ្ដាខេត្តនៅជុំវិញ ដោយបានបាត់បង់ជីវិតយុទ្ធជនតែរាប់សិបនាក់ប៉ុណ្ណោះ។[១០] នៅក្នុងរយៈពេលបីខែបន្ទាប់ កងកម្លាំងថ្មីថ្មោងមួយនេះបានគ្រប់គ្រងខេត្តចំនួនដប់ពីរលើខេត្តសរុបចំនួន ៣៤ របស់ប្រទេសអាហ្វហ្កានីស្ថាន ដោយពួកមេទ័ពមូចាហ៊ីឌីននៅក្នុងខេត្តដែលតាលីបង់គ្រប់គ្រងទាំងនោះភាគច្រើនបានសុំទទួលចុះចាញ់ជាមុនដោយគ្មានការបាញ់សម្លាប់បង្ហូរឈាមគ្នា ឬដោយសារកងជីវពលតាមតំបន់នីមួយៗបានទម្លាក់អាវុធចុះ។[១១] ដំបូងឡើយ តាលីបង់បានទទួលនូវការគោរពសាទរពីប្រជាជនអាហ្វហ្កានីស្ថានដែលនឿយហត់នឹងអំពើពុករលួយ អំពើហិង្សាឃោរឃៅ និងការប្រយុទ្ធសម្លាប់គ្នាឥតឈប់ឈររបស់ក្រុមមូចាហ៊ីឌីន។ ប៉ុន្តែតទៅមុខទៀត ប្រតិកម្មអវិជ្ជមាន និងការតស៊ូប្រឆាំងនឹងតាលីបង់ក៏បានកើនឡើង ពិសេសក្នុងចំណោមប្រជាជនអាហ្វហ្កានីស្ថានដែលមិនមែនជាជនជាតិប៉ាស្តុន។[១២] ពួកតាលីបង់បានចាត់ទុកសហគមន៍ជាតិសាសន៍ផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានថាជាជាតិសាសន៍បរទេស។ លើសពីនេះ ប៉ាស្តុនគឺជាក្រុមជនជាតិដ៏ធំបំផុតនៅអាហ្វហ្កានីស្ថាន ហើយចលនាតាលីបង់មានជនជាតិនេះភាគច្រើនជាសមាជិក។ ពេលដែលតាលីបង់បានពង្រីកទឹកដីចេញពីមូលដ្ឋានប៉ែកខាងត្បូង និងអាគ្នេយ៍របស់ខ្លួន ពួកគេក៏បានជួបប្រទះនូវចលនាតស៊ូរបស់សត្រូវកាន់តែច្រើនឡើងៗ។ មនោគមវិជ្ជាឌីអូបង់ឌីនិយមដែលតាលីបង់បានយកមកផ្គុំផ្សំជាមួយក្រមកុលសម្ព័ន្ធបាស្តុនវ៉ាលីនោះ ត្រូវបានក្រុមជនជាតិផ្សេងទៀតចាត់ទុកថាជាគំនិតទំនៀមទម្លាប់បរទេស។[១៣] សមរភូមិទីក្រុងម៉ាហ្សារី ឆារីហ្វ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញពីជម្លោះជាតិសាសន៍នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននាសម័យនោះ។[១៤] ការឡើងកាន់កាប់អំណាច និងរបបគ្រប់គ្រងតាលីបង់បានវាយដណ្តើមយកទីក្រុងកាប៊ុលដែលជារដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ១៩៩៦។ នៅចុងឆ្នាំ២០០០ ពួកតាលីបង់បានគ្រប់គ្រងទឹកដីប្រមាណ ៩០% ដោយកាត់ចេញតែទឹកដីរបស់ក្រុមប្រឆាំង (សម្ព័ន្ធភាពខាងជើង) ប៉ុណ្ណោះ ដែលមានមូលដ្ឋានចម្បងនៅប៉ែកឦសាននៃខេត្តបាដាកឆាន។ តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រុមតាលីបង់ ភាគច្រើនគឺ ទីប្រជុំជន និងផ្លូវជាតិធំៗនៅក្នុងប្រទេស។[១៥] នៅក្នុងរបបនេះ តាលីបង់បានអនុវត្តនូវច្បាប់ និងទម្លាប់ដ៏តឹងរឹង ដោយផ្អែកទៅលើច្បាប់ឥស្លាមសារីយ៉ា បូករួមជាមួយនឹងសាសនាបញ្ញត្តិរបស់ម៉ូហាម៉ាដ អូម៉ារ។[១៦] យោងតាមច្បាប់នេះ អាជ្ញាធរតាលីបង់បានហាមឃាត់ការទទួលទានសាច់ជ្រូក និងគ្រឿងស្រវឹង, ហាមប្រាមការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនធំដូចជា តន្ត្រី ទូរទស្សន៍ ភាពយន្ត, បូករួមទាំងទម្រង់សិល្បៈភាគច្រើនដូចជា គំនូរ ឬការថតរូប, ការចូលរួមរបស់បុរសនិងនារីក្នុងវិស័យកីឡា ហើយសកម្មភាពកម្សាន្តមួយចំនួនដូចជា ការបង្ហោះខ្លែង និងមើលបីបាច់ថែរក្សាសត្វព្រាប ឬសត្វចិញ្ចឹមនានា ដោយអំពើខាងលើសុទ្ធតែត្រូវបានគេចាត់ទុកថាល្មើសនឹងច្បាប់របស់រដ្ឋ។[១៦] លើសពីនេះ រោងកុនត្រូវបានបិទ និងកែទៅជាវិហារសាសនា, ការប្រារព្ធពិធីចូលឆ្នាំសកល និងអ៊ីរ៉ង់ត្រូវបានហាមឃាត់ ហើយការថតរូប និងការបង្ហាញរូបភាពទាំងឡាយក៏ត្រូវបានហាមឃាត់ដែរ។[១៦] មិនតែប៉ុណ្ណោះ ស្ត្រីត្រូវបានគេហាមប្រាមមិនឱ្យប្រកបរបរការងារ ឯក្មេងស្រីវិញមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅក្នុងសាលា ឬមហាវិទ្យាល័យណាឡើយ ផ្ទុយទៅវិញពួកគេត្រូវបានអាជ្ញាធរបង្គាប់ឱ្យប្រតិបត្តិនូវវិន័យ ប៉ូរដា (បំបែករូបភេទ) និង អោរ៉ា (បិទបាំងរាងកាយដោយសម្លៀកបំពាក់) ហើយពេលចេញក្រៅផ្ទះម្តងៗ នារីគ្រប់រូបត្រូវតែមានបុរសយ៉ាងហោចណាស់ម្នាក់ដែលជាប់សាច់ឈាមនៅអមជិតជានិច្ច ខណៈអ្នកដែលធ្វើខុសពីទង្វើទាំងនេះនឹងត្រូវទទួលទោស។[១៦] ចំណែកឯបុរសៗវិញត្រូវបានរដ្ឋាភិបាលហាមមិនឱ្យកោរពុកមាត់ ហើយតម្រូវឱ្យរក្សាពុកមាត់ឱ្យបានវែងតាមចំណង់របស់អាជ្ញាធរតាលីបង់ ហើយត្រូវតែពាក់ឈ្នួតក្បាលរាល់ពេញចេញក្រៅផ្ទះ។[១៦][១៧] ជននិយមកុម្មុយនីស្តត្រូវបានគេយកទៅប្រហារជីវិតដោយមិនរើសមុខ។ ការលេងល្បែងស៊ីសងគ្រប់រូបភាពត្រូវបានហាមឃាត់ ហើយបុគ្គលដែលប្រព្រឹត្តិអំពើចោរកម្មត្រូវបានផ្តន្ទាទោសដោយការកាត់ដៃ ឬជើងរបស់ពួកគេ។[១៦] នៅក្នុងឆ្នាំ២០០០ មេដឹកនាំតាលីបង់ ម៉ូហាម៉ាដ អូម៉ារ បានចេញច្បាប់ផ្លូវការហាមឃាត់ការដាំដុះអាភៀន និងការជួញដូរគ្រប់គ្រឿងញៀននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន[១៦][១៨][១៩] ហើយជាលទ្ធផល រដ្ឋាភិបាលតាលីបង់បានលុបបំបាត់ផលិតកម្មអាភៀនបានស្ទើរតែទាំងអស់ (៩៩%) បើគិតត្រឹមឆ្នាំ២០០១។[១៨][១៩][២០] ក្រោមយុត្តាធិការតាលីបង់ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរគ្រប់រូបត្រូវទទួលនូវស្ថានទម្ងន់ទោសយ៉ាងធ្ងន់ធ្ងរ។[១៦] គណៈរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនៃរបបនេះគឺសុទ្ធតែជា មូលឡា (មេសាសនា) ដោយទទួលបាន"ការអប់រំបែបម៉ាដ្រាសា"។[២១] នៅឯថ្នាក់ជាតិ រាល់មន្ត្រីជាន់ខ្ពស់ដែលជាជនជាតិតាជិក អ៊ូសបេក និងហាសារ៉ា គឺសុទ្ធតែត្រូវបានជំនួសដោយជនជាតិប៉ាស្តុនទាំងអស់ ទោះបីជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬអត់ក្ដី។[២២] អ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក អាម៉េដ រ៉ាស៊ីត បានរៀបរាប់ពីរដ្ឋាភិបាលតាលីបង់ថាជា "សង្គមសម្ងាត់ដែលគ្រប់គ្រងដោយអ្នកក្រុងកាន់ដាហារ ... ពោរពេញដោយអាថ៌កំបាំង លាក់ការ និងផ្តាច់ការ"។[២៣] របបតាលីបង់គ្មានការបោះឆ្នោតអ្វីទេ ដូចដែលអ្នកនាំពាក្យរបស់ពួកគេបានពន្យល់ថា៖
ការចែករំលែកអំណាចគ្រប់គ្រងនៅក្នុងរបបនេះគឺមានកំណត់ណាស់ ខណៈដែលតាលីបង់ប៉ាស្តុនត្រូវគ្រប់គ្រងលើប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ៦០% ដែលមិនមែនជាជនជាតិប៉ាស្តុន។ នៅក្នុងជួរអាជ្ញាធរតាមតំបន់វិញ ដូចជាក្រុមប្រឹក្សាក្រុងកាប៊ុល[២៣] ឬហេរ៉ាតជាដើម[២៥] ពួកអ្នកស្មោះស្ម័គ្រនឹងតាលីបង់គឺជាអ្នកដឹកនាំគ្រប់គ្រង មិនមែនជាអ្នកស្រុកនោះឡើយ។ កត្តានេះបាននាំឱ្យតាលីបង់មានបញ្ហាក្នុងការទំនាក់ទំនងជាមួយប្រជាជននៅក្នុងប្រទេសប្រហែលជាងពាក់កណ្តាលដែលជាអ្នកនិយាយភាសាដារី ឬភាសាផ្សេងៗទៀតក្រៅពីប៉ាស្តុន។[២៥] អ្នកជំនាញបានរិះគន់ទៅលើរឿងនេះថា "ដោយសារកង្វះអ្នកស្រុកតំណាងឱ្យតំបន់រដ្ឋបាលនីមួយៗដូច្នេះ របបតាលីបង់អាចប្រៀបបានជារបបត្រួតត្រាកាន់កាប់ច្រើនជាជាងរបបតំណាងឱ្យប្រជាជន"។[២២] ការដួលរលំរបបអេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានបានបិទបញ្ចប់នៅក្នុងឆ្នាំ២០០១ បន្ទាប់ពីមានការចូលឈ្លានពានពីសហរដ្ឋអាមេរិក។ នៅខែឧសភា និងខែមិថុនា នៃឆ្នាំ២០០៣ មន្ត្រីជាន់ខ្ពស់តាលីបង់បានប្រកាសថា តាលីបង់បានប្រមូលផ្តុំឡើងជាថ្មី ហើយកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមបណ្តេញកងកម្លាំងអាមេរិកចេញពីទឹកដីអាហ្វហ្កានីស្ថាន។[២៦][២៧] នៅចុងឆ្នាំ២០០៤ មេដឹកនាំតាលីបង់ ម៉ូហាម៉ាដ អូម៉ារ បានប្រកាសអំពីការបះបោរប្រឆាំងនឹង "អាមេរិក និងអាយ៉ងរបស់វា" ដើម្បី"ដណ្តើមអធិបតេយ្យភាពជូនប្រទេសខ្លួនវិញ"។[២៨] សង្គ្រាមបះបោរបានអូសបន្លាយអស់ជាច្រើនឆ្នាំដោយទីបំផុត តាលីបង់ក៏បានឡើងកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១។[២៩] ទំនាក់ទំនងអន្តរជាតិចំពោះទំនាក់ទំនងជាមួយពិភពលោកវិញ អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានបានប្រកាន់យកគោលនយោបាយឯកោនិយម ពោលគឺ "តាលីបង់ជឿជាក់លើការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសដទៃ ហើយក៏មិនចង់មានការជ្រៀតជ្រែកពីខាងក្រៅមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនដែរ"។[១៦] ថ្វីបើខ្លួនបានប្រកាន់គោលនយោបាយនេះដោយខ្ជាប់ខ្ជួនក៏ពិតមែន ក្រុមតាលីបង់នូវតែបន្តចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រេងកាត អគ្គិសនី និងឧស្ម័នជាមួយប្រទេសតួកមេនីស្ថាន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបំពង់ឧស្ម័នតួកមេនីស្ថាន–អាហ្វហ្កានីស្ថាន–ប៉ាគីស្ថាន–ឥណ្ឌា។[៣០] ប្រទេសតួកមេនីស្ថានបានប្រកាន់យកគោលជំហរ "អព្យាក្រឹតភាពវិជ្ជមាន" និងកិច្ចសហប្រតិបត្តិការមានកម្រិតជាមួយរបបតាលីបង់។[៣១][៣២] ប្រទេសចិនបានផ្តើមបង្កើតទំនាក់ទំនងជាមួយរបបតាលីបង់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។[៣៣] នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន លោកលី ស្យូលីនបានក្លាយជាអ្នកតំណាងជាន់ខ្ពស់បរទេសដំបូងបង្អស់ដែលមិនមកពីប្រទេសឥស្លាម ដែលបានចូលជួបជាមួយម៉ូហាម៉ាដ អូម៉ារ។[៣៤] ការទទួលស្គាល់ឯកសារយោង
|
Portal di Ensiklopedia Dunia