គុយបា"សាធារណរដ្ឋគុយបា" បញ្ជូនបន្តមកទីនេះ។ ចំពោះសាធារណរដ្ឋដំបូងដែលមានអត្ថិភាពពីឆ្នាំ១៩០២ ដល់ឆ្នាំ១៩០៦ និងពីឆ្នាំ១៩០៩ ដល់ឆ្នាំ១៩៥៩ សូមមើល សាធារណរដ្ឋគុយបា (១៩០២–១៩៥៩)។
អត្ថបទនេះស្ដីអំពី ប្រទេស។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល គុយបា (អសង្ស័យកម្ម)។
ប្រទេសគុយបា (ប្រកប៖ គូ–បា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋគុយបា (ភាសាអេស្ប៉ាញ៖ República de Cuba) គឺជាប្រទេសកោះមួយស្ថិតនៅលើសមុទ្រការ៉ាអ៊ីប ប៉ែកខាងកើតឧបទ្វីបយូកាតាន់ (ប្រទេសម៉ិកស៊ិក) ភាគខាងត្បូងសហរដ្ឋអាមេរិកនិងបាហាម៉ា ភាគខាងលិចកោះហៃទី និងភាគខាងជើងនៃប្រទេសសាម៉ាអ៊ិកនិងកោះកៃម៉ង់។ ទីក្រុងហាវ៉ាណាគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ហើយទីក្រុងធំៗបន្ទាប់មានសានឌីអាកូដេគុយបា និងកាម៉ាគ្វី។ល។ សាធារណរដ្ឋគុយបាមានទំហំផ្ទៃដីសរុប ១១០,៨៦០ គីឡូម៉ែត្រការ៉េ (បើមិនគិតទាំងផ្ទៃទឹកគឺមានចំនួនសរុប ១០៩,៨៨៤ គីឡូម៉ែត្រការ៉េ)។ កោះគុយបាគឺជាកោះធំបំផុតនៅសមុទ្រការ៉ាអ៊ីបដោយមានទំហំ ១០៥,០០៦ គីឡូម៉ែត្រការ៉េ និងជាកោះដែលមានប្រជាជនច្រើនជាងគេទីពីរផងដែរដោយនៅពីក្រោយតែកោះហ៊ីស្ប៉ានីអូឡាប៉ុណ្ណោះដែលមានប្រជាជនជាង ១១ លាននាក់។[១២] ទឹកដីបច្ចុប្បន្ននៃប្រទេសគុយបាគឺជាទឹកដីរបស់ជនជាតិស៊ីបូនី តៃណូ (Ciboney Taíno) តាំងពីសហវត្សទី៤ មុនគ.ស. មកម្លេះ, នៅសតវត្សទី១៥ គុយបាក៏ត្រូវអេស្ប៉ាញដាក់អាណានិគមពីលើ។[១៣] ចាប់ពីសតវត្សទី១៥ មក គុយបាគឺត្រូវស្ថិតនៅក្រោមនឹមអាណានិគមអេស្ប៉ាញរហូតដល់សង្គ្រាមអាមេរិក-អេស្ប៉ាញក្នុងឆ្នាំ១៨៩៨។ ជាលទ្ធផល គុយបាត្រូវបានកាន់កាប់ដោយសហរដ្ឋអាមេរិកហើយអាមេរិកក៏បានក្លាយជាអាណាព្យាបាលថ្មីរបស់គុយបានៅក្នុងឆ្នាំ១៩០២។ ក្នុងនាមជាសាធារណរដ្ឋដ៏ផុយស្រួយមួយ, នៅឆ្នាំ១៩៤០ គុយបាក៏បានព្យាយាមពង្រឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន ប៉ុន្តែដោយសារគំនិតមូលវិវត្តជ្រាតចូលក្នុងនយោបាយនិងជម្លោះក្នុងសង្គមបានបង្កឱ្យមានរដ្ឋប្រហារមួយហើយអំណាចក៏ត្រូវបានធ្លាក់មកក្រោមមេផ្តាច់ការម្នាក់ឈ្មោះហ្វលជេនស៊ីអូ បាទីស្តា។[១៤] កំណើននៃអំពើពុករលួយនិងការគាបសង្កត់បានបង្កឱ្យមានចលនាតស៊ូប្រឆាំងនឹងរបបផ្តាច់ការថ្មីនេះ លោកបាទីស្តាក៏ត្រូវបានទម្លាក់ចេញពីអំណាចនៅខែមករា ឆ្នាំ១៩៥៩ ដោយចលនា ២៦ កក្កដាហើយក្រោយមកចលនានេះក៏បានបង្កើតចេញជារបបកុម្មុយនីស្តនៅគុយបាដោយស្ថិតក្រោមការដឹកនាំរបស់លោកហ្វីដែល កាស្ត្រូ។[១៥][១៦][១៧] ចាប់ពីឆ្នាំ១៩៦៥ មក រដ្ឋនេះត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តគុយបា។ គុយបាគឺជាចំណុចមួយដែលបង្កឱ្យមានជម្លោះរវាងសហរដ្ឋអាមេរិកនឹងសហភាពសូវៀតក្នុងសង្គ្រាមត្រជាក់និងការជិតផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរក្នុងព្រឹត្តិការណ៍វិបត្តិមីស៊ីលគុយបានៃឆ្នាំ១៩៦២។ គុយបាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋម៉ាក្ស-លេនីននិយមទាំងប៉ុន្មានដែលតួនាទីរបស់បក្សកុម្មុយនីស្តត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អ្នកសង្កេតការណ៍មួយចំនួនបានចោទប្រកាន់រដ្ឋាភិបាលគុយបាពីបទរំលោភសិទ្ធិមនុស្សដែលមានដូចជាការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្តជាដើម។ល។[១៨] តាមវប្បធម៌ គុយបាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាមេរិកឡាទីន។[១៩] គុយបាជាប្រទេសជាតិចម្រុះ៖ វប្បធម៌ ជនជាតិ និងទំនៀមទម្លាប់សុទ្ធតែមានប្រភពនិងលក្ខណៈខុសផ្លែកពីគ្នា។ ជនជាតិដែលរស់នៅលើទឹកដីគុយបាដំបូងគឺជនជាតិតៃណូនិងស៊ីបូនី បន្ទាប់មកគឺពួកអាណានិគមអេស្ប៉ាញដោយមានការនាំចូលនូវទាសករមកពីអាហ្រ្វិក ហើយនិងការភ្ជាប់ទំនាក់ទំនងជាមួយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់។ ប្រទេសគុយបាគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ហ្សេ ៧៧ ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការបណ្តុំរដ្ឋអាហ្រ្វិក ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក អាអិលបេអា និងអង្គការរដ្ឋអាមេរិកាំង...។ល។ បច្ចុប្បន្ននេះ គុយបាគឺជាប្រទេសដែលមានគម្រោងសេដ្ឋកិច្ចតែមួយគត់ប៉ុណ្ណោះនៅលើពិភពលោកហើយសេដ្ឋកិច្ចប្រទេសគុយបាភាគច្រើនគឺពឹងផ្អែកលើឧស្សាហកម្មទេសចរណ៍ និងការនាំចេញនូវស្ករ តូបាកូ និងកាហ្វេជាដើម។ យោងទៅតាមលិបិក្រមអភិវឌ្ឍន៍មនុស្ស គុយបាមានការអភិវឌ្ឍន៍មនុស្សខ្ពស់ហើយជាប់ចំណាត់ថ្នាក់ទីប្រាំបីនៅទ្វីបអាមេរិកប៉ុន្តែស្ថិតនៅលំដាប់ទី៧២ នៅលើពិភពលោកក្នុងឆ្នាំ២០១៩។[២០] គុយបាក៏ជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរខាងផ្នែកសុខាភិបាលនិងការអប់រំ។[២១][២២] អំពីឈ្មោះប្រវិត្តវិទូបានជឿថាឈ្មោះគុយបាគឺមានប្រភពមកពីភាសាតៃណូ ក៏ប៉ុន្តែគេមិនបានស្គាល់នូវពាក្យក្លាយរបស់ឈ្មោះនេះទេ។[២៣] អត្ថន័យពិតប្រាកដនៃឈ្មោះប្រទេសនេះគឺគេមិនសូវបានយល់ដឹងច្រើនឡើយ ប៉ុន្តែវាអាចបកប្រែបានថា"កន្លែងដែលដីមានជីជាតិច្រើន" (គូបាវ–Cubao)[២៤] ឬ"ទីកន្លែងដ៏ប្រសើរ" (កូបាណា–Coabana)។[២៥] អ្នកនិពន្ធទ្រឹស្តីជាយដែលជឿថាលោកគ្រីស្តុប កូឡុំជាជនជាតិព័រទុយហ្គាល់បានបញ្ចេញមតិថា គុយបាគឺជាឈ្មោះដាក់ឱ្យដោយលោកកូឡុំផ្ទាល់តាមស្រុកតូចមួយនៅប្រទេសព័រទុយហ្គាល់ដែលមានឈ្មោះថា"គុយបា"ដូចគ្នា។[២៦][២៧] ប្រវត្តិសាស្រ្តសម័យបុរិ (មុន) កូឡុំមុនពេលការមកដល់នៃពួកអេស្ប៉ាញ កុលសម្ព័ន្ធជនជាតិដើមផ្សេងៗគ្នាចំនួនបីបានរស់នៅលើកោះគុយបា។ ជនជាតិទាំងបីនោះរួមមាន៖ ពួកតៃណូ ក្វាណាហាតាបេ និងក្រុមស៊ីបូនី។ បុព្វបុរសរបស់ក្រុមស៊ីបូនីបានធ្វើចំណាកស្រុកមកលើកោះគុយបាពីទ្វីបអាមេរិកខាងត្បូងតាំងពី ៥,០០០ ឆ្នាំ"មុនបច្ចុប្បន្ន" (Before Present (BP)) ឯណោះ។[២៨] ពួកតៃណូវិញគឺមានដើមកំណើតមកពីកោះហ៊ីស្ប៉ានីអូឡា ហើយបានមកបោះទីលំនៅលើកោះគុយបានៅក្នុងអំឡុងសតវត្សទី៣។ នៅពេលពួកអេស្ប៉ាញបានមកដល់ ជនជាតិតៃណូគឺជាជនជាតិដែលមានវប្បធម៌លិចធ្លោជាងគេនៅគុយបា ហើយមានប្រជាជនប្រមាណ ១៥០,០០០ នាក់។[២៨] ជនជាតិតៃណូភាគច្រើនបានប្រកបរបរកសិកម្ម រីឯជនជាតិស៊ីបូនីវិញបានប្រកបទាំងរបរកសិកម្ម នេសាទ និងការដើរប្រមាញ់ជាក្រុម។ អាណានិគមអេស្ប៉ាញ (១៤៩២–១៨៩៨)ក្រោយពីបានចុះចតសំពៅនៅក្បែរកោះក្វាណាហានី (សព្វថ្ងៃជាផ្នែកនៃបាហាម៉ា) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៤៩២[២៩] លោកគ្រីស្តុប កូឡុំក៏បានបន្តដឹកនាំសំពៅចំនួនបីទៅដល់ក្បែរឆ្នេរភាគឧត្តរនៃកោះគុយបានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤២។[៣០] ពេលនោះ លោកកូឡុំបានប្រកាសថាដែនដីដែលបានរកឃើញថ្មីថ្មោងនេះគឺជាទឹកដីថ្មីនៃព្រះរាជាណាចក្រអេស្ប៉ាញ[៣១] ហើយបានដាក់ឈ្មោះឱ្យវាថា Isla Juana (កោះជូអាណា) តាមឈ្មោះរបស់ព្រះអង្គម្ចាស់ជូន (Juan — ប្រកប"ហ័ន")។[៣២] ![]() នៅឆ្នាំ១៥១១ ការតាំងទីលំនៅរបស់ពួកអេស្ប៉ាញដំបូងបានប្រព្រឹត្តិឡើងដោយមានការដឹកនាំពីលោកឌីអេហ្គោ វ៉ាឡាកេស៍ ឌេ គ័រឡា។ មិនយូរប៉ុន្មាន ទីប្រជុំជនតូចៗក៏លេចចេញឡើងដោយមានក្រុងសានគ្រីស្តូបាលដេឡាហាបាណាជារាជធានីនៅឆ្នាំ១៥១៥។ ជនជាតិម្ចាស់ស្រុកកោះគុយបាគឺពួកតៃណូត្រូវបានពួកអេស្ប៉ាញបង្ខំឱ្យធ្វើការពលកម្មធ្ងន់ៗដែលគេច្រើនហៅវាថាប្រព័ន្ធអេកូមានដា (encomienda)[៣៣] ដែលមានលក្ខណៈដូចនឹងប្រព័ន្ធសក្តិភូមិនៅមជ្ឈឹមសម័យដែរ។[៣៤] ត្រឹមតែរយៈពេលមួយសតវត្សប៉ុណ្ណោះ ជនជាតិម្ចាស់ស្រុកស្ទើរទាំងអស់ត្រូវបានបាត់បង់ជីវិតដោយសារតែកត្តាមួយចំនួនមានដូចជា៖ ជនជាតិដើមត្រូវទទួលឆ្លងជំងឺថ្មីៗដែលខ្លួនមិនដែលជួបប្រទះពីមុនមកពីពួកអឺរ៉ុប យ៉ាងណាមួយទៀតគឺពួកគេមានប្រព័ន្ធស៊ាំខ្សោយ កត្តាមួយទៀតគឺដោយសារតែការគាបសង្កត់ឱ្យធ្វើការពលកម្មធ្ងន់ៗពីពួកអាណានិគម។[៣៥] នៅឆ្នាំ១៥២៩ ជំងឺកញ្រ្ជិលដែលរីករាលដាលដល់គុយបាបានសម្លាប់ជនជាតិដើមប្រមាណ ២/៣។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៥៣៩ អ្នកកាន់កាប់កោះគុយបាម្នាក់ឈ្មោះហឺណានដូ ឌេ សូតូ ជាមួយនឹងមនុស្សចំនួន ៦០០ នាក់ទៀតបាននាំគ្នាចាកចេញពីក្រុងហាវ៉ាណារួចធ្វើដំណើរទៅដល់ទឹកដីភាគអាគ្នេយន៍នៃសហរដ្ឋអាមេរិកសព្វថ្ងៃក្នុងបេសកកម្មស្វែងរកមាសនិងកំណប់ដែលមានតម្លៃដើម្បីទទួលនូវកិត្តិនាមនិងអំណាច។[៣៦] នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៥៤៨ លោកបណ្ឌិតឈ្មោះហ្គុនសាឡូ បេរ៉េស ឌេ អង់ហ្គូឡូត្រូវបានតែងតាំងជាអភិបាលនៃកោះគុយបា។ លោកបានធ្វើដំណើរមកដល់ក្រុងសានឌីអាកូនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៥៤៩ ហើយភ្លាមៗនោះក៏បានប្រកាសផ្តល់សេរីភាពមកឱ្យជនជាតិម្ចាស់ស្រុកទាំងអស់ដែលនៅមានវត្តមានលើកោះ។[៣៧] លោកបានក្លាយជាអភិបាលកោះគុយបាអចិន្ត្រៃយ៍ដំបូងបង្អស់ដែលមានទីលំនៅនៅក្រុងហាវ៉ាណាជាជាងនៅក្រុងសានឌីអាកូ ហើយលោកបានកសាងវិហារសាសនាគ្រិស្តដំបូងគេបង្អស់នៅក្រុងហាវ៉ាណាដែលធ្វើអំពីថ្មកំបោរ។[៣៨] ក្រោយពីបារាំងបានដណ្តើមយកក្រុងហាវ៉ាណាបាននៅឆ្នាំ១៥៥៥ កូនប្រុសរបស់លោកអភិបាលឈ្មោះហ្រ្វានស៊ីស្កូ ឌេ អង់ហ្គូឡូក៏បានរត់គេចទៅម៉ិកស៊ិក (ដែលកាលនុះ ម៉ិកស៊ិកត្រូវជាផ្នែកមួយនៃចក្រភពអេស្ប៉ាញ)។[៣៩] ![]() កោះគុយបាបានចាប់អភិវឌ្ឍន៍បន្តិចម្តងៗខាងផ្នែកកសិកម្ម ហើយវាមានដំណាំចម្ការកសិកម្មចម្រុះមិនដូចកោះដទៃៗនៅក្នុងតំបន់ការ៉ាប៊ីននោះទេ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា កោះអាណានិគមមួយនេះបានចាប់អភិវឌ្ឍន៍ខាងសង្គមនគររូបនីយកម្មដែលតែងគាំទ្រចក្រភពអាណានិគមអេស្ប៉ាញជាចម្បង។ នៅពាក់កណ្តាលសតវត្សទី១៨ អាណានិគមកោះគុយបាមានចំនួនទាសករត្រឹមតែ ៥០,០០០ នាក់ប៉ុណ្ណោះ បើប្រៀបទៅនឹងទាសករចំនួន ៦០,០០០ នាក់នៅបាបាដ និង ៣០០,០០០ នាក់នៅវឺជីញ៉ាដែលស្ថិតក្រោមអាណានិគមអង់គ្លេស ឬ ៤៥០,០០០ នាក់នៅហ្សង់-ដំមីគដែលស្ថិតនៅក្រោមអាណានិគមបារាំង។[៤០] ![]() សង្គ្រាមប្រាំពីរឆ្នាំដែលបានផ្ទុះឡើងនៅឆ្នាំ១៧៥៤ នៅលើទ្វីបចំនួនបី ក៏បានរាលដាលមកដល់តំបន់ការ៉ាប៊ីនរបស់អេស្ប៉ាញ។ ក្នុងសង្គ្រាមនេះ អេស្ប៉ាញបានចងសម្ព័ន្ធភាពជាមួយបារាំងដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេស ហើយនៅក្នុងឆ្នាំ១៧៦២ នាវាចម្បាំងអង់គ្លេសចំនួន ៥ គ្រឿងជាមួយនឹងកងទ័ពចំនួន ៥,០០០ នាក់បានចេញដំណើរពីក្រុងផតស៍ម៉ៅថ៍ត្រៀមទៅកាន់កាប់កោះគុយបា។ ពួកអង់គ្លេសបានមកដល់ក្បែរកោះគុយបានៅថ្ងៃទី៦ ខែមិថុនា ហើយក៏ដណ្តើមកាន់កាប់បានក្រុងហាវ៉ាណានៅខែសីហា។[៤១] នៅពេលមនុស្សនៅហាវ៉ាណាបានសូមទទួលចុះចាញ់ ឧត្តមនារីឯកលោកចច ផូខក់និងមេបញ្ជាការកងទ័ពជើងគោកអង់គ្លេសលោកចច ខេបផលបានបោះជំហានចូលក្នុងក្រុងហាវ៉ាណាក្នុងរូបជាអភិបាលថ្មី ហើយបានឡើងកាន់កាប់ភាគខាងលិចកោះគុយបាទាំងមូល។ ពេលកាន់កាប់ហើយ ពួកអង់គ្លេសបានបើកធ្វើពាណិជ្ជកម្មជាមួយនឹងអាណានិគមរបស់ខ្លួននៅអាមេរិកខាងជើងនិងជុំវិញតំបន់ការ៉ាប៊ីនភ្លាម ដែលជាហេតុបណ្តាលឱ្យបរិយាកាសសង្គមនៅគុយបាមានការប្លាស់ប្តូរយ៉ាងខ្លាំង។ ពួកអង់គ្លេសបាននាំចូលនូវស្បៀងអាហារ សត្វសេះ និងផលិតកម្មផ្សេងៗទៀតចូលមកក្រុងហាវ៉ាណា ហើយព្រមទាំងនាំចូលនូវទាសករមកពីអាហ្រ្វិចខាងលិចរាប់ពាន់នាក់បន្ថែមទៀតផងដើម្បីឱ្យមកធ្វើការលើចម្ការអំពៅ។[៤១] ![]() ក្រុងហាវ៉ាណាដែលត្រូវជាទីក្រុងធំបំផុតទីបីនៅអាមេរិកនាពេលនោះ បានជួបនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពហើយចំណងជាមួយនឹងបណ្តារដ្ឋផ្សេងៗទៀតនៅអាមេរិកក៏កាន់តែរឹតតឹងបន្ថែមទៀតដែរ។ ប៉ុន្តែដោយសារតែមានការដាក់សម្ពាធពីឈ្មួញស្ករនៅទីក្រុងឡុងដ៍ ការចរចាជាមួយអេស្ប៉ាញលើទឹកដីអាណានិគមនៅអាមេរិក (រួមទាំងកោះគុយបា) ក៏ត្រូវបានប្រព្រឹត្តិឡើងជាមួយនឹងពួកអង់គ្លេស។ ទីបំផុត អេស្ប៉ាញនិងអង់គ្លេសក៏យល់ព្រមចុះលើសន្ធិសញ្ញាទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមប្រាំពីរឆ្នាំ។ ក្នុងសន្ធិសញ្ញានុះ ចក្រភពអេស្ប៉ាញបានប្រគល់តំបន់ផ្លរីដាទៅឱ្យអង់គ្លេសកាន់កាប់ ចំណែកឯពួកអង់គ្លេសក៏បានប្រគល់កោះគុយបាមកឱ្យអេស្ប៉ាញវិញ។ ពួកបារាំងបានណែនាំអេស្ប៉ាញថា បើហ៊ានតែមិនប្រគល់តំបន់ផ្លរីដាទៅឱ្យអង់គ្លេសទេនុះ អេស្ប៉ាញនឹងអាចបាត់បង់ទឹកដីអាណានិគមម៉ិកស៊ិកនិងអាមេរិកខាងត្បូងទៅអង់គ្លេសបន្ថែមជាមិនខាន។ បដិវត្តន៍ហៃទីគឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យកើតមានកំណើនពាណិជ្ជកម្មរបស់គុយបានៅចុងសតវត្សទី១៨ និងដើមសតវត្សទី១៩។ ហៃទីគឺជាកោះសម្បូរសម្បើមបំផុតនៅក្នុងតំបន់ការ៉ាប៊ីនហើយនៅពេលដែលទាសករនៅលើកោះនេះបាននាំគ្នាធ្វើការបះបោរដោយប្រើអំពើហិង្សា ម្ចាស់ចម្ការនិងដីធ្លីជាច្រើនលើកោះគុយបាបានកើតមានការព្រួយបារម្ភជាខ្លាំងដោយពួកគេខ្លាចថាទាសកររបស់ខ្លួននឹងងើបបះបោរដូចនឹងទាសករនៅលើកោះហៃទីដែរ។ ហេតុដូចនេះ នៅអំឡុងទស្សវត្ត ១៧៩០ គុយបាបានបិតការជួញដូរទាសករដោយនឹងមិនព្រមលក់ទាសកររបស់ខ្លួនទៅឱ្យរដ្ឋប្រទេសខាងក្រៅឡើយ។[៤២] ![]() ទាសករតិចតួចណាស់នៅគុយបាដែលត្រូវរួចខ្លួនពីទាសភាពចំណែកឯការបះបោរក៏នូវតែជាបញ្ហាមួយនៅលើកោះដដែរ។ នៅឆ្នាំ១៨១២ ការបះបោរអាប៉ង់តេបានកើតឡើងប៉ុន្តែវាត្រូវបានបង្ក្រាបទៅវិញដោយរដ្ឋាភិបាល។[៤៣] ក្នុងឆ្នាំ១៨១៧ ប្រជាជនសរុបលើកោះគុយបាគឺមានចំនួនប្រមាណ ៦៣០,៩៨០ នាក់ ដែលក្នុងនោះមាន ២៩១,០២១ នាក់ជាជនជាតិស្បែកស; ១១៥,៦៩១ នាក់ជាជនជាតិចម្រុះ និង ២២៤,២៦៨ នាក់ជាទាសករស្បែកខ្មៅ។[៤៤] នៅអំឡុងទស្សវត្ត ១៨២០ ការបះបោរជាច្រើនបានរីករាលដាលនៅក្នុងចក្រភពអេស្ប៉ាញនៃអាមេរិកឡាទីនហើយជាលទ្ធផល រដ្ឋឯករាជ្យមួយចំនួនបានបង្កើតឡើង។ មានតែកោះគុយបាប៉ុណ្ណោះដែលនៅស្មោះត្រង់ជាមួយអេស្ប៉ាញដោយសារតែសេដ្ឋកិច្ចរបស់កោះនេះកាលនុះគឺពឹងផ្អែកលើចក្រភពអេស្ប៉ាញស្ទើរទាំងស្រុង។ គិតត្រឹមឆ្នាំ១៨៦០ ទាសករគុយបាដែលរួចខ្លួនពីទាសភាពមានចំនួនប្រមាណ ២១៣,១៦៧ នាក់ដែលត្រូវនឹង ៣៩% នៃអ្នកមិនមែនជាជនជាតិស្បែកសសរុបចំនួន ៥៥០,០០០ នាក់។[៤០] ចលនាឯករាជ្យ![]() នៅឆ្នាំ១៨៦៨ មានការបះបោរមួយបានផ្ទុះឡើងដែលដឹកនាំដោយម្ចាស់ចម្ការអំពៅម្នាក់ឈ្មោះកាឡូស ម៉ានូអែល ឌេ កេស្ពេដេស គោលបំណងនៃការបះបោររបស់លោកគឺចង់ឱ្យកោះគុយបាទទួលបាននូវឯករាជ្យពេញលេញពីអេស្ប៉ាញ។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨៦៨ គាត់បានចេញក្រឹត្យលុបបំបាត់ចោលនូវទេសភាពក្នុងរូបរាងជាទ្រឹស្តីប៉ុន្តែនូវបន្តការអនុវត្តវាដដែរ ហើយគាត់បានប្រកាសដោះលែងរាល់ទាសករទាំងឡាយណាដែលចង់ចូលបម្រើក្នុងជួរយោធា (ក្នុងលក្ខខណ្ឌមួយលុះត្រាតែមានការអនុញ្ញាតពីចៅហ្វាយពួកគេសិន)។[៤៥] ការបះបោរឆ្នាំ១៨៦៨ នេះបានប្រែក្លាយជាទៅជាសង្គ្រាមបង្ហូរឈាមមួយដែលគេតែងសម្តៅលើថាសង្គ្រាមដប់ឆ្នាំ។ ក្រុមអ្នកបះបោរមួយចំនួនធំគឺសុទ្ធតែជាអ្នកស្ម័គ្រចិត្តមកពីប្រទេសព័រតូរីកូ សាធារណរដ្ឋដូមីនីកេន ម៉ិកស៊ិក សហរដ្ឋអាមេរិក និងព្រមទាំងពួកសេវិកចិនមួយចំនួនទៀតផង។[៤៦] កងវរសេនាតូចមួយដែលមានជនជាតិចិនចំនួន ៥០០ នាក់បានចូលប្រយុទ្ធក្រោមបញ្ជាការរបស់លោកឧត្តមសេនីយ៍ម៉ាហ្ស៊ីម៉ូ កូមេសនៅក្នុងសមរភូមិឡាសក្វាស៊ីម៉ាសនៅឆ្នាំ១៨៧៤។[៤៧] ដោយហេតុនេះហើយបានជាមានបូជនីយស្ថានមួយនៅក្រុងហាវ៉ាណាសព្វថ្ងៃទុកសម្រាប់រំលឹកពីភាពក្លាហាននិងការពលីជីវិតរបស់ជនជាតិចិនកាត់គុយបាទាំងប៉ុន្មានដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនោះ។[៤៨] ក្រុមបក្សពួកដូមីនីកេនដែលដឹកនាំដោយលោកម៉ាហ្ស៊ីម៉ូ កូមេស ល្វី ម៉ាកាណូ និងម៉ូដេស្តូ ឌីសបានប្រើប្រាស់បទពិសោធន៍របស់ពួកគេដែលបានមកពីសង្គ្រាមស្តារដូមីនីកេន ដើម្បីបង្ហាត់បង្រៀនយុទ្ធសាស្ត្រចម្បាំងដល់កងទាហានគុយបា។ ដោយទទួលជំនួយពីពួកដូមីនីកេន ក្រុមបះបោរគុយបាបានកាត់បណ្តាញខ្សែផ្លូវដែករបស់ពួកអេស្ប៉ាញហើយបានកាន់កាប់តំបន់មួយភាគធំនៃភាគខាងកើតកោះគុយបា។[៤៩] នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៨៧៤ លោកកូមេសជាមួយនិងទ័ពបះបោរប្រមាណ ៥០០ នាក់ទៀតបាននាំគ្នាធ្វើដំណើរទៅទិសខាងលិចហើយជាការគួរឱ្យភ្ញាក់ផ្អាល ពួកគេទាំងនោះបានយកឈ្នះលើទាហានរបស់អេស្ប៉ាញចំនួន ២,០០០ នាក់នៅឯអែលណារ៉ានហូ។ ខាងអេស្ប៉ាញបានបាត់បង់ទ័ពប្រមាណ ១០០ នាក់និងរងរបួសចំនួន ២០០ នាក់ទៀត ចំណែកឯខាងក្រុមបះបោរវិញបានបាត់បង់និងរបួសទ័ពសរុបតែ ១៥០ នាក់ប៉ុណ្ណោះ។[៤៦] ជ័យជម្នះដ៏សំខាន់បំផុតរបស់ក្រុមបះបោរគឺបានមកពីសមរភូមិឡាសក្វាស៊ីម៉ាដែលដឹកនាំដោយលោកឧត្តមសេនីយ៍អានតូនី ម៉ាស៊ីអូនិងលោកកូមេសហើយវាប្រព្រឹត្តិទៅពីថ្ងៃទី១៦–២០ ខែមីនា។ ក្រុមបះបោរគុយបាដែលមានកម្លាំងចំនួន ២,០០០ នាក់សរុបបានចូលប្រយុទ្ធតតាំងជាមួយនឹងកងកម្លាំងអេស្ប៉ាញដែលមានកម្លាំងប្រមាណ ៥,០០០ នាក់បូកថែមទាំងកាំភ្លើងធំចំនួន ៥ គ្រឿងទៀត។ ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃនេះបានធ្វើឱ្យអេស្ប៉ាញបាត់បង់កម្លាំងទ័ពខ្លួនប្រមាណ ១,០៣៧ នាក់ ចំណែកឯក្រុមបះបោរវិញគឺបានបាត់បង់កម្លាំងតែ ១៧៤ នាក់ប៉ុណ្ណោះ។[៤៦] ក្រោយពីទទួលជ័យជម្នះលើអេស្ប៉ាញ បណ្តាប្រទេសជាច្រើននៅអឺរ៉ុបនិងនៅអាមេរិកឡាទីនបានទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់គុយបា លើកលែងតែសហរដ្ឋអាមេរិកមួយទេដែលមិនបានទទួលស្គាល់នោះ។[៥០] នៅឆ្នាំ១៨៧៨ កតិកសញ្ញាសាហ័នបានបញ្ចប់ជម្លោះសង្គ្រាមដប់ឆ្នាំរវាងអេស្ប៉ាញនិងគុយបាហើយក្នុងកតិកសញ្ញានេះ អេស្ប៉ាញបានសន្យាថាកោះគុយបានឹងទទួលបាននូវស្វ័យភាពបន្ថែមជាងមុន។ លទ្ធផលសរុបចុងក្រោយ អេស្ប៉ាញបានបាត់បង់ជីវិតមនុស្សប្រមាណ ២០០,០០០ នាក់ដែលភាគច្រើនស្លាប់ដោយសារជំងឺ ហើយចំណែកខាងពួកក្រុមបះបោរវិញបានបាត់បង់មនុស្សប្រមាណពី ១០០,០០០–១៥០,០០០ នាក់។[៥១] នៅអំឡុងឆ្នាំ១៨៧៩–៨០ អ្នកស្នេហាជាតិគុយបាម្នាក់ឈ្មោះកាឡិចសូ ហ្កាស៊ីអាបានព្យាយាមបញ្ឆេះសង្គ្រាមមួយទៀតដែលគេស្គាល់ថាកូនសង្គ្រាម ប៉ុន្តែពុំបានទទួលការគាំទ្រគ្រប់គ្រាន់ឡើយ។[៥២] ទាសភាពនៅគុយបាត្រូវបានលុបបំបាត់ចោលនៅឆ្នាំ១៨៧៥ ប៉ុន្តែដំណើរនៃការលុបបំបាត់នេះត្រូវអូសបន្លាយបន្តរហូតដល់ឆ្នាំ១៨៨៦។[៥៣][៥៤] លោកចូសេ ម៉ាទីដែលត្រូវនិរទេសក្រៅស្រុកបានទៅបង្កើតគណបក្សនយោបាយមួយឈ្មោះថាគណបក្សបដិវត្តន៍គុយបានៅឯទីក្រុងញូវយ៉កក្នុងឆ្នាំ១៨៩២។ គោលដៅនៃគណបក្សរបស់លោកគឺការដណ្តើមឯករាជ្យពេញលេញឱ្យគុយបា។[៥៥] នៅខែកក្កដា ឆ្នាំ១៨៩៥ លោកម៉ាទីបានធ្វើដំណើរទៅទីក្រុងម៉ុងតេគ្រីស្ទីនិងសានតូដូម៉ីងកូដើម្បីចូលរួមក្នុងចលនាឯករាជ្យរបស់លោកម៉ាហ្ស៊ីម៉ូ កូមេស។[៥៥] លោម៉ាទីបានកត់ត្រាទស្សនៈនយោបាយរបស់គាត់នៅក្នុងសៀវភៅមួយដែលមានចំណងជើងថានិវេទន៍ប័ណ្ណម៉ុងតេគ្រីស្ទី។[៥៦] ការប្រយុទ្ធប្រឆាំងជាមួយនឹងកងកម្លាំងអេស្ប៉ាញនៅគុយបាបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៨៩៥ ចំណែកឯលោកម៉ាទីវិញបានធ្វើដំណើរមកដល់ទឹកដីគុយបានៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៥។[៥៥] លោកបានទទួលអនិច្ចកម្មនៅក្នុងសមរភូមិដូសរីអូស៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩៥។[៥៥] ប្រទេសគុយបាបច្ចុប្បន្នបានចាត់ទុកលោកម៉ាទីជាវីរបុរសជាតិចំពោះការពលីនិងបូជាជីវិតរបស់លោកដើម្បីជាតិគុយបា។[៥៦] ![]() ![]() កងទ័ពអេស្ប៉ាញចំនួន ២០០,០០០ នាក់បានត្រៀមប្រយុទ្ធនឹងកងកម្លាំងឧទ្ទាមគុយបាដែលលើកនេះមានចំនួនតូចជាងច្រើនហើយភាគច្រើនគឺពឹងលើយុទ្ធវិធីទ័ពព្រៃ។ ក្នុងអំឡុងពេលនោះ ពួកអេស្ប៉ាញបានចាប់ផ្តើម"យុទ្ធនាការដាក់សម្ពាធ"។ លោកឧត្តមសេនីយ៍វ៉ាលេរីអាណូ វែលើដែលជាអភិបាលយោធាកោះគុយបាបានចាប់ប្រមូលប្រជាជននៅតាមទីជនបទហើយបានដាក់ពួកគេនៅតាមកន្លែងមួយៗផ្តុំគ្នាដែលគាត់តែងហៅវាថា reconcentrados, អ្នកសង្កេតការណ៍អន្តរជាតិបានសម្តៅលើវាថា"ក្រុងកំពែង"។ វាត្រូវបានចាត់ទុកថាជាគំរូដើមនៃជំរុំឃុំឃាំងនីមួយៗក្នុងសតវត្សទី២០។[៥៧] ប្រជាជនគុយបាប្រមាណពី ២០០,០០០[៥៨] ទៅ ៤០០,០០០ នាក់បានបាត់បង់ជីវិតដោយសារភាពអត់ឃ្លាននិងការឆ្លងជំងឺផ្សេងៗនៅក្នុងជំរុំឃុំឃាំងទាំងអស់នោះ, តួលេខនេះត្រូវប៉ាន់ស្មានដោយកាកបាទក្រហមអន្តរជាតិនិងលោករិតហ្វៀល ប្រកត័រដែលជាសមាជិកព្រឹទ្ធសភាអាមេរិកនិងជាអតីតលេខាធិការនៃសង្គ្រាមនាសម័យនោះ។ ក្រោយបន្តិចមក បាតុកម្មនៅអាមេរិកនិងនៅតំបន់អឺរ៉ុបក៏បានកើតមានឡើងប្រឆាំងនឹងគោលនយោបាយរបស់អេស្ប៉ាញលើកោះគុយបា។[៥៩] នាវាចម្បាំងអាមេរិកមួយគ្រឿងឈ្មោះមេនត្រូវបានបញ្ជូនមកគុយបាដើម្បីការពារផលប្រយោជន៍របស់អាមេរិកនៅកោះនេះ (មានដូចជាពាណិជ្ជកម្មជាដើម) ប៉ុន្តែក្រោយការមកដល់ភ្លាមៗ នាវាមួយនេះក៏បានផ្ទុះនៅកំពង់ផែហាវ៉ាណាហើយបានលិចចូលទៅក្នុងសមុទ្រយ៉ាងលឿនដែលបានសម្លាប់នាវិកប្រមាណ ៣/៤។ បច្ចុប្បន្ន មូលហេតុនិងការទទួលខុសត្រូវចំពោះការលិចនាវាមេននូវតែមិនទាន់ដឹងច្បាស់នៅឡើយទេ។ មតិដ៏ពេញនិយមនៅសហរដ្ឋអាមេរិកដែលជំរុញដោយសារព័ត៌មានសកម្មបានសន្និដ្ឋានថាអេស្ប៉ាញគឺជាអ្នកដែលត្រូវស្តីបន្ទោសហើយអាមេរិកបានបញ្ជាឱ្យមានការឆ្លើយតបភ្លាមៗពីអេស្ប៉ាញ។[៦០] អេស្ប៉ាញនិងសហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមមកលើគ្នានៅចុងខែមេសានៃឆ្នាំ១៨៩៨។ ក្នុងរយៈពេលប៉ុន្មានទស្សវត្តមុនសង្គ្រាមត្រូវផ្ទុះឡើង ប្រធានាធិបតីអាមេរិកចំនួនប្រាំរូបបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទិញកោះគុយបាពីអេស្ប៉ាញប៉ុន្តែត្រូវបានទទួលបរាជ័យទាំងអស់។[៦១][៦២] សមរភូមិសានឌីអាកូឌេគុយបានាថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៨៩៨ គឺជាការប្រយុទ្ធជើងទឹកដ៏ធំបំផុតនៅក្នុងសង្គ្រាមអេស្ប៉ាញ–អាមេរិកហើយជាលទ្ធផលវាបានធ្វើឱ្យនាវាចម្បាំងអេស្ប៉ាញមួយកងត្រូវវិនាស។ ការប្រយុទ្ធតតាំងនៅសានឌីអាកូឌេគុយបាគឺភាគច្រើនកើតឡើងនៅបន្ទាយកាណូសាខណៈពេលដែលការប្រយុទ្ធចម្បាំងគ្នាធំៗរវាងអាមេរិកនិងអេស្ប៉ាញបានកើតឡើងនៅឡាសក្វាស៊ីម៉ាសនៅថ្ងៃទី២៤ ខែមិថុនា និងនៅអែលកានេហើយទួលសានហ័ននៅថ្ងៃទី១ ខែកក្កដា ដែលជាលទ្ធផលអាមេរិកបានឈានចូលកាន់តែជ្រៅចូលទៅក្នុងទឹកដីគុយបា។ អាមេរិកបានបាត់បង់ទ័ពចំនួន ៨១ នាក់និងរបួស ៣៦០ នាក់នៅអែលកានេចំណែកឯអេស្ប៉ាញត្រូវបាត់បង់ទ័ព ៣៨ នាក់ របួសចំនួន ១៣៨ នាក់ និង ១៦០ នាក់ទៀតត្រូវពួកអាមេរិកចាប់បាន។ នៅសានហ័ន អាមេរិកបានបាត់បង់ទ័ពចំនួន ២១៦ នាក់និងរបួស ១,០២៤ នាក់ ចំណែកឯខាងអេស្ប៉ាញវិញបានបាត់បង់ទ័ព ៥៨ នាក់ របួសចំនួន ១៧០ នាក់ និង ៣៩ នាក់ទៀតត្រូវចាប់ខ្លួនដោយអាមេរិក។[៦៣] កងទ័ពអេស្ប៉ាញនៅសានឌីអាកូឌេគុយបាបានការពារបន្ទាយកាណូសាបានយ៉ាងជោគជ័យដែលជាហេតុនាំឱ្យពួកគេមានផ្លូវចូលទៅកាន់កាប់ក្រុងនោះបានវិញ។ ពួកអាមេរិកហើយនិងគុយបាក៏បានចាប់ផ្តើមយុទ្ធនាការដណ្តើមក្រុងនោះមកវិញហើយមិនយូរប៉ុន្មាននៅថ្ងៃទី១៦ ខែកក្កដា ពួកអេស្ប៉ាញក៏សុំទទួលចុះចាញ់បន្ទាប់ពីកងនាវារបស់ខ្លួនត្រូវបានគំទេចដោយអាមេរិក។ អេស្ប៉ាញបានលះបង់ធនធានជាច្រើនដែលខ្លួនមានដើម្បីបន្តការកាន់កាប់របស់ខ្លួនលើកោះគុយបាទោះបីជាត្រូវលះបង់ទឹកដីអាណានិគមផ្សេងៗនៅអាមេរិកឡាទីនក៏ដោយ ប៉ុន្តែជាលទ្ធផលវាត្រូវបានវិនាសសាបសូន្យអស់ហើយសង្គ្រាមរវាងឆ្នាំ១៨៩៥–៩៨[៦៤] បានសម្លាប់មនុស្សរបស់ខ្លួនចំនួន ៦២,០០០ នាក់សរុបថែមទៀត។ សាធារណរដ្ឋ (១៩០២–១៩៥៩)ឆ្នាំដំបូងៗ (១៩០២–១៩២៥)![]() ក្រោយសង្គ្រាមអេស្ប៉ាញ–អាមេរិកបានបញ្ចប់ សន្ធិសញ្ញាទីក្រុងប៉ារីសក៏ត្រូវបានចុះដោយភាគីសង្គ្រាមទាំងពីរដោយក្នុងនោះ អេស្ប៉ាញត្រូវប្រគល់កោះព័រតូរីកូ ហ្វីលីពីន និងក្វាមមកឱ្យសហរដ្ឋអាមេរិកបូករួមទាំងប្រាក់ចំនួន ២០ លានដុល្លារ សម្រាប់សងការខូតខាតនិងសហេតុភាព[៦៥] ចំណែកឯកោះគុយបាវិញត្រូវស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់អាមេរិក។ ប្រទេសគុយបាទទួលឯករាជ្យជាផ្លូវការពីអាមេរិកនៅថ្ងៃ២០ ខែឧសភា ឆ្នាំ១៩០២ ដោយមានឈ្មោះថាសាធារណរដ្ឋគុយបា។[៦៦] នៅក្រោមរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា សហរដ្ឋអាមេរិកគឺនៅតែមានសិទ្ធិចូលធ្វើអន្តរាគមន៍ក្នុងកិច្ចការនយោបាយគុយបានិងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុនិងទំនាក់ទំនងការបរទេស។ ក្រោមការធ្វើវិសោធនកម្មច្បាប់ប្លាត ឆ្នេរក្វានតាណាម៉ូរបស់គុយបាត្រូវបានជួលមកឱ្យសហរដ្ឋអាមេរិកសម្រាប់បង្កើតមូលដ្ឋានទ័ពជើងទឹក។ ក្រោយការបោះឆ្នោតឆ្នាំ១៩០៦ លោកតូម៉ាស អេស្ត្រាដា ប៉ាលម៉ាក៏បានក្លាយជាប្រធានាធិបតីដំបូងរបស់គុយបាប៉ុន្តែមិនយូរប៉ុន្មាន ការបះបោរប្រដាប់អាវុធថ្មីបានកើតឡើងដោយមានការដឹកនាំពីអតីតយុទ្ធជននៃសង្គ្រាមឯករាជ្យហើយលោកតូម៉ាសក៏ត្រូវបង្ខំចុះចេញពីតំណែង។[៦៧] ដោយឃើញបែបនេះ អាមេរិកក៏បានចូលធ្វើអន្តរាគមន៍ដោយបានតែងតាំងលោកឆាល អ៊ែដវើដ ម៉ាហ្គូនជាអភិបាលកោះសម្រាប់រយៈពេលបីឆ្នាំ។ ប្រវត្តិវិទូគុយបាជាច្រើនបានចង្អុលប្រាប់ថាអភិបាលភាពរបស់លោកម៉ាហ្គូនគឺពោរពេញទៅដោយអំពើពុករលួយទាំងនៅក្នុងសង្គមនិងនយោបាយ។[៦៨] នៅឆ្នាំ១៩០៨ រដ្ឋាភិបាលឯករាជ្យក៏បានស្តារឡើងវិញដោយមានលោកចូសេ មីហ្គេល កូមេសជាប្រធានាធិបតី។ នៅឆ្នាំ១៩១២ បក្ស Partido Independiente de Color បានប៉ុនប៉ងបង្កើតរដ្ឋស្បែកខ្មៅមួយនៅខេត្តអូរេអង់តេ[៦៩] ប៉ុន្តែត្រូវបានបង្ក្រាបវិញដោយឧត្តមសេនីយ៍គុយបាម្នាក់ដោយមានការបង្ហូរឈាមខ្លះៗ។ នៅឆ្នាំ១៩២៤ លោកហ្គឺរ៉ាដូ ម៉ាកាដូបានក្លាយជាប្រធានាធិបតី។[៧០] ក្រោមការដឹកនាំរបស់លោក, វិស័យទេសចរណ៍នៅគុយបាត្រូវបានផ្ទុះរីកចម្រើនឡើងដល់កំពូល សណ្ឋាគារនិងភោជនីយដ្ឋានអាមេរិកជាច្រើនបានលេចរូបរាងចេញឡើងដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរណ៍អាមេរិកដែលកំពុងហូរចូល។[៧០] ចំពោះគុណវិបត្តិវិញ ការផ្ទុះឡើងនៃវិស័យទេសចរណ៍នេះបាននាំឱ្យមានកំណើននៃល្បែងស៊ីសងនិងពេស្យាចារនៅគុយបា។[៧០] នៅឆ្នាំ១៩២៨ ការធ្លាក់ចុះទីផ្សារភាគហ៊ុននៅអាមេរិកបានធ្វើឱ្យតម្លៃអំពៅនៅគុយបាធ្លាក់ចុះជាលំដាប់បូករួមទាំងការគាបសង្កត់នៅក្នុងសង្គមនិងមានវិបត្តិនយោបាយទៀតផង។[៧១] បាតុកម្មអហិង្សារបស់សិស្សានុសិស្សដែលគេស្គាល់ថា"អ្នកជំនាន់ឆ្នាំ១៩៣០"បានប្រែក្លាយមកជាបាតុកម្មអនាធិបតេយ្យហើយការស្អប់ខ្ពើមលោកម៉ាកាដូក៏កើតរីករាលដាលនៅពាសពេញផ្ទៃប្រទេស។[៧១] កសិករដំណាំអំពៅបាននាំគ្នាធ្វើការបះបោរទាមទារឱ្យលោកម៉ាកាដូលាលែងពីតំណែង[៧២] ហើយមិនយូរប៉ុន្មានក្រុមកម្លាំងយោធាក៏ចូលរួមបះបោរជាមួយដែលជាហេតុនាំឱ្យលោកម៉ាកាដូត្រូវបង្ខំចិត្តភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅអំឡុងខែសីហា ឆ្នាំ១៩៣៣។ ម៉ាកាដូត្រូវបានជំនួសដោយលោកកាឡូស ម៉ានូអែល ឌេ កេស្ពេដេស អ៊ី កេសាដា។[៧១] បដិវត្តន៍ឆ្នាំ១៩៣៣–៤០នៅខែកញ្ញា ឆ្នាំ១៩៣៣ ការបះបោរមួយបានកើតឡើងដែលដឹកនាំដោយពលបាលម្នាក់ឈ្មោះហ្វលជេនស៊ីអូ បាទីស្តាដើម្បីផ្តួលរលំរដ្ឋាភិបាលលោកកេស្ពេដេស។[៧៣] ក្រោយការផ្តួលរលំរដ្ឋាភិនាលកេស្ពេដេស គណៈកម្មាធិការប្រតិបត្តិដែលមានសមាជិក ៥ នាក់ត្រូវបានជ្រើសរើសតាំងជាមេដឹកនាំនៃរដ្ឋាភិបាលបណ្តោះអាសន្ន។[៧៤] លោករ៉ាមន ក្រាវ សាន ម៉ាទីនត្រូវបានគេតែងតាំងជាប្រធានាធិបតីនៃរដ្ឋាភិបាលបណ្តោះអាសន្ននោះ។[៧៤] ម៉ាទីនបានលាលែងពីតំណែងនៅឆ្នាំ១៩៣៤ ដែលបើកផ្លូវចំហឱ្យបាទីស្តាឡើងក្តោបកាន់អំណាចជាប្រធានាធិបតីអស់រយៈពេល ២៥ ឆ្នាំទៅមុខទៀត។[៧៣] សម័យកាលពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៣៧ គឺជាពេលវេលានៃ"ជម្លោះនយោបាយនិងជម្លោះក្នុងសង្គម។"[៧៥] នៅអំឡុងឆ្នាំ១៩៣៣–៤០ គុយបាត្រូវទទួលរងនូវបញ្ហាជាច្រើនដែលបណ្តាលមកពីរចនាសម្ព័ន្ធនយោបាយដ៏ផុយស្រួយ ជាពិសេសគឺនៅរវាងឆ្នាំ១៩៣៥–១៩៣៦ ដែលប្រទេសគុយបាត្រូវផ្លាស់ប្តូរប្រធានាធិបតីចំនួនបីក្នុងរយៈពេលតែមួយឆ្នាំ។ លើសពីនេះទៅទៀត ប្រទេសគុយបាត្រូវស្ថិតនៅក្រោមគោលនយោបាយយោធានិងគាបសង្កត់ពីលោកបាទីស្តា។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤០រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅឆ្នាំ១៩៤០ ហើយវាបានបង្កើតចេញនូវគំនិតមូលវិវដ្តវឌ្ឍនភាពជាច្រើនមានដូចជា សិទ្ធិទទួលការធ្វើពលកម្មនិងការថែទាំសុខភាពជាដើម។[៧៦] បាទីស្តាត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅឆ្នាំដដែលនោះហើយបានកាន់កាប់អំណាចរហូតដល់ឆ្នាំ១៩៤៤។[៧៧] គាត់គឺជាជនជាតិមិនមែនស្បែកសរបស់គុយបាដំបូងបង្អស់ដែលបានកាន់កាប់តំណែងខ្ពស់បំផុតក្នុងប្រទេស។[៧៨][៧៩][៨០] រដ្ឋាភិបាលរបស់លោកបានធ្វើកំណែទម្រង់សង្គមសំខាន់ៗជាច្រើន។ សមាជិកខ្លះនៃបក្សកុម្មុយនិស្តបានចូលកាន់តំណែងក្នុងរដ្ឋាភិបាលរបស់លោកថែមទៀតផង។[៨១] សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធគុយបានៅក្នុងសង្គ្រាមលោកលើកទី២ គឺមានតិចតួចណាស់—តែលោកប្រធានាធិបតីបាទីស្តាបានស្នើឱ្យសហរដ្ឋអាមេរិកនិងបណ្តាប្រជាជាតិអាមេរិកឡាទីនដទៃទៀតរួមគ្នាចូលឈ្លានពានរដ្ឋអេស្ប៉ាញដើម្បីផ្តួលរលំរបបផ្តាច់ការនៅក្នុងប្រទេសនោះក៏ប៉ុន្តែសំណើរបស់គុយបាគឺមិនត្រូវបានទទួលស្របនោះឡើយ។[៨២] ក្នុងសង្គ្រាមលោកលើកទី២ គុយបាបានបាត់បង់នាវាពាណិជ្ជកម្មចំនួន ៦ សរុបហើយនាវាចម្បាំងគុយបាមួយបានបាញ់ពន្លិចដោយនាវាមុជទឹកអាល្លឺម៉ង់មួយគ្រឿង។[៨៣] ដោយសារតែការគោរពលើរដ្ឋធម្មនុញ្ញនៃឆ្នាំ១៩៤០ បាទីស្តាគឺមិនអាចឈរឈ្មោះបន្តនៅការបោះឆ្នោតបន្ទាប់បានឡើយ។[៨៤] ការបោះឆ្នោតឆ្នាំ១៩៤៤ ក៏បានមកដល់ហើយលោករ៉ាមន ក្រាវ សាន ម៉ាទីនបានជាប់ឆ្នោតក្លាយជាប្រធានាធិបតី។[៧៧] ក្នុងឆ្នាំ១៩៤៨ លោកកាឡូស ព្រីអូ សូការ៉ាសក៏បានក្លាយជាប្រធានាធិបតីបន្ត។[៧៧] ការដឹកនាំក្នុងរយៈពេល ២ អាណត្តិរបស់បក្សអូតិនទីកូបាននាំចូលបន្ថែមនូវការវិនិយោគពីបរទេសដែលបានជំរុញឱ្យសេដ្ឋកិច្ចគុយបាបន្តកើនឡើង បង្កើនកម្រិតជីវភាពនៅគ្រប់ផ្នែកនៃសង្គម និងនៅតាមទីក្រុងវិញ អ្នកវណ្ណៈកណ្តាលបានកើនកាន់តែច្រើនឡើងៗ។[៨៥] ![]() ក្រោយចប់អាណត្តិ លោកបាទីស្តាបានទៅរស់នៅក្នុងរដ្ឋផ្លរីដា, សហរដ្ឋអាមេរិកហើយបានត្រឡប់មកគុយបាវិញនៅឆ្នាំ១៩៥២ ដើម្បីឈរឈ្មោះជាប្រធានាធិបតី។ ដោយប្រឈមនឹងការបរាជ័យក្នុងការបោះឆ្នោត លោកក៏បានដឹកនាំរដ្ឋប្រហារយោធាមួយចូលបញ្ឈប់ការបោះឆ្នោតនោះ។[៨៦] ដោយបានឡើងកាន់កាប់អំណាចវិញ និងព្រមទាំងទទួលបានការគាំទ្រទាំងខាងហិរញ្ញវត្ថុនិងយោធាពីរដ្ឋាភិបាលសហរដ្ឋអាមេរិកផង[៨៧] លោកបាទីស្តាបានព្យួររដ្ឋធម្មនុញ្ញនៃឆ្នាំ១៩៤០ និងដកហូតសេរីភាពនយោបាយនិងថែមទាំងសិទ្ធិធ្វើកូដកម្មទៀតផង។ បន្ទាប់មក គាត់បានចូលបង្កើតទំនាក់ទំនងជាមួយម្ចាស់ចម្ការអំពៅណាដែលមានទ្រព្យស្តុកស្តម្ភច្រើនបំផុតហើយគ្រប់គ្រងលើសេដ្ឋកិច្ចប្រទេសទាំងមូលដែលកាលនុះកំពុងនៅជាប់គាំង សកម្មភាពទាំងនេះបានពង្រីកចន្លោះរវាងអ្នកមាននិងអ្នកក្រឱ្យកាន់តែឆ្ងាយជាងមុន ពោលគឺអ្នកមានកាន់តែមានចំណែកអ្នកក្រគឺកាន់តែក្រ។[៨៨] នៅឆ្នាំ១៩៥២ នេះដដែរ បាទីស្តាបានប្រកាសថាបក្សកុម្មុយនិស្តគុយបាគឺជាគណបក្សខុសច្បាប់។[៨៩] ក្រោយរដ្ឋប្រហារ គុយបាមានអត្រាទទួលទាននិងការប្រើប្រាស់សាច់ បន្លែ គ្រាប់ធញ្ញជាតិ រថយន្ត ទូរស័ព្ទ និងវិទ្យុខ្ពស់បំផុតនៅអាមេរិកឡាទីនទោះបីជាប្រជាជនប្រហែលមួយភាគបីត្រូវបានគេចាត់ទុកថាមានភាពក្រីក្រនិងមិនសូវទទួលបានការទទួលទាននិងការប្រើប្រាស់ដូចខាងលើនេះក៏ដោយ។[៩០] នៅឆ្នាំ១៩៥៨ គុយបាគឺជាប្រទេសដ៏ជឿនលឿនមួយបើយោងតាមស្តង់ដាអាមេរិកឡាទីននិងក្នុងករណីខ្លះគឺតាមស្តង់ដាពិភពលោកក៏មាន។[៩១] ចំពោះគុណវិបត្តិ គុយបាបានទទួលរងនូវផលប៉ះពាល់ដោយអភ័យឯកសិទ្ធនៃសហជីពធ្ងន់ជាងគេនៅអាមេរិកឡាទីនក្នុងនោះរួមមានការហាមឃាត់លើវិស្ថាបនកម្មនិងយន្តកម្ម។[៩២] នៅរវាងឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៨ គុយបាបានពង្រីកនិយតកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងដែលជាហេតុបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។[៧៨][៩៣] និកម្មភាពបានក្លាយជាបញ្ហាដ៏ធំមួយដោយនិស្សិតដែលបញ្ចប់ការសិក្សារួចមិនអាចរកការងារធ្វើបាន។[៧៨] អ្នកវណ្ណៈកណ្តាលបានកើតមានការមិនពេញចិត្តកាន់តែខ្លាំងឡើងៗជាមួយនឹងនិកម្មភាពនិងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។[៧៨][៧៩] បាទីស្តាបានក្តោបអំណាចរហូតទាន់តែលោកត្រូវគេបង្ខំឱ្យភៀសខ្លួនទៅក្រៅស្រុកនៅខែធ្នូ ឆ្នាំ១៩៥៨។[៩៤] បដិវត្តន៍និងការឡើងកាន់កាប់អំណាចរបស់បក្សកុម្មុយនិស្ត (១៩៥៩–បច្ចុប្បន្ន)![]() នៅអំឡុងទស្សវត្ត ១៩៥០ អង្គការផ្សេងៗរួមទាំងចលនាតស៊ូបះបោរប្រដាប់អាវុធមួយចំនួនបានប្រជែងគ្នា ស្វែងរកការគាំទ្រជាសាធារណៈដើម្បីនាំមកនូវការផ្លាស់ប្តូររបបនយោបាយ។[៩៥] នៅឆ្នាំ១៩៥៦ លោកហ្វីដែល កាស្ត្រូជាមួយនឹងអ្នកគ្រាំទ្រចំនួន ៨០ នាក់ទៀតបានធ្វើដំណើរមកដល់គុយបាដោយនាវាក្នុងគោលបំណងចង់ចាប់ផ្តើមការបះបោរផ្តួររលំរបបផ្តាច់ការរបស់បាទីស្តា។[៩៥] ត្រឹមរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះគឺនៅឆ្នាំ១៩៥៨ ចលនា ២៦ កក្កដារបស់ហ្វីដែល កាស្ត្រូបានលេចឡើងក្លាយជាចលនាបដិវត្តន៍នាំមុខគេនៅគុយបា។[៩៥] នៅឆ្នាំ១៩៥៨ ចលនារបស់កាស្ត្រូបានបែកចេញពីស៊ីអេរ៉ាម៉ៃស្ត្រាហើយបានផ្តើមកុបកម្មដ៏ធំមួយ។ បន្ទាប់ពីយុទ្ធជនរបស់កាស្ត្រូបានចូលកាន់កាប់ក្រុងសានតាក្លារ៉ាបានសម្រេច បាទីស្តានិងគ្រួសាររបស់គាត់ក៏នាំគ្នារត់ចេញទៅសាធារណរដ្ឋដូមីនីកេននៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៩។ ក្រោយមកទៀត គាត់បាននិរទេសខ្លួនទៅលើកោះម៉ាដេរ៉ារបស់ព័រទុយកាល់ហើយទីបំផុតគាត់ក៏បានទៅរស់នៅឯអ៊ីស្ត្រូរៀរក្បែរក្រុងលីស្បោន (រដ្ឋធានីព័រទុយកាល់)។ កងកម្លាំងរបស់កាស្ត្រូបានចូលក្នុងរដ្ឋធានីហាវ៉ាណានៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥៩។ អ្នកសេរីនិយមម្នាក់គឺលោកម៉ានូអែល អ៊ូរូយ្យា លេអូក៏បានក្លាយជាប្រធានាធិបតីនៃរដ្ឋាភិបាលបណ្តោះអាសន្នថ្មី។[៩៦] មេដឹកនាំផ្តាច់ការម្នាក់របស់សាធារណរដ្ឋដូមីនីកេនឈ្មោះរ៉ាហ្វែល ទ្រូជីឡូនិងទាំងពីរនាក់លោកកាស្ត្រូគឺតែងតែមានគំនិតផ្តួចផ្តើមចង់ផ្តួលរដ្ឋាភិបាលគ្នាទៅវិញទៅមក។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៥៩ កងកម្លាំងប្រដាប់អាវុធរបស់កាស្ត្រូមួយក្រុម[៩៧] បានមកចុះចតនៅក្រុងកុងស្តិនសាប៉ុន្តែត្រូវបានកម្ចាត់ទាន់ដោយរដ្ឋាភិបាលដូមីនីកេន។[៩៨] មួយសប្តាហ៍ក្រោយមក នាវាចំនួនពីរបានបញ្ចុះទាហានកាស្ត្រូចំនួន ១៨៦ នាក់នៅឆ្នេរខាងជើងនៃប្រទេសដូមីនីកេន។ កងកម្លាំងជើងអាកាសដូមីនីកេនក៏បានចុះមកធ្វើសកម្មភាពនៅឆ្នេរនោះភ្លាមៗហើយបានសម្លាប់ទាហានកាស្ត្រូស្ទើរទាំងអស់លើកលែងតែ ៣០ នាក់ដែលបានរត់គេចខ្លួនទៅឆ្នេរនៅម៉ៃមននិងនៅអេស្តូរ៉ូហុងដូ។ ទ្រូជីឡូបានបញ្ជាឱ្យកូនប្រុសរបស់លោកឈ្មោះរ៉ាមហ្វីសឱ្យដឹកនាំក្រុមទាហានមួយចេញទៅតាមប្រមាញអ្នកដែលរត់រួចទាំងនោះហើយមិនយូរប៉ុន្មានពួកទាហានកាស្រ្តូដែលនៅសល់ទាំង ៣០ នាក់ក៏ត្រូវបានចាប់ខ្លួន។ មេក្រុមទាហានកាស្ត្រូនោះត្រូវបានចាប់ឡើងលើយន្តហោះចម្បាំងដូមីនីកេនហើយក៏ត្រូវបានកងទ័ពជើងអាកាសដូមីនីកេនរុញច្រានធ្លាក់ពីលើយន្តហោះនោះដល់ដីស្លាប់។[៩៩] ក្រុមសកម្មប្រយុទ្ធប្រឆាំងកាស្ត្រូដែលត្រូវបានគាំទ្រដោយទីភ្នាក់ងារស៊ើបការណ៍កណ្តាល (សេអ៊ីអា) និងដោយរដ្ឋាភិបាលដូមីនីកេនរបស់លោកទ្រូជីឡូបានធ្វើការវាយប្រហារបែបប្រដាប់អាវុធនិងបង្កើតមូលដ្ឋានទ័ពព្រៃជាច្រើននៅតាមតំបន់ព្រៃភ្នំនៃប្រទេសគុយបា។ នេះបាននាំឱ្យកើតមានព្រឹត្តិការណ៍បះបោរមួយដែលគេស្គាល់ថាការបះបោរអេសកាំប្រេ (១៩៥៩–៦៥) ដែលមានរយៈពេលយូរនិងចំណាយចំនួនទាហានច្រើនជាងបដិវត្តន៍គុយបាទៅទៀត។[១០០][១០១] ក្រសួងការបរទេសនៃសហរដ្ឋអាមេរិកបានប៉ាន់ស្មានថាមានមនុស្សចំនួន ៣,២០០ នាក់ត្រូវបានប្រហារជីវិតនៅប្រទេសគុយបាពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២។[១០២] យោងទៅតាមអង្គការត្រាប្រណីអន្តរជាតិ បុគ្គលដែលត្រូវកាត់ទោសប្រហារជីវិតនៅគុយបារវាងឆ្នាំ១៩៥៩–៨៧ មានចំនួនប្រមាណ ២៣៦ នាក់ហើយនៅក្នុងនោះមានតែ ២១ នាក់ប៉ុណ្ណោះដែលត្រូវបានប្រហារជីវិត។[១០៣] ប្រភពខ្លះវិញបានអះអាងថាចំនួនអ្នកដែលត្រូវប្រហារជីវិត (នយោបាយ) នៅគុយបាសរុបមានចាប់ពី ៤,០០០ ទៅ ៣០,០០០ នាក់។[១០៤][១០៥][១០៦][១០៧] ករណីអ្នកដែលត្រូវប្រហារជីវិតភាគច្រើនគឺកើតឡើងក្រោយបដិវត្តន៍ឆ្នាំ១៩៥៩ ដែលនៅក្នុងនោះមាន អ្នកនយោបាយ ប៉ូលីស និងអ្នកផ្តល់ព័ត៌មាននៃរបបបាទីស្តា ហើយពួកគេត្រូវបានរដ្ឋាភិបាលគុយបាចោទប្រកាន់ពីបទឧក្រិដ្ឋកម្មមានដូចជាការធ្វើទារុណកម្មនិងឃាតកម្មជាដើម។ ទោសប្រហារជីវិតអ្នកទាំងនោះត្រូវបានប្រជាជនគុយបាជាច្រើនពេញចិត្តនិងគាំទ្រ។[១០៨] ![]() ដំបូងឡើយ សហរដ្ឋអាមេរិកបានគាំទ្រក្រុមបដិវត្តន៍នៅប្រទេសគុយបាដោយមើលឃើញថាវាគឺជាជំហានដំបូងក្នុងការនាំចូលលទ្ធិប្រជាធិបតេយ្យចូលអាមេរិកឡាទីន។[១១០] តែមិនយូរប៉ុន្មាន មិត្តភាពរវាងសហរដ្ឋអាមេរិកនិងក្រុមបដិវត្តន៍កាស្ត្រូក៏ធ្លាក់ចុះយ៉ាងយ៉ាប់យ៉ឺនបន្ទាប់ពីកាស្ត្រូបានប្រកាសដំណើរការនៃបក្សកុម្មុយនិស្តតាមច្បាប់វិញនិងរួមទាំងចាប់ប្រហារជីវិតអ្នកភ្នាក់ងារនៃរបបបាទីស្តារាប់រយនាក់ (ឧទាហរណ៍៖ ប៉ូលីស ទាហាន...)។[១១០] ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏បានធ្លាក់ចុះបន្ថែមបន្ទាប់ពីរដ្ឋាភិបាលគុយបាបានប្រកាសអនុវត្តច្បាប់កំណែទម្រង់កសិកម្មថ្មីដែលបានធ្វើឱ្យម្ចាស់ដីធ្លីជាច្រើន (ក្នុងនោះក៏មានជនជាតិអាមេរិកាំងផងដែរ) បាត់បង់ដីចម្ការរាប់ពាន់ហិកតារបស់ពួកគេ។[១១០][១១១] ជាការឆ្លើយតបទៅវិញ នៅរវាងឆ្នាំ១៩៦០ និងឆ្នាំ១៩៦៤ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមកលើគុយបាដោយបានហាមឃាត់ការធ្វើពាណិជ្ជកម្មរវាងប្រទេសខ្លួននិងគុយបា។[១១២] នៅខែកុម្ភៈ ឆ្នាំ១៩៦០ កាស្ត្រូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពសូវៀត។[១១០] នៅខែមិនា ឆ្នាំ១៩៦០ ប្រធានាធិបតីអាមេរិកលោកអែសិនហូវ័របានយល់ព្រមអនុញ្ញាតឱ្យសេអ៊ីអាបង្វឹកនិងផ្តល់គ្រឿងអាវុធឱ្យក្រុមជនភៀសខ្លួនគុយបាមួយក្នុងគោលបំណងបញ្ជូនទៅផ្តួលរលំរបបកាស្ត្រូ។[១១៣] ប្រតិបត្តិការឈ្លានពានមួយ (ដែលគេស្គាល់ជាទូទៅថាការឈ្លានពានឈូងសមុទ្រជ្រូក) ត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៦១ ក៏ប៉ុន្តែត្រូវបរាជ័យ។[១១១] នៅខែមករា ឆ្នាំ១៩៦២ គុយបាត្រូវបានដេញចេញពីអង្គការរដ្ឋអាមេរិក (អ.រ.អ) ហើយនៅឆ្នាំដដែរនោះ អ.រ អ បានចាត់ដាក់ទណ្ឌកម្មប្រឆាំងនឹងគុយបាដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិកដែរ។[១១៤] វិបត្តិមីស៊ីលគុយបា (តុលា ១៩៦២) បានស្ទើរតែធ្វើឱ្យផ្ទុះឡើងនូវសង្គ្រាមលោកលើកទី៣ ទៅហើយ។ នៅឆ្នាំ១៩៦៣ គុយបាបានកំពុងតែឈានមុខឆ្ពោះទៅរកប្រព័ន្ធកុម្មុយនិស្តដែលយកគំរូតាមសហភាពសូវៀត។[១១៥] ![]() នៅឆ្នាំ១៩៦៣ គុយបាបានបញ្ជូនកងទ័ពខ្លួនចំនួន ៦៨៦ នាក់ជាមួយនឹងរថក្រោះ ២២ គ្រឿង ហើយនិងគ្រឿងសព្វាវុធផ្សេងៗទៀតទៅគាំទ្រប្រទេសអាល់ហ្សេរីប្រឆាំងនឹងប្រទេសម៉ារ៉ុកនៅក្នុងសង្គ្រាមដីខ្សាច់។[១១៦] នៅឆ្នាំ១៩៦៤ គុយបាបានរៀបចំកិច្ចប្រជុំមួយជាមួយនឹងអ្នកកុម្មុយនិស្តអាមេរិកឡាទីនផ្សេងទៀតនៅក្រុងហាវ៉ាណាក្នុងគោលបំណងបញ្ឆេះសង្គ្រាមស៊ីវិលនៅដូមីនីកេនដែលបានបង្ខំឱ្យក្រុមយោធាអាមេរិកចូលធ្វើអន្តរាគមន៍។[១១៧] ឈី ហ្គីវ៉ារ៉ាបានចូលរួមធ្វើសកម្មភាពនៅក្នុងសង្គ្រាមទ័ពព្រៃនៅប្រទេសកុងគោហើយនៅឆ្នាំ១៩៦៧ លោកត្រូវបានគេធ្វើឃាតនៅបូលីវីខណៈពេលដែលកំពុងរៀបចំធ្វើបដិវត្តន៍ក្នុងប្រទេសនោះ។[១១៧] នៅអំឡុងទស្សវត្ត ១៩៧០ កាស្ត្រូបានបញ្ជូនកងទ័ពខ្លួនរាប់ពាន់រាប់រយនាក់ទៅគាំទ្រចលនាតស៊ូផ្សេងៗនៅទ្វីបអាហ្រ្វិក។ នៅក្នុងនោះ គុយបាបានចូលគាំទ្រ ច.ប.រ.អ នៅប្រទេសអង់កូឡា និងចលនារបស់លោកមេងជីស្ទូ ហាឡេ ម៉ារាមនៅប្រទេសអេត្យូពី។[១១៨] នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ កងទ័ពគុយបាចំនួន ៦៥,០០០ នាក់និងរថក្រោះចំនួន ៤០០ គ្រឿងបានចូលមកក្នុងប្រទេសអង់កូឡា។[១១៩] ដោយសារតែមានវត្តមានទ័ពគុយបាដ៏ច្រើននៅអង់កូឡានិងមូសំប៊ិក និងដើម្បីធានាថាសន្តិសុខជាតិខ្លួនមានសុវត្ថិភាព ប្រទេសអាហ្រ្វិកខាងត្បូងក៏ចាប់ផ្តើមបង្កើតគ្រាប់នុយក្លេអ៊ែរផ្ទាល់ខ្លួន។[១២០] នៅឆ្នាំ១៩៧៦ និងនៅឆ្នាំ១៩៨៨ ទាហានគុយបាបានទទួលជ័យជម្នះក្នុងការកម្ចាត់ទាហានស្បែកសអាហ្រ្វិកខាងត្បូងចេញពីអង់កូឡា។[១២១] គេបានធ្វើការប៉ាន់ស្មានថាទាហានគុយនាប្រមាណ ៥,០០០ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមស៊ីវិលមួយនេះ។[១២២] នៅខែមីនា ឆ្នាំ១៩៧៨ គុយបាបានបញ្ជូនទ័ពចំនួន ១២,០០០ នាក់ទៅប្រទេសអេត្យូពីដោយមានជំនួយខ្លះពីកងវរសេនាតូចសូវៀតដើម្បីជួយកម្ចាត់ទាហានឈ្លានពានរបស់សូម៉ាលី (សូមមើលសង្គ្រាមអូកាដិន)។ ទ័ពរុស្ស៊ីនិងគុយបាបានវាយទ័ពសត្រូវចូលទៅក្នុងដែនដីប្រទេសសូម៉ាលីវិញដោយជោគជ័យ។[១២៣] វត្តមានរបស់ជនស្បែកខ្មៅនិងចម្រុះនៅក្នុងជួរកងទ័ពគុយបា (៤០–៥០% ក្នុងប្រទេសអង់កូឡា)[១២៤] បានជួយឱ្យកាស្ត្រូបង្កើតចេញនូវយុទ្ធនាការប្រឆាំងនឹងការរើសអើងពូជសាសន៍និងការស្អប់ខ្ពើមជនបរទេស។ ទោះបីជាកោះគុយបាមានទំហំតូចនិងចម្ងាយឆ្ងាយពីបស្ចឹមបូព៌ាមែនក៏ប៉ុន្តែគុយបានូវតែរកមធ្យោបាយចូលទៅធ្វើសកម្មភាពយោធានៅក្នុងតំបន់នោះ។ នៅឆ្នាំ១៩៧២ បេសកម្មយោធាគុយបាដ៏ធំមួយដែលក្នុងនោះរួមមានទាហានរថក្រោះ ជើងអាកាស និងកាំភ្លើងធំត្រូវបានបញ្ជូនទៅរដ្ឋយេមែនខាងត្បូង។ សង្គ្រាមនោះត្រូវបានគេស្គាល់ជាទូទៅថាសង្គ្រាមយមគីពួរ។[១២៥] ប្រភពនៅអ៊ីស្រាអែលបានរាយការណ៍ថាវត្តមាននៃកងពលតូចរថក្រោះគុយបានិងរួមទាំងកងពលតូចថ្មើរជើងពីរក្រុមទៀតគឺមាននៅលើកំពូលហ្កូឡាន។[១២៦] ជាលទ្ធផល ទ័ពអ៊ីស្រាអែលបានយកឈ្នះលើកងកម្លាំងរថក្រោះគុយបា–ស៊ីរីនៅជួរប្រយុទ្ធមុខហ្គូឡានដោយនៅក្នុងនោះគុយបាបានបាត់បង់ទាហានចំនួន ១៨០ នាក់និងរបួស ២៥០ នាក់។[១២៧] ការរស់នៅក្នុងទស្សវត្ត ១៩៧០ នៅគុយបាគឺមានលក្ខណៈ"សាមញ្ញបំផុត"ហើយភាពទោមនស្សគឺជារឿងធម្មតានៅក្នុងសង្គម។[១២៨] សូម្បីតែលោកកាស្រ្តូក៏បានទទួលស្គាល់ផងដែរក្នុងសុន្ទរកថាមួយនៃឆ្នាំ១៩៧០ ថាគោលនយោបាយសេដ្ឋកិច្ចរបស់លោកគឺត្រូវទទួលបរាជ័យទាំងស្រុង។[១២៨] នៅឆ្នាំ១៩៧៦ អ.រ.អ បានដកទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងគុយបាចេញបន្ទាប់ពីមានការយល់ស្របពីសមាជិកប្រទេសចំនួន ១៦ ទៀតដែលនៅក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរប៉ុន្តែទណ្ឌកម្មជាតិរបស់សហរដ្ឋអាមេរិកលើគុយបាគឺនូវតែបន្តដដែរ។[១១៤] នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានជំទាស់យ៉ាងខ្លាំងលើវត្តមាននៃកងទ័ពសូវៀតនៅលើកោះគុយបា។[១១៧] កងកម្លាំងអាមេរិកបានចូលឈ្លានពានកោះក្រឺណាដានៅឆ្នាំ១៩៨៣ និងបានកម្ចាត់ទ័ពគុយបាចេញពីកោះនោះអស់។[១១៧] នៅរវាងឆ្នាំ១៩៨៩–៩១ គុយបាបានដកទ័ពខ្លួនជាបណ្តើរៗចេញពីប្រទេសអង់កូឡា។ កងទ័ពសូវៀតខ្លះបានចាប់ផ្តើមដកថយចេញពីកោះគុយបានៅអំឡុងខែកញ្ញា ឆ្នាំ១៩៩១[១១៧] ហើយការគ្រប់គ្រងរបស់កាស្រ្តូនៅគុយបាបានទទួលការសង្កេតមើលយ៉ាងច្រើនពីសំណាក់អន្តរជាតិបន្ទាប់ពីសហភាពសូវៀតត្រូវបានដួលរលំនៅខែធ្នូ ឆ្នាំ១៩៩១ (អំឡុងពេលនេះប្រជាជនគុយបាជាទូទៅច្រើនសម្តៅលើវាថាសម័យពិសេស)។ ប្រទេសនេះបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការដកប្រាក់ឧបត្ថម្ភធនរបស់សូវៀតដែលមានតម្លៃចាប់ពីបួនទៅប្រាំមួយពាន់លានដុល្លារអាមេរិករៀងរាល់ឆ្នាំដែលជាហេតុបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនគុយបា ដូចជា កង្វះស្បៀងអាហារនិងប្រេងឥន្ធនៈជាដើម។[១២៩][១៣០] រដ្ឋាភិបាលគុយបាបានបដិសេដមិនទទួលយកការបរិច្ចាគស្បៀងអាហារ ថ្មាំសង្កូវ និងលុយប្រាក់កាកពីសហរដ្ឋអាមេរិកឡើយរហូតទាន់តែដល់ឆ្នាំ១៩៩៣។[១២៩] នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៤ សន្តិសុខរដ្ឋគុយបាបានបំបែកបាតុកម្មដ៏ធំមួយនៅក្រុងហាវ៉ាណា។[១៣១]
ចាប់តាំងពីពេលនោះមក គុយបាបានរកឃើញដៃគូជំនួយគាំទ្រថ្មីគឺសាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះទៅទៀត ហ៊ូគោ ឆាវែសដែលជាអតីតប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា និងអតីតប្រធានាធិបតីបូលីវីលោកអេវ៉ូ ម៉ូរ៉ាលេសបានចងសម្ព័ន្ធភាពជាមួយគុយបាហើយប្រទេសទាំងពីរបានក្លាយជាអ្នកនាំចេញនូវប្រេងនិងឧស្ម័នដ៏ធំមួយនៅលើពិភពលោក។ នៅឆ្នាំ២០០៣ រដ្ឋាភិបាលគុយបាបានចាប់ខ្លួនសកម្មជនស៊ីវិលមួយចំនួនហើយបានដាក់ពួកគេក្នុងពន្ធនាគារ, គេសម្តៅលើរយៈពេលនេះថា"និទាឃរដូវខ្មៅ"។[១៣២][១៣៣] នៅខែកុម្ភៈ ឆ្នាំ២០០៨ ហ្វីដែល កាស្ត្រូបានប្រកាសលាឈប់ពីតំណែងជាប្រធានាធិបតីគុយបាបន្ទាប់ពីមានការរាយការណ៍មួយនៅខែកក្កដា ឆ្នាំ២០០៦ ថាលោកកាស្ត្រូចាប់ផ្តើមកើតជំងឺក្រពះពោះវៀនដ៏ធ្ងន់ធ្ងរម៉្យាង។[១៣៤] នៅថ្ងៃទី២៤ ខែកុម្ភៈ ប្អូនប្រុសរបស់លោកឈ្មោះរ៉ាអ៊ូ កាស្ត្រូត្រូវបានប្រកាសឡើងកាន់តំណែងជាប្រធានាធិបតីបន្ត។[១៣៥] រ៉ាអ៊ូបានប្រកាសសន្យានៅក្នុងសុន្ទរកថារបស់លោកថាការរឹតបន្តឹងលើសេរីភាពមួយចំនួននៅគុយបានឹងត្រូវដកចេញ។[១៣៦] នៅខែមីនា ឆ្នាំ២០០៩ រ៉ាអ៊ូបានទម្លាក់សមាជិករដ្ឋាភិបាលខ្លះដែលធ្លាប់បានតែងតាំងដោយបងប្រុសរបស់គាត់។[១៣៧] នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៩ អង្គការរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចមួយដើម្បីបញ្ចប់ការហាមឃាត់សមាជិកភាពរយៈពេល ៤៧ ឆ្នាំរបស់គុយបាក្នុងអង្គការនេះ។[១៣៨] សេចក្តីសម្រេចបានបញ្ជាក់ថាសមាជិកភាពពេញលេញនឹងត្រូវពន្យារហូតទាន់តែប្រទេសគុយបា"យល់ស្របនឹងការអនុវត្តគោលបំណងនិងគោលការណ៍របស់ អ.រ.អ"។[១១៤] លោកហ្វីដែល កាស្ត្រូបានបញ្ជាក់ពីជំហររបស់លោកថាលោកកើតការមិនពេញចិត្តជាខ្លាំងលើជម្រើសចូលរួមរបស់គុយបាបន្ទាប់ពីសេចក្តីសម្រេចរបស់ អ.រ.អ ត្រូវបានប្រកាស។[១៣៩] ![]() នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ គុយបាបានបានបញ្ចប់តម្រូវការដែលបានចេញនៅក្នុងឆ្នាំ១៩៦១ ក្នុងនោះបានបញ្ជាក់ថាពលរដ្ឋណាក៏ដោយដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេសត្រូវមានលិខិតអនុញ្ញាតពីរដ្ឋាភិបាលដែលមានតម្លៃយ៉ាងថ្លៃនិងព្រមទាំងលិខិតអញ្ជើញផងដែរ។[១៤០][១៤១][១៤២] នៅឆ្នាំ១៩៦១ រដ្ឋាភិបាលគុយបាបានរឹតបន្តឹងច្បាប់លើការធ្វើដំណើរទៅក្រៅប្រទេសដើម្បីរារាំងការធ្វើចំណាកស្រុករបស់ប្រជាជនក្រោយបដិវត្តន៍ឆ្នាំ១៩៥៩។[១៤៣] តម្រូវការថ្មីនៃឆ្នាំ២០១៣ គឺមានលក្ខណៈសាមញ្ញជាងមុន៖ ប្រជាជនគុយបាត្រូវការតែលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះដើម្បីអាចចាកចេញបាន ហើយវាជាលើកដំបូងបង្អស់ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្មេងតូចៗធ្វើដំណើរចេញពីប្រទេសក្រៅដោយសេរីតាមឪពុកម្តាយរបស់ពួកគេ។[១៤៤] ក៏ប៉ុន្តែលិខិតឆ្លងដែនគឺមានតម្លៃស្មើនឹងប្រាក់ខែប្រជាជនគុយបាជាមធ្យមប្រាំខែ។ អ្នកសង្កេតការណ៍ខ្លះបានចេញគំនិតថា ប្រជាជនគុយបាដែលមានសាច់ញាតិនៅខាងក្រៅប្រទេសអាចទាញយកអត្ថប្រយោជន៍ពីគោលនយោបាយថ្មីនេះបាន។[១៤៥] នៅក្នុងការអនុវត្តឆ្នាំទីមួយ ប្រជាជនគុយបាប្រមាណ ១៨០,០០០ នាក់បានធ្វើដំណើរចេញទៅក្រៅហើយបានត្រឡប់មកវិញ។[១៤៦] គិតត្រឹមខែធ្នូ ឆ្នាំ២០១៤ កិច្ចពិភាក្សារវាងមន្ត្រីគុយបានិងមន្ត្រីអាមេរិកនិងរួមទាំងប្រធានាធិបតីអូបាម៉ាបានធ្វើឱ្យមានការដោះលែងនូវលោកអាឡែន ក្រូស អ្នកទោសនយោបាយចំនួនហាសិបពីរនាក់និងភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកម្នាក់ជាថ្នូរនឹងការដោះលែងភ្នាក់ងារគុយបាចំនួនបីនាក់។ ទោះបីជាទណ្ឌកម្មរបស់អាមេរិកលើគុយបាមិនទាន់បានដកចេញភ្លាមៗមែនប៉ុន្តែវាត្រូវបានបន្ថូរខ្លះៗដែរដើម្បីអនុញ្ញាតឱ្យមានការនាំចេញនាំចូលតិចតួច និងពាណិជ្ជកម្មមួយចំនួន។[១៤៧] រដ្ឋាភិបាល និងនយោបាយសាធារណរដ្ឋគុយបាគឺជាប្រទេសសង្គមនិយមតែមួយគត់លើពិភពលោកដែលនូវប្រកាន់មនោគមវិជ្ជាម៉ាក្ស–លេនីន។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៧៦ ដែលបានចែងថាប្រទេសគុយបាគឺជាសាធារណរដ្ឋសង្គមនិយម ត្រូវបានជំនួសមកវិញដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ដែលចែងថា គុយបាគឺដើរតាមគំនិតនយោបាយនិងសង្គមរបស់លោកចូសេ ម៉ាទី បូករួមជាមួយគំនិតរបស់ម៉ាក្ស អង់ហ្គែល និងលេនីន។[៥] រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ក៏បានចែងមកទៀតថា បក្សកុម្មុយនិស្តគុយបាគឺជា"កម្លាំងដឹកនាំរបស់សង្គមនិងរដ្ឋ"។[៥] លេខាទីមួយនៃបក្សកុម្មុយនិស្តគឺជាបុគ្គលដ៏មានអំណាចខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលគុយបា បន្ទាប់មកគឺប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី។[១៤៨] ប្រធានាធិបតីគុយបាត្រូវបោះឆ្នោតតែងតាំងដោយសភាហើយអាចបម្រើការបានរយៈពេលប្រាំឆ្នាំក្នុងមួយអាណត្តិ (បញ្ជាក់៖ អាណត្តិប្រធានាធិបតីគឺមិនត្រូវបានកំណត់ឡើយ)។[៥] ![]() តុលាការកំពូលប្រជាជនគឺជាតុលាការជាន់ខ្ពស់នៃប្រទេស។ វាក៏ជាតុលាការចុងក្រោយសម្រាប់បណ្តឹងឧទ្ធរណ៍ទាំងអស់ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការខេត្ត។ ស្ថាប័ននីតិបញ្ញត្តិជាតិរបស់គុយបាគឺរដ្ឋសភានៃអំណាចប្រជាជន ហើយវាក៏ត្រូវជាស្ថាប័នអំណាចកំពូលរបស់ប្រទេសដែរដោយមានសមាជិកចំនួន ៦០៩ បម្រើការបានរយៈពេល ៥ ឆ្នាំ។[៥] ការជួបប្រជុំគ្នានៅក្នុងសភាគឺមានចំនួនពីរដងក្នុងមួយឆ្នាំនៅរវាងសម័យប្រជុំនីតិប្បញ្ញត្តិអំណាចដែលត្រូវប្រព្រឹត្តិធ្វើឡើងដោយសមាជិកគណៈរដ្ឋមន្រ្តីចំនួន ៣១ រូប។ អ្នកឈរឈ្មោះជាសមាជិកសភាត្រូវបានអនុម័តដោយការធ្វើប្រជាមតិសាធារណៈ។ ប្រជាពលរដ្ឋគុយបាដែលមានអាយុលើសពី ១៦ ឆ្នាំហើយមិនដែលត្រូវបានផ្តន្ទាទោសអ្វីពីបទឧក្រិដ្ឋព្រហ្មទណ្ឌនោះ អាចចូលរួមបោះឆ្នោតបាន។[១៤៩] មាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញបានចែងថាការបោះឆ្នោតត្រូវប្រព្រឹត្តិទៅដោយ"សេរី ស្មើភាព និងជាសម្ងាត់"។[៥] មាត្រា ១៣៦ បានចែងថា "ដើម្បីឱ្យតំណាងរាស្ត្រឬប្រតិភូត្រូវបានគេចាត់ទុកថាជាប់ឆ្នោត ពួកគេត្រូវតែទទួលសន្លឹកឆ្នោតបានច្រើនជាងពាក់កណ្តាលនៃចំនួនសន្លឹកឆ្នោតដែលមានសុពលភាពនៅក្នុងមណ្ឌលបោះឆ្នោត"។[៥] គ្មានគណបក្សនយោបាយណាមួយត្រូវបានអនុញ្ញាតឱ្យតែងតាំងបេក្ខជនឬធ្វើយុទ្ធនាការអ្វីនៅលើកោះនោះទេបូករួមទាំងគណបក្សកុម្មុយនិស្តទៀតផង។[១៥០] គណបក្សកុម្មុយនិស្តគុយបាបានរៀបចំការប្រជុំសមាជបក្សបានចំនួន ៦ លើកសរុបចាប់តាំងពីឆ្នាំ១៩៧៥ មក។ នៅក្នុងឆ្នាំ២០១១ គណបក្សនេះបានបញ្ជាក់ថាសមាជិកខ្លួនមានចំនួនប្រមាណ ៨០០,០០០ នាក់ហើយអ្នកតំណាងជាទូទៅមានយ៉ាងហោចណាស់ពាក់កណ្ដាលនៅក្នុងក្រុមប្រឹក្សារដ្ឋនិងរដ្ឋសភា។ មុខតំណែងដែលនៅសល់ត្រូវបានបំពេញដោយបេក្ខជនមានឈ្មោះដែលមិនមានទំនាក់ទំនងអ្វីជាមួយបក្សកុម្មុយនិស្ត។ សកម្មភាពក្រុមប្រឆាំងនៅគុយបាគឺមានចំនួនតិចតួចណាស់។ គុយបាត្រូវបានចាត់ទុកថាជាប្រទេសផ្តាច់ការដោយលិបិក្រមប្រជាធិបតេយ្យនាឆ្នាំ២០១៦[១៥១] និងដោយការសង្កតរបស់សេរីភាពនៅលើពិភពលោក។[១៥២] នៅខែកុម្ភៈ ឆ្នាំ២០១៣ ប្រធានាធិបតីគុយបាលោករ៉ាអ៊ូ កាស្ត្រូបានប្រកាសថាលោកនឹងលាឈប់ពីតំណែងនៅឆ្នាំ២០១៨ ដោយបញ្ចប់អាណត្តិប្រាំឆ្នាំរបស់លោកហើយលោកសង្ឃឹមថាការអនុវត្តនូវរយៈពេលកំណត់អាណត្តិសម្រាប់ប្រធានាធិបតីគុយបានឹងនូវតែបន្តដល់ពេលអនាគតនិងរួមទាំងការកំណត់អាយុផងដែរ។[១៥៣] បន្ទាប់ពីលោកហ្វីដែល កាស្ត្រូបានទទួលមរណភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋាភិបាលគុយបាបានប្រកាសការកាន់ទុក្ខរយៈពេល ៩ ថ្ងៃនៅទូទាំងប្រទេស។ ក្នុងអំឡុងពេលនៃការកាន់ទុក្ខរយៈពេលប្រាំបួនថ្ងៃនោះ ប្រជាជនគុយបាត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យលេងភ្លេងខ្លាំងៗ ធ្វើពិធីជប់លៀង ឬសេព្វគប់គ្រឿងស្រវឹងអ្វីឡើយ។[១៥៤] បំណែងចែករដ្ឋបាលប្រទេសគុយបាគឺបែងចែកចេញជា ១៥ ខេត្ត និងតំបន់រដ្ឋបាលពិសេសមួយ (អ៊ីស្លាឌេឡាយូវិនថូទ)។ កាលដើមឡើយ គុយបាគឺមានខេត្តធំៗចំនួន ៦ មានដូចជា៖ ពីណាឌេលរីអូ ហាបាណា ម៉ាតានសាស ឡាសវីឡាស៍ កាម៉ាក្វេ និងអូរ៉េអង់តេ។ បំណែងចែករដ្ឋបាលគុយបាបច្ចុប្បន្នគឺមានលក្ខណៈស្រដៀងនឹងខេត្តយោធាអេស្ប៉ាញនៅអំឡុងសង្គ្រាមដណ្តើមឯករាជ្យ ចំណែកឯតំបន់ដែលមានជម្លោះឬបញ្ហាទឹកដីនាសម័យនោះត្រូវបានបំបែកទៅជាខេត្តតូចៗទៀតរហូតដល់បច្ចុប្បន្ន។ ក្នុងខេត្តនីមួយៗគឺត្រូវបានបែងចែកចេញទៅជាតំបន់រដ្ឋបាលតូចៗបន្តទៀត។ ខេត្តទាំង ១៥ នៃប្រទេសគុយបាមានដូចជា៖ ![]() សិទ្ធិមនុស្ស![]() រដ្ឋាភិបាលគុយបាត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សជាច្រើនមានដូចជា៖ ការធ្វើទារុណកម្ម ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការជំនុំជម្រះដោយអយុត្តិធម៌ និងការប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ (គេអាចស្គាល់វាថា "El Paredón")។[១៥៥][១៥៦] អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថារដ្ឋាភិបាលគុយបាបាន"គាបសង្កត់និងកម្ចាត់រាល់ក្រុមអ្នកនយោបាយប្រឆាំងនៅគ្រប់ទិសទី" ហើយ"ប្រជាជនគុយបាម្នាក់ៗតែងបដិសេដនូវការគាបសង្កត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំជាសមាគម សិទ្ធិឯកជន ការធ្វើចលនា និងនីតិវិធីត្រឹមត្រូវច្បាប់ដោយខ្លាចថារដ្ឋាភិបាលនឹងចាប់ខ្លួនពួកគេបើហ៊ានបញ្ចេញព័ត៌មានទៅក្រៅ"។[១៥៧] នៅឆ្នាំ២០០៣ សហភាពអឺរ៉ុប (EU) បានចោទប្រកាន់រដ្ឋាភិបាលគុយបាពីបទ"បន្តរំលោភសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពជាមូលដ្ឋាន"។[១៥៨] EU បានបន្តអំពាវនាវម្តងហើយម្តងទៀតឱ្យមានការធ្វើកំណែទម្រង់សង្គមនិងសេដ្ឋកិច្ចនៅគុយបា និងសូមឱ្យរដ្ឋាភិបាលដោះលែងរាល់អ្នកទោសនយោបាយទាំងអស់។[១៥៩] សហរដ្ឋអាមេរិកនូវតែបន្តធ្វើនិន្និវារណ៍ប្រឆាំងនឹងគុយបា"ដរាបណាទាន់តែគុយបាប្តូរមកប្រកាន់លទ្ធិប្រជាធិបតេយ្យនិងប្រកាន់ខ្ជាប់ការគោរពសិទ្ធិមនុស្ស"[១៦០] ទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ (តាំងពីឆ្នាំ១៩៩២) បានអនុម័តសេចក្តីសម្រេចជារៀងរាល់ឆ្នាំឱ្យអាមេរិកដកការធ្វើនិន្និវារណ៍របស់ខ្លួនលើគុយបាចេញព្រោះវាជាសកម្មភាពរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឬច្បាប់អន្តរជាតិក៏ដោយ។[១៦១] គុយបាខ្លួនឯងបានចាត់ទុកថាការធ្វើនិន្និវារណ៍របស់អាមេរិកជាការរំលោភសិទ្ធិមនុស្ស។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក អូបាម៉ាបានប្រកាសស្តារទំនាក់ទំនងបរទេសឡើងវិញជាមួយប្រទេសគុយបាដោយជំរុញឱ្យសភាអាមេរិកបញ្ឈប់ការអនុវត្តនិន្និវារណ៍របស់ខ្លួន។[១៦២] ប្រទេសគុយបាមានចំនួនអ្នកកាសែតជាប់ពន្ធនាគារច្រើនជាងគេទីពីរនៅក្នុងឆ្នាំ២០០៨ (ប្រទេសចិនមានចំនួនច្រើនជាងគេ) បើយោងតាមប្រភពខ្លះៗមានដូចជាគណៈកម្មាធិការដើម្បីការពារអ្នកកាសែតនិងអង្គការឃ្លាំមើលសិទ្ធិមនុស្ស។[១៦៣][១៦៤] ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលគុយបាគឺច្រើនប្រឈមមុខនឹងការចាប់ខ្លួននិងការដាក់ពន្ធនាគារ។ នៅទស្សវត្ត ១៩៩០ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថាប្រព័ន្ធពន្ធនាគារដ៏ធំរបស់គុយបាដែលត្រូវជាពន្ធនាគារធំបំផុតនៅអាមេរិកឡាទីន មានពន្ធនាគារសន្តិសុខអតិបរមាចំនួន ៤០ ពន្ធនាគារសន្តិសុខអប្បបរមាចំនួន ៣០ និងជំរុំការងារជាង ២០០។[១៦៥] យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ "ចំនួនអ្នកជាប់ពន្ធនាគារគុយបាត្រូវបានបង្ខាំងនៅក្នុងកន្លែងមិនសមរម្យនិងឥតផាសុខភាពដែលអ្នកទោសត្រូវប្រឈមនឹងការរំលោភបំពានទាំងផ្លូវកាយនិងផ្លូវភេទ។"[១៦៥] នៅក្នុងខែកក្កដា ឆ្នាំ២០១០ គណៈកម្មាធិការសិទ្ធិមនុស្សក្រៅផ្លូវការរបស់គុយបាបាននិយាយថាអ្នកទោសនយោបាយនៅក្នុងប្រទេសគុយបាគឺមានចំនួន ១៦៧ នាក់ដែលជាចំនួនធ្លាក់ចុះពី ២០១ នៅដើមឆ្នាំនេះ។ ប្រធានគណៈកម្មការនោះបានបញ្ជាក់ថាការជាប់ពន្ធនាគាររយៈពេលយូរកំពុងត្រូវបានជំនួសដោយការប្រមាថនិងសម្លុត។[១៦៦] ក្រោមការគ្រប់គ្រងរបស់កាស្ត្រូលើប្រទេសគុយបា ប្រជាជនប្រមាណ ២០០,០០០ នាក់ត្រូវបានគេចាប់ដាក់គុកឬដកហូតសេរីភាពដោយសារហេតុផលនយោបាយ។[១៦៧] ទំនាក់ទំនងបរទេសគុយបាបានអនុវត្តគោលនយោបាយការបរទេសដែលមិនមានលក្ខណៈដូចប្រទេសតូចតាចឬប្រទេសកំពុងអភិវឌ្ឍន៍ឡើយ។[១៦៨][១៦៩] ក្រោមការដឹកនាំរបស់កាស្ត្រូ ប្រទេសគុយបាបានចូលធ្វើអន្តរាគមន៍នៅក្នុងភ្លើងសង្គ្រាមជាច្រើននៅទ្វីបអាហ្រ្វិក អាមេរិកកណ្តាល និងអាស៊ី។ គុយបាបានគាំទ្រប្រទេសអាល់ហ្សេរីពីឆ្នាំ១៩៦១–១៩៦៥[១៧០] ហើយបានបញ្ជូនទ័ពរាប់ពាន់នាក់ចូលប្រទេសអង់កូឡាដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមស៊ីវិលអង់កូឡា។[១៧១] ប្រទេសផ្សេងៗដែលធ្លាប់បានទទួលការគាំទ្រផ្នែកយោធាពីគុយបាមានដូចជា៖ អេត្យូពី[១៧២][១៧៣] គីនេ[១៧៤] គីនេ-ប៊ីសាវ[១៧៥] ម៉ូសំប៊ិក[១៧៦] និងយេមែន។[១៧៧] គុយបាក៏បានផ្តើមបេសកកម្មយោធាដ៏តូចមួយនៅសាធារណរដ្ឋដូមីនីកេននៅឆ្នាំ១៩៥៩ ផងដែរ។[១៧៨] ប៉ុន្តែបេសកកម្មនៅសាធារណរដ្ឋដូមីនីកេននោះត្រូវទទួលបរាជ័យហើយក្រោយមកបូជនីយដ្ឋានមួយបានសាងឡើងនៅសានតូម៉ាំងដោយរដ្ឋាភិបាលដូមីនីកេនដើម្បីរំលឹកដល់ទាហានគុយបាដែលបានមកបូជាជីវិតលើទឹកដីពួកគេ។[១៧៩] នៅឆ្នាំ២០០៨ សហភាពអឺរ៉ុបនិងគុយបាបានយល់ព្រមបន្តធ្វើសកម្មភាពទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការពេញលេញជាមួយគ្នាវិញ។[១៨០] ប្រទេសគុយបាក៏ត្រូវជាសមាជិកស្ថាបនិកនៃសម្ព័ន្ធបូលីវីដើម្បីអាមេរិកាំងផងដែរ។[១៨១] នៅចុងឆ្នាំ២០១២ បុគ្គលិកពេទ្យគុយបាប្រមាណរាប់ពាន់នាក់បានធ្វើការនៅក្រៅប្រទេស[១៨២] ហើយនៅប្រទេសវេណេស៊ុយអេឡាតែមួយមានវត្តមានគ្រូពេទ្យគុយបាដល់ទៅ ៣០,០០០ នាក់ឯណោះ។[១៨៣] ![]() នៅឆ្នាំ១៩៩៦ ប្រធានាធិបតីអាមេរិកលោកប៊ីល គ្លីនតុនបានអនុវត្តច្បាប់រឹតបន្តឹងនិន្និវារណ៍បន្ថែមទៀតមកលើគុយបា។[១៨៤] នៅឆ្នាំ២០០៩ លោកប្រធានាធិបតីបារ៉ាក អូបាម៉ាបានថ្លែងសេចក្តីមួយនៅថ្ងៃទី១៧ ខែមេសា នៅក្នុងប្រទេសទ្រីនីតេ និងតូបាគោថា"អាមេរិកនឹងត្រៀមចាប់ផ្តើមសារជាងថ្មីជាមួយគុយបា"[១៨៥] ហើយលោកបានលុបចោលនូវច្បាប់ហាមឃាត់ធ្វើដំណើរនិងផ្ទេរប្រាក់អាមេរិក–គុយបារបស់រដ្ឋាភិបាលប្រធានាធិបតីប៊ូសចោល។[១៨៦] ៥ ឆ្នាំក្រោយមក ប្រទេសកាណាដានិងសម្ដេចប៉ាបហ្វ្រង់សូ័របានស្តារទំនាក់ទំនងអន្តរជាតិជាមួយប្រទេសគុយបាឡើងវិញតាមរយៈកិច្ចព្រមព្រៀងរវាងគុយបានិងសហរដ្ឋអាមេរិក។ ពួកគេបានយល់ព្រមដោះលែងអ្នកទោសនយោបាយទាំងប៉ុន្មានដែលខ្លួនមានហើយសហរដ្ឋអាមេរិកក៏បានចាប់ផ្តើមសាងសង់ស្ថានទូតខ្លួនមួយនៅរដ្ឋធានីហាវ៉ាណា។[១៨៧][១៨៨][១៨៩][១៩០][១៩១] កិច្ចយល់ព្រមបើកដំណើរការស្ថានទូតរវាងប្រទេសទាំងពីរបានប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ហើយបានអនុវត្តនៅថ្ងៃទី៣០។[១៩២][១៩៣] នៅឆ្នាំដដែរនោះ សេតវិមានរបស់រដ្ឋាភិបាលអាមេរិកបានប្រកាសថាលោកប្រធានាធិបតីអូបាម៉ាបានសម្រេចដកឈ្មោះប្រទេសគុយបាចេញពីបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម[១៩៤][១៩៥] ដោយគុយបាឆ្លើយតបវិញថាជារឿង"ល្អ"។[១៩៦] បទឧក្រិដ្ឋ និងការអនុវត្តច្បាប់ភ្នាក់ងារអនុវត្តច្បាប់ទាំងអស់ត្រូវបានរក្សានៅក្រោមក្រសួងមហាផ្ទៃគុយបាដោយមានការឃ្លាំមើលពីសំណាក់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍។ នៅក្នុងប្រទេសនេះ ប្រជាពលរដ្ឋនីមួយៗអាចធ្វើការទាក់ទងជាមួយប៉ូលីសបានដោយហៅទូរស័ព្ទលេខ ១០៦។[១៩៧] កម្លាំងប៉ូលីសដែលគេសម្តៅទៅថា "Policía Nacional Revolucionaria" ឬ PNR នឹងលើកទទួលសាកសួរជំនួយ។ រដ្ឋាភិបាលគុយបាក៏មានទីភ្នាក់ងារមួយដែលមានឈ្មោះថាក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ដែលធ្វើប្រតិបត្តិការស៊ើបការណ៍បរទេសនិងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី។ យោធាគិតត្រឹមឆ្នាំ២០០៩ ប្រទេសគុយបាបានចំណាយថវិកាប្រមាណ ៩១.៨ លានដុល្លារលើកងកម្លាំងប្រដាប់អាវុធខ្លួន។[១៩៨] ក្នុងឆ្នាំ១៩៨៥ គុយបាបានចំណាយ ១០% នៃ ផសស របស់ខ្លួនលើផ្នែកយោធា។[១៩៩] ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អាមេរិក (ដូចជាការឈ្លានពានឈូងសមុទ្រជ្រូក) ប្រទេសគុយបាបានស្ថាបនាកងកម្លាំងប្រដាប់អាវុធដ៏ធំមួយប្រចាំអាមេរិកឡាទីនដែលស្ថិតនៅលំដាប់ថ្នាក់លេខ២ ពីក្រោយប្រទេសប្រេស៊ីល។[២០០] ពីឆ្នាំ១៩៧៥ រហូតដល់ទស្សវត្ត ១៩៨០ ជំនួយយោធាសូវៀតបានជួយឱ្យគុយបាបង្កើនកម្លាំងអំណាចកងយោធារបស់ខ្លួន។ បន្ទាប់ពីបាត់បង់ការឧបត្ថម្ភផធនពីសូវៀត គុយបាត្រូវកាត់បន្ថយចំនួនកងយោធារបស់ខ្លួនពី ២៣៥,០០០ នាក់ក្នុងឆ្នាំ១៩៩៤ មកនៅត្រឹម ៦០,០០០ នាក់ក្នុងឆ្នាំ២០០៣។[២០១] នៅឆ្នាំ២០១៧ គុយបាបានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។[២០២] សេដ្ឋកិច្ចគុយបាគឺជារដ្ឋដែលប្រកាន់ខ្ជាប់នូវគោលការណ៍សង្គមនិយមក្នុងការរៀបចំសេដ្ឋកិច្ចតាមផែនការដោយមានការគ្រប់គ្រងភាគច្រើនដោយរដ្ឋ។ មធ្យោបាយផលិតកម្មភាគច្រើនគឺត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចំណែកឯការងារកម្លាំងពលកម្មគឺស្ថិតនៅក្រោមរដ្ឋ។ ប៉ុន្មានឆ្នាំថ្មីៗនេះ គេឃើញមាននិន្នាការឆ្ពោះទៅរកការងារឯកជនកាន់តែច្រើនឡើងៗ។ ក្នុងឆ្នាំ២០០៦ អ្នកធ្វើការងារក្នុងវិស័យសាធារណៈ (ឬរដ្ឋ) មាន ៧៨% ហើយការងារឯកជនមាន ២២% បើប្រៀបធៀបនឹង ៩១.៨% ទៅ ៨.២% ក្នុងឆ្នាំ១៩៨១។[២០៣] ការចំណាយរបស់រដ្ឋាភិបាលគឺ ៧៨.១% នៃផលិតផលក្នុងស្រុកសរុប (ផសស)។[២០៤] ក្រុមហ៊ុនណាដែលចង់ជួលជនជាតិគុយបាណាម្នាក់គឺត្រូវតែបង់ប្រាក់ឱ្យរដ្ឋាភិបាលជាមុនសិន រួចពួកគេនឹងត្រូវអនុញ្ញាតឱ្យបើកប្រាក់ឈ្នួលឱ្យបុគ្គលិករបស់គេ។[២០៥] គិតត្រឹមខែកក្កដា ឆ្នាំ២០១៣ ប្រាក់ខែជាមធ្យមរបស់បុគ្គលិកម្នាក់ៗគឺមានចំនួនប្រមាណ ៤៦៦ ប៉េសូដែលស្មើនឹង ១៩ ដុល្លារអាមេរិក។[២០៦] ប្រទេសគុយបាចាយប្រភេទលុយចំនួនពីរ ក្នុងនោះលុយប៉េសូគឺនិយមជាងគេនិងត្រូវបានប្រើប្រាស់នៅទូទាំងប្រទេស។ លុយមួយប្រភេទទៀតគឺប៉េសូប្តូរបាន (Peso convertible) ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យទេសចរណ៍ហើយកំណត់ស្មើនឹងប្រាក់ដុល្លារអាមេរិក។[២០៦] រាល់គ្រប់គ្រួសារគុយបាទាំងឡាយគឺមានសៀវភៅរបបអាហារមួយក្បាល (ដែលគេស្គាល់ថាលីប្រេតា), សៀវភៅនោះបានផ្តល់សិទ្ធិឱ្យពួកគេទទួលបាននូវអាហារប្រចាំខែហើយនិងអាហារផ្សេងៗទៀតដែលត្រូវបានផ្តល់ជូនក្នុងតម្លៃនាមករណ៍។[២០៧] មុនបដិវត្តន៍ឆ្នាំ១៩៥៩ គុយបាគឺជាប្រទេសដែលមានភាពជឿនលឿននិងជោគជ័យបំផុតក្នុងចំណោមប្រទេសអាមេរិកឡាទីនទាំងអស់។[២០៨] រដ្ឋធានីហាវ៉ាណាបានត្រូវគេមើលឃើញថាជា"ទីក្រុងដែលសម្បូរពន្លឺភ្លឺចែងចាំងនិងមានវឌ្ឍនភាពខ្ពស់"។[២០៨] ប្រទេសគុយបាបានចាប់ផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនតាំងពីដើមសតវត្សទី២០ ដោយការនាំចេញនូវស្ករទៅលក់ឱ្យសហរដ្ឋអាមេរិក។ គុយបាជាប់លំដាប់ថ្នាក់លេខប្រាំខាងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅអាមេរិកខាងជើង ទីបីក្នុងអាយុកាលមធ្យម ទីពីរក្នុងភាពជាម្ចាស់លើរថយន្តនិងទូរស័ព្ទ និងលេខមួយខាងចំនួនទូរទស្សន៍សម្រាប់មនុស្សម្នាក់ៗ។ អត្រាអក្ខរកម្មរបស់គុយបានាពេលនោះគឺ ៧៦% ដែលជាអត្រាខ្ពស់បំផុតទីបួននៅអាមេរិកឡាទីន។ ប្រទេសគុយបាធ្លាប់បានជាប់ចំណាត់ថ្នាក់ទី ១១ លើចំនួនគ្រូពេទ្យក្នុងមនុស្សម្នាក់ៗលើពិភពលោក។ គ្លីនិកនិងមន្ទីរពេទ្យឯកជនមួយចំនួនបានបើកបម្រើសេវាដល់ជនក្រីក្រ។ ក៏ប៉ុន្តែ វិសមភាពប្រាក់ចំណូលរវាងទីប្រជុំជននិងទីជនបទគឺមានភាពខុសគ្នាដាច់ ជាពិសេសគឺរវាងជនជាតិស្បែកសនិងស្បែកខ្មៅ។ ប្រជាជនជនបទរបស់គុយបាមុនបដិវត្តន៍បានរស់នៅក្នុងភាពក្រីក្រយ៉ាងលំបាក។ យោងតាម PBS, អ្នកវណ្ណៈកណ្តាលគុយបាបានធ្វើការសន្យាថានឹងធ្វើឱ្យអ្នកជនបទមានជីវភាពរុងរឿងនិងធ្វើចលភាពសង្គម។[២០៨] នៅឆ្នាំ២០១៦ ម៉ៃអាមី ហឺរ៉ាលបានសរសេរថា"...ប្រជាជនគុយបាប្រហែល ២៧% រកបានប្រាក់ចំណូលក្រោម ៥០ ដុល្លារក្នុងមួយខែ។ ៣៤% រកបានប្រាក់ចំណូលពី ៥០ ទៅ ១០០ ដុល្លារក្នុងមួយខែ ហើយប្រជាជន ២០% រកបានប្រាក់ចំណូលពី ១០១ ទៅ ២០០ ដុល្លារក្នុងមួយខែ។ ១២% បានអះអាងថាខ្លួនអាចរកប្រាក់ចំណូលបានពី ២០១ ទៅ ៥០០ ដុល្លារក្នុងមួយខែ ហើយជិត ៤% បានប្រាប់ថាប្រាក់ចំណូលរបស់ពួកគេក្នុងមួយខែគឺមានចំនួនលើ ៥០០ ដុល្លារដែលនៅក្នុងនោះដែរមាន ១.៥% បានរាយការណ៍ថាគេមានប្រាក់ចំណូលប្រមាណ ១,០០០ ដុល្លារក្នុងមួយខែ។[២០៩] ក្រោយពីបដិវត្តន៍គុយបានិងមុនពេលការដួលរលំនៃសហភាពសូវៀត ប្រទេសមួយនេះបានពឹងផ្អែកលើមូស្គូសម្រាប់ជំនួយយ៉ាងច្រើននិងទីផ្សារសម្រាប់ការនាំចេញរបស់ខ្លួន។ ការបាត់បង់ការឧបត្ថម្ភធនពីសហភាពសូវៀតក្រោយឆ្នាំ១៩៩១ បានធ្វើឱ្យសេដ្ឋកិច្ចគុយបាធ្លាក់ចុះដុនដាបយ៉ាងឆាប់រហ័សដែលប្រជាជនប្រទេសគុយបាច្រើនសម្តៅលើវាថា"សម័យកាលពិសេស"។ តាំងពីពេលនោះមក ប្រទេសគុយបាបានចាត់វិធានការតម្រង់ទិសដៅទៅរកទីផ្សារសេរីដើម្បីកាត់បន្ថយកង្វះខាតស្បៀងអាហារ ទំនិញប្រើប្រាស់ និងសេវាកម្មផ្សេងៗទៀត។ វិធានការទាំងនោះរួមមាន ការអនុញ្ញាតឱ្យមានការងារផ្ទាល់ខ្លួនឯងនៅក្នុងវិស័យផលិតកម្មលក់រាយនិងស្រាលមួយចំនួន ការធ្វើនីត្យានុកូលភាពនៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងអាជីវកម្ម និងបើកដំណើរការវិស័យទេសចរណ៍ឡើងវិញឱ្យលោកខាងលិច។ ប្រទេសគុយបាបានបង្កើតប្រព័ន្ធកសិកម្មតាមទីក្រុងដែលមានឈ្មោះថា organopónicos ដើម្បីទូទាត់សងសម្រាប់ការបញ្ចប់ការនាំចូលចំណីអាហារពីសហភាពសូវៀត។ ថ្នាក់ដឹកនាំរបស់គុយបាក៏បានអំពាវនាវឱ្យមានកំណែទម្រង់នៅក្នុងប្រព័ន្ធកសិកម្មរបស់ប្រទេសផងដែរ។ ក្នុងឆ្នាំ២០០៨ លោករ៉ាអ៊ូ កាស្ត្រូបានចាប់ផ្តើមធ្វើកំណែទម្រង់កសិកម្មដើម្បីជម្រុញផលិតកម្មស្បៀងអាហារដែលនៅពេលនោះស្បៀងអាហារប្រមាណ ៨០% ត្រូវបាននាំចូលពីបរទេស។ កំណែទម្រង់នេះមានគោលបំណងពង្រីកការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពដីធ្លីកសិកម្ម។[២១០] ប្រទេសវេណេស៊ុយអេឡាបានផ្គត់ផ្គង់ប្រេងឱ្យគុយបាប្រមាណ ១១០,០០០ បារ៉ែល (១៧,០០០ m³) ក្នុងមួយថ្ងៃជាថ្នូរនឹងប្រាក់ហើយសេវាកម្មរបស់គ្រូពេទ្យគុយបាចំនួន ៤៤,០០០ នាក់ដែលមានវត្តមានលើទឹកដីប្រទេសវេណេស៊ុយអេឡា។[២១១][២១២] ![]() នៅក្នុងឆ្នាំ២០០៥ គុយបានាំចេញទំនិញបាន ២.៤ ពាន់លានដុល្លារដែលជាប់ចំណាត់ថ្នាក់ទី ១១៤ នៃប្រទេសចំនួន ២២៦ សរុបលើពិភពលោក និងការនាំចូលប្រមាណ ៦.៩ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី ៨៧ ក្នុងចំណោមប្រទេសចំនួន ២២៦។[២១៣] ដៃគូនាំចេញសំខាន់ៗមាន៖ កាណាដា ១៧.៧%, ចិន ១៦.៩%, វេណេស៊ុយអេឡា ១២.៥%, ហុល្លង់ ៩% និងអេស្ប៉ាញ ៥.៩% (២០១២)។[២១៤] ទំនិញនាំចេញទាំងអស់នោះមានដូចជា៖ ស្ករ នីកែល តូបាកូ ត្រី ថ្នាំសង្កូវ ផ្លែក្រូច និងកាហ្វេ[២១៤] ចំណែកឯទំនិញនាំចូលមានដូចជា៖ ចំណីអាហារ ប្រេងឥន្ធនៈ សម្លៀកបំពាក់ និងគ្រឿងម៉ាស៊ីនជាដើម។ បច្ចុប្បន្នប្រទេសគុយបាទទួលមានបំណុលចំនួនប្រមាណ ១៣ ពាន់លានដុល្លារ[២១៥] ដែលស្មើនឹង ៣៨% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។[២១៦] ទីផ្សារស្ករលើពិភពលោកប្រមាណ ៣៥% ធ្លាប់បាននាំចេញពីប្រទេសគុយបាទាំងអស់ក៏ប៉ុន្តែវាត្រូវបានធ្លាក់ចុះដល់ ១០% ដោយសារតែកត្តាជាច្រើនរួមមាន ការធ្លាក់ចុះនូវតម្លៃទំនិញស្ករសកលដែលធ្វើឱ្យគុយបាលែងសូវមានការប្រកួតប្រជែងលើទីផ្សារពិភពលោក។[២១៧] នៅឆ្នាំ២០១០ ជនជាតិគុយបាត្រូវបានអនុញ្ញាតឱ្យសាងសង់ផ្ទះផ្ទាល់ខ្លួន។ យោងតាមលោករ៉ាអ៊ូ កាស្ត្រូ៖ ឥឡូវនេះប្រជាជនគុយបាអាចកែលម្អផ្ទះរបស់ពួកគេបានតាមចំណង់ចំណូលចិត្តប៉ុន្តែសូមបញ្ជាក់ថារដ្ឋាភិបាលនឹងមិនចូលគាំទ្រឬប្រឆាំងទៅនឹងសកម្មភាពនេះទេ។[២១៨] ប្រទេសគុយបាគឺមិនមានជនអនាថាច្រើនដូចប្រទេសផ្សេងៗនៅលើពិភពលោកនោះទេហើយប្រជាជនគុយបា ៨៥% ជាម្ចាស់លើគេហដ្ឋានរបស់ពួកគេនិងមិនបង់ពន្ធអចលនទ្រព្យឬការប្រាក់បញ្ចាំឡើយ។ នៅខែឧសភា ឆ្នាំ២០១៩ គុយបាបានប្រកាសអនុវត្តនូវប្រព័ន្ធរបបរបស់សំខាន់ៗចែកដល់ប្រជាជនខ្លួនដែលនៅក្នុងនោះមាន សាច់មាន់ ស៊ុត អង្ករ សណ្តែក និងសាប៊ូជាដើម។ អ្នកនាំពាក្យម្នាក់បានបន្ទោសអាមេរិកពីការតម្លើងទណ្ឌកម្មពាណិជ្ជកម្មរបស់ខ្លួនលើគុយបាប៉ុន្តែសេដ្ឋវិទូជឿថាបញ្ហាសមភាពដ៏សំខាន់គឺ ការធ្លាក់ចុះនៃជំនួយពាណិជ្ជកម្មពីវេណេស៊ុយអេឡានិងការបរាជ័យរបស់ក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋគុយបា។[២១៩] ធនធានធម្មជាតិធនធានធម្មជាតិរបស់ប្រទេសគុយបាមានដូចជា៖ ស្ករ តូបាកូ ត្រី ផ្លែក្រូច កាហ្វេ សណ្តែក អង្ករ ដំឡូង និងបសុសត្វ។ ធនធានរ៉ែដ៏សំខាន់បំផុតប្រចាំប្រទេសគុយបាគឺនីកែល ដោយនៅឆ្នាំ២០១១ នីកែលប្រមាណ ២១% លើពិភពលោកគឺសុទ្ធតែនាំចេញពីគុយបា។[២២០] ទិន្នផលរ៉ែនីកែលរបស់គុយបានៅឆ្នាំនោះមានចំនួន ៧១,០០០ តោនដែលឈានដល់ ៤% នៃផលិតកម្មពិភពលោក។[២២១] គិតត្រឹមឆ្នាំ ២០១៣ នីកែលបំរុងរបស់ខ្លួនត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥.៥ លានតោនដែលស្មើនឹងជាង ៧% នៃបរិមាណសរុបរបស់ពិភពលោក។[២២១] ការរុករងប្រេងឆ្នាំ២០០៥ ដោយភូគព្ភវិទូអាមេរិកបានបង្ហាញថា អាងទឹកភាគខាងជើងប្រទេសគុយបាអាចផលិតប្រេងបានប្រហែលពី ៤.៦ ពាន់លានបារ៉ែល (៧៣០,០០០,០០០ m³) ដល់ ៩.៣ ពាន់លានបារ៉ែល (១.៤៨×១០៩ m³)។ ក្នុងឆ្នាំ២០០៦ ប្រទេសគុយបាបានចាប់ផ្តើមសាកល្បងខួងជីកទីតាំងនោះដើម្បីរកប្រេងធ្វើអាជីវកម្ម។[២២២] ទេសចរណ៍![]() ដំបូងឡើយ រាល់មរណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវបានរដ្ឋាភិបាលរឹតបន្តឹងមិនឱ្យភ្ញៀវទេសចរណ៍បរទេសណាមើលឃើញពីទិដ្ឋភាពសង្គមរបស់គុយបាបាននោះទេ។[២២៣] នៅរវាងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ទំនាក់ទំនងរវាងជនបរទេសនិងប្រជាជនគុយបាធម្មតាត្រូវបានចាត់ទុកថាបទល្មើសនឹងច្បាប់។[២២៤] នៅឆ្នាំ២០០៣ ភ្ញៀវទេសចរណ៍ប្រមាណ ១.៩ លាននាក់បានមកទស្សនាលេងប្រទេសគុយបា ភ្ញៀវទេសចរណ៍ទាំងអស់នោះច្រើនមកពីប្រទេសកាណាដា និងសហភាពអឺរ៉ុប ហើយនៅឆ្នាំដដែលនោះ គុយបាបានរកចំណូលបាន ២.១ ពាន់លានដុល្លារពីវិស័យទេសចរណ៍។[២២៥] នៅឆ្នាំ២០១១ គុយបាបានធ្វើការកត់ត្រាឃើញថាមានអ្នកទេសចរណ៍អន្តរជាតិចំនួន ២,៦៨៨,០០០ នាក់មកប្រទេសរបស់ខ្លួន នេះគឺជាតួលេខខ្ពស់បំផុតទី៣ នៅតំបន់ការ៉ាប៊ីន (ពីក្រោយសាធារណរដ្ឋដូមីនីកេននិងព័រតូរីកូ)។[២២៦] វិស័យទេសចរណ៍វេជ្ជសាស្រ្តបានទាក់ទាញអតិថិជនអឺរ៉ុប អាមេរិកឡាទីន កាណាដា និងអាមេរិករាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ការសិក្សានាពេលថ្មីៗនេះបានបង្ហាញថាសកម្មភាពដែលភ្ញៀវទេសចរណ៍ចូលចិត្តធ្វើជាងគេនៅគុយបាគឺការឡើងភ្នំ និងរួមទាំងសកម្មភាពដទៃទៀតដូចជា ការជិះកង់ ការមុជទឹក និងការចូលទស្សនាតាមរូងភ្នំជាដើម។ ការចូលលើកកម្ពស់ធនធានទាំងនេះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់នីមួយៗនៃប្រទេសគុយបាឱ្យមានវិបុលភាព និងសុខុមាលភាព។[២២៧] ការរីករាលដាលនៃទេសចរណ៍ផ្លូវភេទបានធ្វើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គុយបាកើតការព្រួយបារម្ភខ្លាំង។[២២៨] យោងតាមគេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើររបស់រដ្ឋាភិបាលកាណាដាបានឱ្យដឹងថា"គុយបាកំពុងធ្វើការយ៉ាងសកម្មដើម្បីការពារកុំឱ្យមានទេសចរណ៍ផ្លូវភេទកុមារហើយភ្ញៀវទេសចរមួយចំនួនរួមទាំងជនជាតិកាណាដាផងត្រូវបានផ្តន្ទាទោសពីបទល្មើសពាក់ព័ន្ធនឹងអំពើរួមរាក់ជាមួយអនីតិជនអាយុ ១៦ ឆ្នាំឬក្រោម។ ទោសជាប់ពន្ធនាគារអាចមានរយៈពេលពី ៧ ទៅ ២៥ ឆ្នាំ"។[២២៩] កន្លែងទេសចរណ៍មួយចំនួនត្រូវបានទទួលការខូចខាតយ៉ាងខ្លាំងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលព្យុះសង្ឃអ៊ារឺម៉ាបានវាយប្រហារមកលើកោះនេះ។ ព្យុះនេះបានធ្វើឱ្យមានការបាក់ដីនៅក្នុងប្រជុំកោះកាម៉ាក្វេទៀតផង។ ការខូចខាតដ៏អាក្រក់បំផុតគឺនៅចំណុចភាគខាងជើងនៃកោះនេះតែជាភ័ព្វសំណាងវាមិនបានប៉ះពាល់ដល់តំបន់ទេសចរណ៍ពិសេសនិងសំខាន់ៗនោះទេ។[២៣០] ភូមិសាស្រ្ត![]() ប្រទេសគុយបាគឺជាប្រជុំកោះដែលមានទីតាំងស្ថិតនៅភាគខាងជើងសមុទ្រការ៉ាអ៊ីបនៅចំណុចប្រសព្វជាមួយឈូងសមុទ្រម៉ិកស៊ិកនិងមហាសមុទ្រអាត្លង់ទិក។ វាស្ថិតនៅចន្លោះរយៈទទឹងខាងជើងទី ១៩° និង ២៤° និងរយៈបណ្តោយខាងកើតទី ៧៤° និង ៨៥°។ តំបន់ភូមិសាស្ត្រជាប់ប្រទេសគុយបាមាន៖ សហរដ្ឋអាមេរិកចម្ងាយ ១៥០ គីឡូម៉ែត្រ (៩៣ ម៉ាយ) នៅភាគខាងជើងនិងពាយព្យឆ្លងកាត់ច្រកសមុទ្រផ្លរីដា, ខាងជើងចម្ងាយ ២១ គីឡូម៉ែត្រ (១២ ម៉ាយ) ជាប់នឹងបាហាម៉ា, ខាងលិចចម្ងាយ ២១០ គីឡូម៉ែត្រ (១៣០ ម៉ាយ) ជាប់ប្រទេសម៉ិកស៊ិក, ខាងកើតចម្ងាយ ៧៧ គីឡូម៉ែត្រគឺប្រទេសហៃទី រីឯខាងត្បូងគឺជាប់នឹងកោះសាម៉ាអ៊ិក (១៤០ គីឡូម៉ែត្រ) និងកោះកៃម៉ង់។ ![]() កោះធំបំផុតប្រចាំប្រទេសគឺមានឈ្មោះថា'កោះគុយបា'ដែលមានប្រវែង ១,២៥០ គីឡូម៉ែត្រ និងត្រូវជាកោះធំបំផុតនៅតំបន់ការ៉ាអ៊ីបនិងជាកោះធំបំផុតទី១៧ នៅលើពិភពលោក។ កោះគុយបាភាគច្រើនមានលក្ខណៈជាវាលទំនាបឬរាបស្មើរលើកលែងតែនៅភាគអាគ្នេយ៍នៃកោះដែលមានវត្តមានជួរភ្នំស៊ីរ៉ាម៉ៃស្ត្រានិងមានចំណុចខ្ពស់បំផុតគឺពីកូទើគីណូ (១,៩៧៤ ម៉ែត្រ)។ កោះធំបំផុតទីពីរគឺកោះអ៊ីស្លាដេឡាយូវិនថូទដែលមានផ្ទៃក្រឡាចំនួន ២,២០០ គីឡូម៉ែត្រការ៉េ។ ប្រទេសគុយបាមានក្រឡាផ្ទៃ (ផ្ទៃដី) ជាផ្លូវការសរុប ១០៩,៨៨៤ គីឡូម៉ែត្រការ៉េ។ បើគិតទាំងផ្ទៃទឹក វាមានទំហំ ១១០,៨៦០ គីឡូម៉ែត្រការ៉េ។ អាកាសធាតុ![]() សីតុណ្ហភាពនៅគុយបាគឺមានរាងទៅតាមចរន្តទឹកនៅតំបន់ការ៉ាអ៊ីបដែលនាំមកនូវទឹកក្តៅពីអេក្វាទ័រ។ ក្នុងប្រការនេះ អាកាសធាតុនៅគុយបាគឺរាងក្តៅជាងអាកាសធាតុនៅទីក្រុងហុងកុងបន្តិចព្រោះថាហុងកុងក៏ស្ថិតនៅខ្សែបណ្តោយដូចនឹងប្រទេសគុយបាដែរ ប៉ុន្តែគុយបាមានអាកាសធាតុបែបឧបនិវត្តច្រើនជាជាងអាកាសធាតុត្រូពិចសុទ្ធ។ ជាធម្មតានៅប្រទេសគុយបា រដូវប្រាំងគឺចាប់ផ្តើមពីខែវិច្ឆិកាដល់ខែមេសារីឯរដូវវស្សាគឺចាប់ផ្តើមពីខែឧសភាដល់ខែតុលា។ សីតុណ្ហភាពមធ្យមនៅខែមករាគឺ ២១ °C (៦៩.៨ °F) និងខែកក្កដាគឺ ២៧ °C (៨០.៦ °F)។ ដោយទទួលឥទ្ធិពលពីសីតុណ្ហភាពក្តៅនៃសមុទ្រការ៉ាអ៊ីបបូករួមជាមួយនឹងទីតាំងស្ថិតនៅច្រកនៃឈូងសមុទ្រម៉ិកស៊ិកបានធ្វើឱ្យប្រទេសគុយបាស្ថិតនៅក្នុងស្ថានភាពដែលងាយប្រឈមនឹងគ្រោះខ្យល់ព្យុះជាញឹកញាប់ ហើយវាកើតឡើងជារឿយៗនៅរវាងខែកញ្ញានិងខែតុលា។ ព្យុះអ៊ារឺម៉ាបានបក់មកដល់កោះគុយបានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានកម្លាំងខ្យល់ ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង[២៣១] ដោយដំបូងបានប៉ះទង្គិចជាមួយប្រជុំកោះកាម៉ាក្វេហើយបានបន្តទៅដល់ខេត្តស៊ីអេកូឌីអាវីឡានៅរំលងអធ្រាត្ររួចហើយព្យុះដ៏កាចសាហាវមួយនោះបាននៅគួចជុំវិញកោះគុយបាពេញមួយថ្ងៃបន្ទាប់។[២៣២] ការខូចខាតដ៏ធ្ងន់ធ្ងរបំផុតគឺស្ថិតនៅភាគខាងជើងនៃកោះ។ មន្ទីរពេទ្យ ឃ្លាំងផ្សេងៗ និងរោងចក្រនៅតំបន់នោះត្រូវទទួលរងការបំផ្លិចបំផ្លាញជាទម្ងន់ហើយអគ្គីសនីត្រូវបានកាត់ផ្តាច់ទៀតផង។ ប្រជាពលរដ្ឋជិតមួយលាននាក់និងរួមទាំងភ្ញៀវទេសចរណ៍ផងត្រូវបានជម្លៀសចេញពីតំបន់នោះ។[២៣០] របាយការណ៍ជាបន្តបន្ទាប់បានបង្ហាញឱ្យដឹងថា មនុស្សចំនួនដប់នាក់បានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ព្យុះនោះហើយក្នុងនោះដែរមានមនុស្សចំនួនប្រាំពីរនាក់មកពីរដ្ឋធានីហាវ៉ាណាដែលភាគច្រើនស្លាប់ដោយសារអគារបាក់រលំពីលើ។[២៣៣] ជីវៈចម្រុះ![]() ប្រជាសាស្ត្រ
យោងទៅតាមជំរឿនផ្លូវការនៃឆ្នាំ២០១០ ប្រជាជនគុយបាសរុបគឺមានចំនួន ១១,២៤១,១៦១ នាក់ដែលក្នុងនោះមានបុរសចំនួន ៥,៦២៨,៩៩៦ នាក់និងស្ត្រីចំនួន ៥,៦១២,១៦៥ នាក់។[២៣៦] អត្រាកំណើតគុយបា (៩.៨៨ នាក់ក្នុងមួយពាន់នាក់នៅឆ្នាំ២០០៦)[២៣៧] គឺជាអត្រាដ៏ទាបបំផុតនៅក្នុងអឌ្ឍគោលខាងលិច។ ទោះបីជាចំនួនប្រជាជនរបស់ប្រទេសនេះបានកើនឡើងប្រហែលបួនលាននាក់ចាប់តាំងពីឆ្នាំ១៩៦១ ក្តីប៉ុន្តែអត្រាកំណើននាពេលនោះគឺមានលក្ខណៈយឺតហើយចំនួនប្រជាជនក៏បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងឆ្នាំ២០០៦ ដោយសារតែអត្រានៃភាពមានកូនគឺទាប (ក្មេងចំនួន ១.៤៣ នាក់ក្នុងស្ត្រីមួយនាក់) និងដោយការធ្វើចំណាកស្រុក។[២៣៨] ជាការពិតណាស់ អត្រានៃភាពមានកូននៅប្រទេសគុយបាគឺជាអត្រាដ៏ទាបបំផុតនៅក្នុងអឌ្ឍគោលខាងលិច[២៣៩] ហើយភាគច្រើនគឺបណ្តាលមកពីគ្មានច្បាប់តឹងរឹងលើការរំលូតកូន៖ អត្រារំលូតកូននៅគុយបាមាន ៥៨.៦ ក្នុងចំណោមអ្នកមានផ្ទៃពោះចំនួន ១០០០ នាក់នៅក្នុងឆ្នាំ១៩៩៦ ហើយបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៃតំបន់ការ៉ាប៊ីនមាន ៣៥, ២៧ នៅអាមេរិកឡាទីន និង ៤៨ នៅទ្វីបអឺរ៉ុប។ ការប្រើប្រាស់ថ្នាំពន្យារកំណើតក៏ពេញនិយមផងដែរដោយគេបានប៉ាន់ស្មានថាស្ត្រីប្រមាណ ៧៩% បានប្រើប្រាស់ថ្នាំពន្យារកំណើត។[២៤០] ក្រុមជនជាតិប្រទេសគុយបាគឺសម្បូរទៅដោយជនជាតិចម្រុះច្រើនដែលជាលទ្ធផលនៃអាណានិគមកិច្ច។ ការរៀបអាពាហ៍ពិពាហ៍ជាមួយក្រុមជនជាតិផ្សេងៗគឺជារឿងធម្មតានិងពេញនិយមមួយនៅប្រទេសនេះ, ជាលទ្ធផល វាបានធ្វើឱ្យការប៉ាន់ស្មានចំនួនក្រុមជនជាតិនៅគុយបាមានលក្ខណៈស្មុគស្មាញ ជាពិសេសគឺការប៉ាន់ស្មានដើមកំណើតពូជពង្សនៃប្រជាជននីមួយៗ។ ឧទាហរណ៍៖ ជនជាតិគុយបាអាមេរិកាំងដែលសិក្សានៅសកលវិទ្យាល័យម៉ៃអាមីបានកំណត់ថា ប្រជាជនគុយបាប្រមាណ ៦២% គឺជាជនជាតិស្បែកខ្មៅ[២៤២] ប៉ុន្តែជំរឿនប្រជាជនគុយបាឆ្នាំ២០០២ បានរកឃើញតួលេខសមាមាត្រប្រហាក់ប្រហែលគ្នាដោយប្រជាជនគុយបាប្រមាណ ៦៥.០៥% ជាជនជាតិស្បែកសទៅវិញ។ អង្គការសិទ្ធិជនជាតិភាគតិចបានចេញមតិថា"ការកំណត់ស្ថានភាពជនជាតិគុយបាស្បែកខ្មៅគឺនូវតែជាបញ្ហាដោយសារតែមានកំណត់ត្រាទិន្នន័យមិនគ្រប់គ្រាន់និងមិនច្បាស់លាស់ទាំងមុននិងក្រោយបដិវត្តន៍ឆ្នាំ១៩៥៩។ ការប៉ាន់ស្មានភាគរយនៃដើមកំណើតជនជាតិស្បែកខ្មៅនៅគុយបាអាចមានចាប់ពី ៣២% ទៅ ៦២%"។[២៤៣] ចំណែកឯវត្តមានជនជាតិអាស៊ីនៅគុយបាវិញក៏មានចំនួនច្រើនគួរសមដែរដោយពួកគេគឺត្រូវជា ១% នៃប្រជាជនគុយបាសរុប។ ភាគច្រើន ជនជាតិអាស៊ីទាំងនោះគឺមានដើមកំណើតមកពីចិន ជប៉ុន និងហ្វីលីពីន[២៤៤][២៤៥]ហើយជីដូនជីតាពួកគេបានមកដល់ក្នុងប្រទេសគុយបាក្នុងនាមជាកសិករនិងទាសករដែលនាំចូលមកដោយពួកអាណានិគមអេស្ប៉ាញនិងអាមេរិកនៅអំឡុងសតវត្សទី១៨ និងទី១៩។[២៤៦] សព្វថ្ងៃ កំណត់ត្រាជនជាតិគុយបាដែលមានដើមកំណើតចិនគឺមានចំនួន ១១៤,២៤០ នាក់។[២៤៧] ជនជាតិស្បែកខ្មៅគុយបាភាគច្រើនមានដូនតាជាជនជាតិយ៉ូរូបា និងជនជាតិបាន់ទូមកពីតំបន់ជលសីមាកុងគោ[២៤៨] ហើយខ្លះទៀតគឺជនភៀសខ្លួនមកពីតំបន់អាហ្រ្វិកខាងជើង។[២៤៩] ក្រុមអន្តោប្រវេសន៍អន្តោប្រវេសន៍ចូលក្នុងស្រុកការធ្វើអន្តោប្រវេសន៍ចេញនិងចូលគុយបាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រវត្តិប្រជាសាស្ត្រប្រទេសគុយបា។ នៅរវាងសតវត្សទី១៨ និងទី២០ មានប្រជាជនអេស្ប៉ាញជាច្រើនបានធ្វើដំណើរមកចូលក្នុងប្រទេសគុយបា។ នៅរវាងឆ្នាំ១៨៩៩ និងឆ្នាំ១៩៣០ ជនជាតិអេស្ប៉ាញប្រមាណជិតមួយលាននាក់បានរត់មករស់នៅប្រទេសគុយបាប៉ុន្តែអ្នកទាំងនោះភាគច្រើនត្រូវបានត្រឡប់ទៅស្រុកកំណើតគេវិញ។[២៥០] ក្រុមជនអន្តោប្រវេសន៍ដ៏គួរឱ្យកត់សម្គាល់មួយចំនួនមានដូចជា បារាំង[២៥១] ព័រទុយកាល់ អ៊ីតាលី រុស្ស៊ី ហុល្លង់ ក្រិក អង់គ្លេស និងអៀរឡង់។ អន្តោប្រវេសន៍ចេញក្រៅស្រុកចំនួនអ្នករត់ចេញក្រៅស្រុកបានកើនឡើងជាលំដាប់នៅសម័យក្រោយបដិវត្តន៍ឆ្នាំ១៩៥៩។ នៅអំឡុងទស្សវត្តចំនួនបីក្រោយឆ្នាំ១៩៥៩៖ ប្រជាជនគុយបាជាងមួយលាននាក់មកពីគ្រប់ថ្នាក់វណ្ណាៈដែលស្មើនឹង ១០% នៃប្រជាជនគុយបាសរុបបាននាំគ្នារត់ចូលសហរដ្ឋអាមេរិក។[២៥២][២៥៣][២៥៤][២៥៥][២៥៦] មុនថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ប្រជាពលរដ្ឋគុយបាគ្រប់រូបគឺមិនអាចធ្វើដំណើរចេញក្រៅឬចូលក្នុងប្រទេសវិញដោយមិនមានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលឡើយ។[២៥៧] គិតត្រឹមឆ្នាំ២០១៣ ទិសដៅដែលពេញនិយមសម្រាប់ការធ្វើចំណាកស្រុកមានដូចជា សហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី ព័រតូរីកូ និងប្រទេសម៉ិកស៊ិក។[២៥៨] សាសនានៅក្នុងឆ្នាំ២០១០ វេទិកាភ្យូរបានធ្វើការប៉ាន់ស្មានថាប្រជាជនគុយបាប្រមាណ ៥៩.២% ជាគ្រិស្តសាសនិក, ២៣% គ្មានជំនឿសាសនា, ១៧.៤% ជាអ្នកកាន់សាសនាប្រជាប្រិយផ្សេងៗ ហើយនិង ០.៤% ទៀតជាអ្នកកាន់សាសនាដទៃ។[២៥៩] ជាផ្លូវការ ប្រទេសគុយបាគឺជារដ្ឋមិនមានទំនាក់ទំនងជាមួយសាសនាណាមួយឡើយ (ពោលគឺជារដ្ឋដែលមិនចាត់ទុកសាសនាអ្វីជាសាសនាផ្តាច់មុខប្រទេស ឬសាសនារដ្ឋ)។ សេរីភាពសាសនាបានកើនឡើងជាលំដាប់នៅអំឡុងទស្សវត្ត១៩៨០[២៦០] ហើយនៅក្នុងឆ្នាំ១៩៩២ រដ្ឋាភិបាលបានសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងផ្នែកសាសនា។[២៦១] លទ្ធិរ៉ូម៉ាំងកាតូលិកគឺជាសាសនាធំបំផុតក្នុងប្រទេសដែលបានបន្សល់ពីអាណានិគមអេស្ប៉ាញ។ ទោះបីជាប្រជាជនតិចជាងពាក់កណ្តាលបានអះអាងថាខ្លួនមិនបានកាន់សាសនាកាតូលិកក្តីក៏លទ្ធិកាតូលិកគឺនូវតែជាសាសនាមួយដ៏លិចធ្លោជាងគេនៅក្នុងប្រទេស។[២៦២] សម្តេចប៉ាបយ៉ូហានប៉ូលទី២ និងសម្តេចបេណេឌីកទី១៦ ធ្លាប់បានមកធ្វើទស្សនកិច្ចនៅគុយបានៅឆ្នាំ១៩៩៨ និងឆ្នាំ២០១១ រីឯសម្ដេចប៉ាបហ្វ្រង់សូ័រវិញបានមកធ្វើទស្សនកិច្ចនៅគុយបាក្នុងខែកញ្ញា ឆ្នាំ២០១៥។[២៦៣][២៦៤] មុនការមកដល់របស់សម្តេចប៉ាបនីមួយៗ រដ្ឋាភិបាលគុយបាគឺតែងតែប្រកាសលើកលែងអ្នកទោសមួយចំនួនដើម្បីសម្តែងនូវសកម្មភាពមនុស្សធម៌។[២៦៥][២៦៦] ភាសាភាសាផ្លូវការរបស់ប្រទេសគុយបាគឺភាសាអេស្ប៉ាញដោយប្រជាជនគុយបាស្ទើរទាំងអស់បានប្រើប្រាស់ភាសាមួយនេះ។ ភាសាអេស្ប៉ាញដែលប្រើប្រាស់នៅគុយបាត្រូវបានគេសម្តៅលើវាថាភាសាអេស្ប៉ាញគុយបាហើយវាត្រូវជាទម្រង់ភាសាមួយនៃភាសាអេស្ប៉ាញការ៉ាប៊ីនផងដែរ។ ភាសាលូស៊ូមីដែលជាគ្រាមភាសារបស់ភាសាយ៉ូរូបាត្រូវបានគេយកមកប្រើប្រាស់ជាភាសាសាសនាដោយអ្នកកាន់សាសនាសង់តេរី[២៦៧] ហើយនិងជាភាសាទីពីររបស់ពួកគេ។[២៦៨] ភាសាក្រេអូលហៃទីគឺជាភាសាដ៏និយមបំផុតទីពីរនៅប្រទេសគុយបាដោយជាទូទៅវាត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍ហៃទី។[២៦៩] ការអប់រំ![]() សកលវិទ្យាល័យឡាហាវ៉ានគឺត្រូវជាសកលវិទ្យាល័យធំបំផុតនៅប្រទេសគុយបា។ នៅក្នុងឆ្នាំ១៩៥៧ មុនពេលបក្សពួករបស់លោកកាស្ត្រូឡើងគ្រប់គ្រងប្រទេស, អត្រាអក្ខរកម្មនៅគុយបាគឺស្មើនឹង ៨០% ដោយជាប់លំដាប់ថ្នាក់ទីបួននៅក្នុងតំបន់ហើយបើយោងតាមអង្គការសហប្រជាជាតិ អត្រាអក្ខរកម្មរបស់គុយបានាពេលនោះគឺខ្ពស់ជាងប្រទេសអេស្ប៉ាញទៅទៀត។[៩១][២៧០] នៅក្រោមរដ្ឋាភិបាលថ្មីរបស់កាស្ត្រូ ប្រព័ន្ធអប់រំនៅប្រទេសគុយបាត្រូវបានផ្លាស់ប្តូរកែប្រែមកជាប្រព័ន្ធគ្រប់គ្រងដោយរដ្ឋទាំងស្រុងហើយស្ថាប័នអប់រំឯកជនទាំងប៉ុន្មានត្រូវបានលុបបំបាត់ចោលទាំងអស់។ ការចូលរៀនដំបូងគឺត្រូវចាប់ផ្តើមពីអាយុ ៦ ឆ្នាំហើយត្រូវបញ្ចប់ការសិក្សានៅអនុវិទ្យាល័យមូលដ្ឋាននៅអាយុ ១៥ ឆ្នាំ។ សិក្សានុសិស្សគ្រប់រូប (មិនគិតអាយុ ឬភេទ) គឺតម្រូវឱ្យពាក់ឯកសណ្ឋានសាលាជាមួយនឹងពណ៌ដែលចង្អុលបង្ហាញពីកម្រិតថ្នាក់របស់ពួកគេ។ ថ្នាក់បឋមសិក្សាគឺត្រូវការចំណាយពេល ៦ ឆ្នាំដើម្បីរៀនចប់ រីឯថ្នាក់មធ្យមសិក្សាវិញគឺត្រូវបែងចែកទៅជាពីរគឺថ្នាក់មធ្យមសិក្សាមូលដ្ឋាននិងថ្នាក់បម្រុងសកលវិទ្យាល័យ។[២៧១] បច្ចុប្បន្ន អត្រាអក្ខរកម្មនៅគុយបាគឺស្មើនឹង ៩៩.៨%[២១៤][២៧២] ហើយជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេទីដប់នៅទូទាំងពិភពលោក, នេះគឺជាលទ្ធផលនៃការផ្តល់ការអប់រំដោយឥតគិតថ្លៃដោយរដ្ឋាភិបាល។[២៧៣] អត្រានៃការបញ្ចប់ថ្នាក់វិទ្យាល័យជាមធ្យមនៅគុយបាគឺស្មើ ៩៤ ភាគរយ។[២៧៤] គេអាចស្វែងរកការអប់រំកម្រិតខ្ពស់នៅគុយបាបានតាមរយៈសកលវិទ្យាល័យ វិទ្យាស្ថានឧត្តមសិក្សា វិទ្យាស្ថានគរុកោសល្យ និងវិទ្យាស្ថានពហុបច្ចេកទេសខ្ពស់។ ក្រសួងឧត្តមសិក្សាគុយបាបានដាក់ដំណើរការកម្មវិធីអប់រំពីចម្ងាយដែលផ្តល់វគ្គសិក្សានាពេលរសៀលនិងពេលល្ងាចនៅតាមទីជនបទសម្រាប់កម្មករកសិកម្ម។ ប្រទេសគុយបាថែមទាំងបានផ្តល់ការអប់រំឧបត្ថម្ភធនដល់ជនជាតិបរទេសនៅសាលាវេជ្ជសាស្ត្រអាមេរិកឡាទីនទៀតផង។[២៧៥][២៧៦] សុខភាពបច្ចុប្បន្ន ភាពរំពឹងនៃអាយុនៅប្រទេសគុយបាជាមធ្យមគឺ ៧៩.២ ឆ្នាំ (៧៦.៨ ចំពោះបុរសនិង ៨១.១ ចំពោះស្ត្រី)។ ស្ថិតិនេះបានធ្វើឱ្យគុយបាជាប់ចំណាត់ថ្នាក់ទី៥៩ ទូទាំងពិភពលោកសម្រាប់ប្រទេសដែលមានភាពរំពឹងនៃអាយុខ្ពស់ និងចំណាប់ថ្នាក់ទី៥ ប្រចាំទ្វីបអាមេរិកដោយនៅពីក្រោយប្រទេសកាណាដា ឈីលី កូស្តារីកា និងសហរដ្ឋអាមេរិក។[២៧៧] អត្រាមរណភាពទារកបានថយចុះពី ៣២ នាក់ក្នុងអត្រាកំណើត ១,០០០ នាក់ក្នុងឆ្នាំ១៩៥៧ មកនៅត្រឹម ១០ នាក់ក្នុងអំឡុងឆ្នាំ១៩៩០–៩៥,[២៧៨] ៦.១ នាក់ក្នុងអំឡុងឆ្នាំ២០០០–២០០៥ និង ៥,១៣ នាក់នៅក្នុងឆ្នាំ២០០៩។[២៧២][២១៤] តាមប្រវត្តិសាស្ត្រ គុយបាគឺតែងតែជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងខាងចំនួនបុគ្គលិកសុខាភិបាលហើយគុយបាបានចូលរួមលើកស្ទួយសុខភាពពិភពលោកចាប់តាំងពីសតវត្សទី១៩ មកម្លេះ។[៩១] សព្វថ្ងៃនេះ ប្រទេសគុយបាបានប្រកាន់យកប្រព័ន្ធតំហែទាំសុខភាពសកល។[២៧៩] នៅឆ្នាំ២០១៩ ប្រទេសគុយបាបានជាប់ចំណាត់ថ្នាក់ទី៣០ នៅក្នុងសន្ទស្សន៍ប្រទេសសុខភាពល្អបំផុតរបស់ប្លូមប៊ឺកហើយក៏ត្រូវជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់ផងដែរដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់ដូច្នេះ។[២៨០] អត្រាជំងឺនិងមរណភាពទារកបានកើនឡើងជាលំដាប់នៅអំឡុងទស្សវត្ត១៩៦០ ក្រោយបដិវត្តន៍, នេះគឺបណ្តាលមកពីអវត្តមានរបស់គ្រូពេទ្យចំនួន ៦,០០០ នាក់ (ដោយពួកគេបានរត់ចាកចេញពីប្រទេស) ដែលត្រូវជាចំនួនពាក់កណ្តាលនៃគ្រូពេទ្យសរុបនៅក្នុងប្រទេសនាពេលនោះ។[២៨១] វិស័យសុខាភិបាលនៅគុយបាបានចាប់ផ្តើមអភិវឌ្ឍន៍សារជាថ្មីនៅអំឡុងទស្សវត្ត១៩៨០។[៧៩] ដោយសារតែប្រព័ន្ធសុខភាពសកលក្នុងប្រទេស ជនក្រីក្រនិងអ្នករស់នៅទីជនបទគ្រប់រូបអាចទទួលសេវាសុខភាពបានដោយឥតគិតថ្លៃ។ ក្រោយពីសហភាពសូវៀតបានដួលរលំ សេវាសុខាភិបាលនៅគុយបាបានទទួលរងបន្ទុកខ្លះៗដូចជា ការខ្វះខាតឧបករណ៍និងថ្នាំសង្កូវជាដើម។[២៨២] ប្រទេសគុយបាមានអត្រាចំនួនគ្រូពេទ្យក្នុងចំណោមប្រជាជនខ្ពស់ជាងគេនៅលើពិភពលោកហើយខ្លួនបានបញ្ជូនវេជ្ជបណ្ឌិតរាប់ពាន់នាក់ទៅកាន់ប្រទេសជាង ៤០ នៅជុំវិញពិភពលោក។[២៨៣] គិតត្រឹមខែកញ្ញា ឆ្នាំ២០១៤ មានបុគ្គលិកសុខភាពគុយបាប្រមាណ ៥,០០០០ នាក់ដែលកំពុងចុះជួយប្រទេសចំនួន ៦៦។[២៨៤] ការនាំចូលនិងនាំចេញថ្នាំឱសថត្រូវបានធ្វើឡើងដោយក្រុមអាជីវកម្មឱសថឃ្វេមេហ្វានៅក្រោមការចាត់ចែងរបស់ក្រសួងឧស្សាហកម្មមូលដ្ឋានគុយបា។[២៨៥] ទោះបីជាទំនាក់ទំនងជាមួយលោកខាងលិចត្រូវកាត់ផ្តាច់ក៏ដោយក៏វិស័យសុខាភិបាលគុយបានូវតែឈានទៅមុខជានិច្ចដោយខ្លួនបានរកឃើញវ៉ាក់សាំងមហារិកសួតដែលមានឈ្មោះថាស៊ីម៉ាវ៉ាក់ (CimaVax)។ វ៉ាក់សាំងស៊ីម៉ាវ៉ាក់ត្រូវបានផ្តល់ជូនប្រជាជនគុយបាដោយឥតគិតថ្លៃចាប់តាំងពីឆ្នាំ២០១១ មក។[២៨៦] ក្រោមរដ្ឋបាលអូបាម៉ា ប្រជាជនអាមេរិកដែលកើតជំងឺមហារិកសួតមួយចំនួនបានធ្វើដំណើរមកគុយបាដើម្បីទទួលការព្យាបាលប៉ុន្តែនៅឆ្នាំ២០១៧ ក្រោមរដ្ឋបាលត្រាំ ប្រជាជនអាមេរិកជាច្រើនត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរមកគុយបាទៀតឡើយ។[២៨៧] ក្នុងឆ្នាំ២០១៥ ប្រទេសគុយបាបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលបានលុបបំបាត់ការឆ្លងមេរោគអេដស៍និងរោគស្វាយពីម្តាយទៅកូន[២៨៨] ហើយវាត្រូវជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលអង្គការសុខភាពពិភពលោកបានសរសើរថាជា"សមិទ្ធផលសុខភាពសាធារណៈមួយដ៏អស្ចារ្យបំផុត"។[២៨៩] ប្រព័ន្ធផ្សព្វផ្សាយគេបានបែងចែកប្រព័ន្ធផ្សព្វផ្សាយធំៗនៅប្រទេសគុយបាជាច្រើនប្រភេទដូចជា៖ ទូរទស្សន៍ វិទ្យុ កាសែត និងអ៊ិនធឺណេត។ គ្រប់ប្រព័ន្ធផ្សព្វផ្សាយខាងលើគឺត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគុយបាជាច្រើនទស្សវត្តមកហើយ។ រាល់សារព័ត៌មាននិងសារអត្ថាធិប្បាយត្រូវតែត្រួតពិនិត្យដោយបក្សកុម្មុយនិស្តគុយបាជាមុនសិនមុនចេញផ្សាយ។ អ្នកសារព័ត៌មានត្រូវគោរពតាមច្បាប់ផ្សព្វផ្សាយពោលគឺមិនត្រូវបញ្ចេញសកម្មភាពឬមតិណាប្រឆាំងនឹងរដ្ឋាភិបាលឡើយ បើហ៊ានតែល្មើស អ្នកដែលប្រព្រឹត្តិនោះអាចនឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំឯណោះ។ កម្មសិទ្ធិឯកជននៃប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់ហើយរដ្ឋាភិបាលគឺជាអ្នកកាន់កាប់រាល់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេស។[២៩០] ដើម្បីបង្កើនចំណេះដឹងទូទៅតាមប្រព័ន្ធអ៊ិនធឺណេត រដ្ឋាភិបាលគុយបាបានបើកដំណើរការគេហទំព័រសព្វវចនាធិប្បាយមួយឈ្មោះថា EcuRed ដែលមានលក្ខណៈដូចគេហទំព័រប្រភេទ"វិគី"។[២៩១] ការលក់ចែកចាយសម្ភារៈកំព្យូទ័រត្រូវបានកំណត់យ៉ាងតឹងរឹង ហើយរដ្ឋាភិបាលគឺមានសិទ្ធិត្រួតពិនិត្យអ៊ីមែលរបស់បុគ្គលនីមួយៗដែលមានវត្តមានលើប្រភពអ៊ិនធឺណេតគុយបា។[២៩២] វប្បធម៌វប្បធម៌គុយបាគឺបានមកពីការបូកបញ្ចូលគ្នារវាងវប្បធម៌អាហ្រ្វិកនិងវប្បធម៌អេស្ប៉ាញ។ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៥៩ រដ្ឋាភិបាលគុយបាបានចាប់ផ្តើមយុទ្ធនាការលើកស្ទួយអក្ខរកម្មជាតិ ផ្តល់ការអប់រំដោយឥតគិតថ្លៃទៅដល់ប្រជាជនគ្រប់រូប ហើយព្រមទាំងបង្កើតកម្មវិធីកីឡា របាំ និងតន្ត្រីជាដើម។[២៩៣] តន្ត្រីតន្ត្រីគុយបាគឺសម្បូរបែបណាស់ហើយត្រូវបានចាត់ទុកថាជាប្រលឹងនៃវប្បធម៌គុយបា។ ប្រភេទតន្ត្រីដ៏ពេញនិយមបំផុតនៅគុយបាគឺសុន វាគឺជាមូលដ្ឋានគ្រឹះនៃប្រភេទតន្ត្រីមួយចំនួនទៀតដូចជា ដានហ្សុន ម៉ាំបូ ឆា-ឆា-ឆា និងសាលសា។[២៩៤] ត្រេសគឺជាប្រភេទហ្គីតាដែលមានដើមកំណើតនៅប្រទេសគុយបា។ ឧបករណ៍ភ្លេង/តន្ត្រីប្រពៃណីផ្សេងៗទៀតគឺភាគច្រើនមានដើមកំណើតមកពីអាហ្វ្រិកមានដូចជា៖ ម៉ារ៉ាកា គ្វីរ៉ូ ម៉ារីមប៊ូឡា និងប្រភេទស្គរមួយចំនួនដូចម៉ាយ៉ូហ្វ័រកង់ជាដើម។ គ្រប់តន្ត្រីប្រជាប្រិយគុយបាទាំងអស់ត្រូវបានគេទទួលស្គាល់និងសរសើរនៅទូទាំងពិភពលោក។ តន្ត្រីបុរាណគុយបាដែលទទួលឥទ្ធិពលពីតន្ត្រីបុរាណអាហ្រ្វិកនិងអឺរ៉ុបត្រូវបានទទួលការគោរពស្រឡាញ់លើឆាកអន្តរជាតិយ៉ាងខ្លាំង នេះគឺដោយសារតែស្នាដៃនិពន្ធភ្លេងដ៏ចំណើមរបស់លោកអឺណេស្តូ លេក្វូណូ។ តន្ត្រីហ៊ីបហប់បានចាប់ផ្តើមពេញនិយមដំបូងនៅទីក្រុងឡាហាវ៉ាននៃទស្សវត្ត១៩៩០។ ម្ហូបអាហារ![]() ម្ហូបគុយបាគឺជាការលាយបញ្ចូលគ្នារវាងម្ហូបអេស្ប៉ាញនិងការ៉ាប៊ីន។ គ្រឿងទេសនិងបច្ចេកទេសក្នុងការធ្វើម្ហូបគុយបាគឺបានដកស្រង់ចេញរបៀបធ្វើម្ហូបរបស់អេស្ប៉ាញដោយមានធាតុផ្សំខ្លះៗមកពីតំបន់ការ៉ាប៊ីន។ អាហារគុយបាទូទៅមានគ្រឿងផ្សំដូចជា ចេក (អាចជាផ្លែឬយកទៅចម្អិន) សណ្តែកខ្មៅ បាយ រ៉ូប៉ាវិហា (សាច់គោញ៉ាំ) នំបុ័ង សាច់ជ្រូក ខ្ទឹមបារាំង និងផ្លែឈើនិវន្តមួយចំនួន (ឬហៅបានថាផ្លែឈើត្រូពិច)។ អាហារសាច់គឺគេចម្អិនឆ្អិនល្មមនិងលាយជាមួយទឹកជ្រលក់បន្តិចបន្តួច។ ខ្ទឹមស ម៉ាឈីន ស្លឹកអូរីហ្គាណូ និងស្លឹកបេរគឺជាគ្រឿងទេសដ៏ពេញនិយមបំផុតនៅក្នុងប្រទេស។ របាំរបាំបានដើរតួទានីយ៉ាងពិសេសនៅក្នុងវប្បធម៌គុយបា។ របាំប្រជាប្រិយគឺត្រូវបានគេចាត់ទុកថាជាការកំសាន្តមួយដោយឥតមិនបាននៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយសព្វថ្ងៃ រដ្ឋាភិបាលគុយបាបានគាំទ្រក្រុមហ៊ុនរបាំជាច្រើនដូចជា របាំបាលឡេជាតិគុយបា...។[២៩៥] កីឡាដោយសារតែធ្លាប់មានប្រវត្តិទាក់ទងជាមួយអាមេរិក កីឡានៅគុយបាភាគច្រើនគឺជាកីឡាដែលគេនិយមលេងនិងគាំទ្រនៅសហរដ្ឋអាមេរិក។ បេហ្ស៍ប័ល (Baseball) គឺជាកីឡាដែលនិយមជាងគេប្រចាំប្រទេសគុយបា។ កីឡាប្រជាប្រិយផ្សេងៗទៀតរួមមានដូចជា៖ កីឡាបាល់ទះ ប្រដាល់សកល អត្តពលកម្ម បាល់បោះ និងកីឡាទឹក។[២៩៦] ប្រទេសគុយបាក៏មានក្រុមជម្រើសជាតិប្រកួតនៅកីឡាអូឡាំពិកផងដែរ។[២៩៧] លោកចូសេ កាប៉ាប្លាងកាគឺជាជើងឯកអុកពិភពលោកចាប់ពីឆ្នាំ១៩២១ រហូតដល់ឆ្នាំ១៩២៧។ មើលផងដែរឯកសារយោង
តំណភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia