អាហ្វហ្កានីស្ថាន
ប្រទេសអាហ្វហ្កានីស្ថាន (ភាសាដារី/បាស្តូ៖ افغانستان) ដោយមានឈ្មោះជាផ្លូវការថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាននៅភាគខាងកើតនិងត្បូង អ៊ីរ៉ង់នៅភាគខាងលិច តួកមេនីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាននៅភាគខាងជើង និង ប្រទេសចិននៅភាគឦសាន។ អាហ្វហ្កានីស្ថានមានផ្ទៃក្រឡាសរុប ៦៥២,៨៦៤ គីឡូម៉ែត្រការ៉េដោយគ្របដណ្តប់ទៅដោយតំបន់ភ្នំ និងវាលទំនាបនៅភាគខាងជើងនិងនិរតី។ កាប៊ុលគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេស។ យោងទៅតាមវិវេចនាចំនួនប្រជាជនពិភពលោកដែលគិតត្រឹមឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានមានចំនួន ៤០.២ លាននាក់ រីឯអាជ្ញាធរព័ត៌មានស្ថិតិជាតិអាហ្វហ្កានីស្ថានវិញបានប៉ាន់ប្រមាណចំនួនប្រជាជនខ្លួនថាមានចំនួន ៣២.៩ លាននាក់គិតត្រឹមឆ្នាំ២០២០។[១៦] មនុស្សបានមកតាំងទីលំនៅលើទឹកដីអាហ្វហ្កានីស្ថានចាប់តាំងពីយុគសម័យប៉ាឡេអូលីទិកកណ្តាលមកម្លេះហើយវាមានទីតាំងស្ថិតនៅជាប់ផ្លូវសូត្រដែលត្រូវជាផ្លូវពាណិជ្ជកម្មបុរាណដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយវាបានភ្ជាប់តំបន់បជ្ឈឹមបូព៌ាជាមួយផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី។ ទឹកដីអាហ្វហ្កានីស្ថានគឺជាទីកន្លែងកំណើតនៃជាតិសាសន៍ជាច្រើនហើយធ្លាប់បានឆ្លងកាត់ប្រតិបត្តិការយោធាប្រវត្តិសាស្ត្រធំៗរួមមាន៖ យុទ្ធនាការឈ្លានពានរបស់មហាក្សត្រអាឡិចសាន់ដឺ ចក្រភពមយូរ ជនជាតិអារ៉ាប់ ពួកម៉ុងកូល ចក្រភពអង់គ្លេស សូវៀត និងក្នុងពេលថ្មីៗនេះគឺយុទ្ធនាការរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ ចក្រភពជាច្រើនបាននិម្មិតឡើងនៅលើទឹកដីប្រទេសនេះរួមមាន៖ ចក្រភពសាណានីដ សាហ្វារីដ ហ្កាស្សនាវីដ ហូតាក់ ឌូរ៉ានី និងចក្រភពជាច្រើនៗទៀត។[១៧] រដ្ឋសម័យនៃអាហ្វហ្កានីស្ថានបានផ្តើមឡើងដំបូងចេញពីរាជវង្សហូចាក់ និងរាជវង្សឌូរ៉ានីនៅក្នុងសតវត្សទី១៨។ នៅចុងសតវត្សទី១៩ អាហ្វហ្កានីស្ថានបានក្លាយជារដ្ឋទ្រនាប់រវាងទឹកដីអាណានិគមអង់គ្លេសគឺរាជឥណ្ឌា និងចក្រភពរុស្ស៊ី។ បន្ទាប់ពីសង្គ្រាមអង់គ្លេស-អាហ្វហ្កានីស្ថានលើកទី៣ បានបញ្ចប់នៅក្នុងឆ្នាំ១៩១៩ ប្រទេសនេះក៏បានរួចផុតពីនឹមត្រួតត្រារបស់បរទេសហើយទីបំផុតបានបង្កើតចេញជារាជាណាចក្រអាហ្វហ្កានីស្ថាននៅខែមិថុនា ឆ្នាំ១៩២៦ ដោយមានការដឹកនាំពីស្តេចអាម៉ានូឡា។ របបរាជានិយមនៅអាហ្វហ្កានីស្ថានមានអត្ថិភាពជិត ៥០ ឆ្នាំមុនពេលត្រូវបានដួលរលំនៅក្នុងរជ្ជកាលស្តេចសាហ៊ែររួចក៏លេចចេញជាសាធារណរដ្ឋនៅអំឡុងខែកក្កដា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៨ រដ្ឋប្រហារមួយទៀតបានកើតឡើងហើយប្រទេសអាហ្វហ្កានីស្ថានក៏បានក្លាយជារដ្ឋកុម្មុយនីស្ត។ នៅទស្សវត្តឆ្នាំ១៩៨០ សង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានក៏បានផ្ទុះឡើងដោយចលនាមូចាហ៊ីឌីនចង់ផ្តួលរំលំរបបកុម្មុយនិស្តថ្មី។ នៅត្រឹមឆ្នាំ១៩៩៦ ទឹកដីអាហ្វហ្កានីស្ថានភាគច្រើនបានធ្លាក់ចូលក្នុងដៃក្រុមមូលដ្ឋាននិយមឥស្លាមមួយដែលគេតែងហៅថាតាលីបង់, ក្រុមនេះបានបង្កើតចេញជារបបផ្តាច់ការរយៈពេល ៥ ឆ្នាំមុនពេលត្រូវផ្តួលរំលំវិញនៅក្នុងឆ្នាំ២០០១។ តាលីបង់ត្រូវបានទម្លាក់ចេញពីអំណាចដោយកងកម្លាំងអាមេរិកប៉ុន្តែក្រុមនេះមិនបានរលាយសាបសូន្យឡើយ។ ដោយហេតុនេះហើយទើបមានសង្គ្រាមរយៈពេល ២០ ឆ្នាំផ្ទុះឡើងរវាងរដ្ឋាភិបាលរណបអាមេរិកនិងចលនាតាលីបង់ហើយនៅក្នុងឆ្នាំ២០២១ អាមេរិកបានប្រកាសដកទ័ពចេញខណៈដែលក្រុមតាលីបង់បានបើកប្រតិបត្តិការយោធាប្រឆាំងដ៏ធំមួយដែលនាំឱ្យពួកគេឡើងត្រឡប់កាន់អំណាចវិញ។ អាហ្វហ្កានីស្ថានមានកម្រិតភេរវកម្ម ភាពក្រីក្រ កង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងអំពើពុករលួយខ្ពស់បំផុតនៅក្នុងចំណោមប្រទេសដទៃលើពិភពលោក។ ប្រទេសនេះសព្វថ្ងៃគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហ្សេ៧៧ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងចលនាមិនចូលបក្សសម្ព័ន្ធ។ សេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានគឺស្ថិតនៅលំដាប់ថ្នាក់ទី ៩៦ នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុប (ផសស) ស្មើនឹង ៧២.៩ ពាន់លានដុល្លារបើគិតតាមយុគភាពអំណាចនៃការទិញ។ ប៉ុន្តែបើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗវិញ (យអទ) អាហ្វហ្កានីស្ថានគឺស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតដោយជាប់ចំណាត់ថ្នាក់លេខ ១៦៩ នៅក្នុងចំណោមប្រទេសសរុបចំនួន ១៨៦ ប្រទេសគិតត្រឹមឆ្នាំ២០១៨។ និរុត្តិសាស្ត្រអាហ្វហ្កានីស្ថាន រួមភាគ अश्वक (អស្វកៈ) និង स्थान (ស្ថាន) ជាភាសាសំស្ក្រឹត។ अश्वक (អស្វកៈ) ផ្លាស់ប្តូរជា आश्विन (អស្វិន ៖ អ្នកជិះសេះ)។ ជាភាសាខ្មែរ នាមនៃប្រទេសនេះជា «អស្វិនស្ថាន» ។ ប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសអាហ្វហ្កានីស្ថានកើតឡើងដោយសារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមកឈ្លានពានត្រូវដកចេញទៅវិញនៅរយៈពេល១០ឆ្នាំ។ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំងនឹងរបបកុំមុយនីស្តរបស់អាហ្វហ្កានីស្ថាន របបកុំមុយនីស្តនៅក្នុងទីក្រុងកាប៊ុលបានរលំរលាយទាំងស្រុងនៅឆ្នាំ១៩៩២។ ការតស៊ូប្រឆាំងបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងចំណោមចលនាតស៊ូរបស់អាហ្វហ្កានីស្ថានផ្សេងៗគ្នាបានជួយដល់ពួកតាលីបង់ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបានតស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និង សង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាប៊ុលបាននៅឆ្នាំ១៩៩៦ និងអាចចាប់យកចំណែកដីនៃប្រទេសជាច្រើនដែលនៅក្រៅការគ្រប់គ្រងនៃពួកសម្ព័ន្ធមិត្ត ខាងជើង នៅភាគឦសាន។ ក្រោយអំពើភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំង ទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាដិន។ នៅចុងឆ្នាំ២០០១ មានកិច្ចប្រជុំមួយនៅទីក្រុងប៊ែន ប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើតនូវបែបបទមួយសម្រាប់ការស្ថាបនានយោបាយឡើងវិញ ដែលផ្ដល់ជាចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៤ ហាមីដ កាហ្សៃ បានក្លាយជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ភូមិសាស្ត្រ
រដ្ឋាភិបាល
សេដ្ឋកិច្ច
ប្រជាសាស្ត្រ
វប្បធម៌
កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia