អ៊ុយក្រែន
ប្រទេសអ៊ុយក្រែន (ភាសាអ៊ុយក្រែន ៖ Україна, អ៊ុ-ក្រៃ-យី-ណា) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនគឺជាប្រទេសធំបំផុតទីពីរនៅទ្វីបអឺរ៉ុប ដោយនៅពីក្រោយតែរុស្ស៊ីប៉ុណ្ណោះ។[១១] ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយរុស្ស៊ីនៅភាគខាងកើតនិងឦសាន្ត បេឡារុសនៅភាគខាងជើង ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រីនៅភាគខាងលិច រូម៉ានី និងម៉ុលដាវីនៅភាគខាងត្បូង[ស ១] និងមានបណ្ដោយឆ្នេរជាប់សមុទ្រអាសូវ និងសមុទ្រខ្មៅ។[ស ២] កៀវគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសអ៊ុយក្រែន។ ភាសាអ៊ុយក្រែនគឺជាភាសាផ្លូវការ និងភាសាជាតិ ខណៈដែលភាសារុស្ស៊ីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ពិសេសនៅផ្នែកខាងកើត និងត្បូងនៃប្រទេស។ ក្នុងអំឡុងមជ្ឈិមសម័យ អ៊ុយក្រែនគឺជាទីកន្លែងនៃការពង្រីកឥទ្ធិពលរបស់ជនជាតិស្លាវដើម ហើយក្រោយមកបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃជនជាតិស្លាវខាងកើតក្រោមមហារដ្ឋរូសកៀវ ដែលបានលេចឡើងនៅសតវត្សទី៩។ មហារដ្ឋនោះបានបន្ដដួលរលំ និងបែងចែកទៅជារដ្ឋអំណាចតូចៗក្នុងតំបន់ ហើយទីបំផុតត្រូវបានវាយឈ្លានពានដោយចក្រភពម៉ុងហ្គោលនៅសតវត្សទី១៣។ ក្រោយបានរំដោះពីឥទ្ធិពលម៉ុងហ្គោល ទឹកដីអ៊ុយក្រែនត្រូវបានបន្ដបែងចែក និងគ្រប់គ្រងដោយមហាអំណាចខាងក្រៅអស់រយៈពេលជាង ៦០០ ឆ្នាំ ដូចជា៖ សហធនរដ្ឋប៉ូឡូញ-លីទុយអានី ចក្រភពអូទ្រីស ចក្រភពអូតូម៉ង់ និងអាណាចក្រត្សាររុស្ស៊ី។ ហេតម៉ាណាកខូសាក់បានលេចរូបរាងឡើងនៅលើទឹកដីភាគកណ្តាលអ៊ុយក្រែនក្នុងសតវត្សទី១៧ ប៉ុន្តែត្រូវបានបែងចែករវាងរុស្ស៊ី និងប៉ូឡូញ ហើយចុងក្រោយត្រូវបានកាន់កាប់ដោយចក្រភពរុស្ស៊ីទាំងស្រុង។ ជាតិនិយមអ៊ុយក្រែនបានចាប់ផ្ដើមវិវត្ដ ហើយនៅក្រោយបដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧ សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនក៏ត្រូវបានបង្កើតឡើង។ ចលនាបុលសេវិកបានបង្រួបបង្រួមអំណាចគ្រប់គ្រងរបស់ខ្លួនលើអតីតចក្រភពរុស្ស៊ី ហើយបានបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនឡើងដែលត្រូវជាសាធារណរដ្ឋធម្មនុញ្ញនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។ នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះហូឡូដូម័រ ដែលជាគ្រោះទុរ្ភិក្សបង្កឡើងដោយមនុស្ស។ នៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយជនស៊ីវិលប្រមាណ ៧ លាននាក់ត្រូវបានសម្លាប់ រួមទាំងជនជាតិជ្វីហ្វអ៊ុយក្រែនមួយភាគធំផងដែរ។ អ៊ុយក្រែនបានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៩១ ក្រោយរំលាយសហភាពសូវៀត ហើយបានប្រកាសខ្លួនជារដ្ឋអព្យាក្រឹត។[១២] រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦។ មហាបាតុកម្មដែលគេស្គាល់ថា អឺរ៉ូម៉ីដាន បាននាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ២០១៤។ រុស្ស៊ីបានកាត់ផ្ដាច់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនដើម្បីបញ្ចូលជាទឹកដីរបស់ខ្លួន ខណៈកុបកម្មគាំទ្ររុស្ស៊ីបាននាំឱ្យកើតសង្រ្គាមនៅតំបន់ដុនបាស រវាងក្រុមផ្តាច់ខ្លួននិយមគាំទ្រដោយរុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រជាជាតិអ៊ុយក្រែន។ ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក អ៊ុយក្រែនបានបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ។[១៣][១៤][១៥] អ៊ុយក្រែនជាឯកត្តរដ្ឋដែលប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ ទោះជាមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍក្ដី ប៉ុន្តែវាមានចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតនៅទ្វីបអឺរ៉ុបដោយគិតតាមផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ[១៦] ចំណែកអំពើពុករលួយនៅតែជាបញ្ហាដ៏សំខាន់។[១៧][១៨] ប្រទេសអ៊ុយក្រែនគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុបជាដើម។ សព្វថ្ងៃ អ៊ុយក្រែនកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចូលជាសមាជិកនៃសហភាពអឺរ៉ុប ហើយថែមទាំងបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូទៀតផង។[១៩] កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia