ឈូងសមុទ្រពែរ្ស
![]() ឈូងសមុទ្រពែរ្ស (ភាសាពែរ្ស៖ خلیج فارس) ឬអាចហៅបានថា ឈូងសមុទ្រអារ៉ាប់ គឺជាសមុទ្រមេឌីទែរ៉ាណេនៅតំបន់អាស៊ីខាងលិច។ សមុទ្រមួយនេះគឺជាផ្នែកមួយនៃមហាសមុទ្រឥណ្ឌា ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងឧបទ្វីបអារ៉ាប់។[១] វាត្រូវបានតភ្ជាប់ទៅឈូងសមុទ្រអូម៉ង់តាមច្រកសមុទ្រអ័រមូស។ លើសពីនេះ ដីសណ្ដទន្លេឆាតអែលអារ៉ាប់ដ៏សំខាន់មានទីតាំងស្ថិតនៅច្រាំងភាគពាយ័ព្យនៃសមុទ្រនេះ។ ឈូងសមុទ្រពែរ្សមានទីកន្លែងនេសាទច្រើន ថ្មប៉ប្រះទឹកយ៉ាងទូលំទូលាយ (ភាគច្រើនជាថ្មរឹង ប៉ុន្តែក៏មានផ្កាថ្មដែរ) និងអយស្ទ័រគុជខ្យងដ៏សម្បូរបែប តែសមុទ្រនេះក៏បានទទួលរងនូវការបំពុលផ្នែកបរិស្ថានផងដែរដោយសារតែកំណើនឧស្សាហូបនីយកម្មក្នុងតំបន់ និងការកំពប់រ៉ែប្រេងកាតចូលក្នុងសមុទ្រជាដើម។ ឈូងសមុទ្រពែរ្សនេះស្ថិតនៅក្នុងអាងឈូងសមុទ្រពែរ្សដែលមានដើមកំណើតតាំងពីស័កសេណូសូអ៊ិក និងមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃផ្លាកអារ៉ាប់នៅក្រោមភ្នំហ្សាក្រូស។[២] ដំណើរទឹកហូរបច្ចុប្បន្ននៃអាងទឹកនេះបានចាប់ផ្តើមកាលពី ១៥,០០០ ឆ្នាំមុនដោយសារតែកំណើនកម្រិតទឹកសមុទ្រកើតចេញពីការរំលាយផ្ទាំងទឹកកកនៅជំនាន់ហូឡូសែន។[៣] ឈ្មោះមុនពេលត្រូវបានទទួលឈ្មោះបច្ចុប្បន្នរបស់វា ឈូងសមុទ្រពែរ្ស ត្រូវបានគេហៅតាមឈ្មោះផ្សេងៗគ្នា។ នៅក្នុងឯកសាររបស់បាប៊ីឡូន សមុទ្រមួយនេះត្រូវបានគេស្គាល់ថា "សមុទ្រខាងលើអាកកាដ" ខណៈដែលពួកអាស៊ីរីបានហៅវាថា "សមុទ្រជូរ"។[៤] នៅក្នុងឆ្នាំ ៥៥០ មុន គ.ស. ចក្រភពអាឆេមីនីដ្ស៍បានបង្កើតអាណាចក្របុរាណដំបូងមួយនៅតំបន់ពែរស៊ីស ដែលមានទីតាំងស្ថិតនៅប៉ែកនិរតីនៃតំបន់ខ្ពង់រាបអ៊ីរ៉ង់។[៥] ក្រោយមកទៀតដោយយោងតាមប្រភពពីក្រិក សមុទ្រមួយនេះក៏ត្រូវបានគេស្គាល់ថា "ឈូងសមុទ្រពែរ្ស"។[៦] ជម្លោះទាក់ទងនឹងឈ្មោះដែនសមុទ្រនេះត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រ និងអន្តរជាតិថា ឈូងសមុទ្រពែរ្ស។[៧][៨][៩] រដ្ឋាភិបាលអារ៉ាប់តែងហៅវាថា ឈូងសមុទ្រអារ៉ាប់ ឬ "ឈូងសមុទ្រ" ទទេ[១០] ហើយប្រទេស និងអង្គការផ្សេងទៀតក៏បានចាប់ផ្តើមប្រើប្រាស់ឈ្មោះថាឈូងសមុទ្រអារ៉ាប់តាម។[១១] ឈ្មោះ ឈូងសមុទ្រអ៊ីរ៉ង់ ត្រូវបានអង្គការធារាសាស្ត្រអន្តរជាតិប្រើប្រាស់សម្រាប់សម្ដៅលើឈូងសមុទ្រពែរ្ស។[១២] ជម្លោះជុំវិញនឹងឈ្មោះសមុទ្រនេះបានកើតមានឡើង ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មក។[១៣] ការប្រជែងគ្នារវាងប្រទេសអ៊ីរ៉ង់ និងប្រជាជាតិអារ៉ាប់មួយចំនួន រួមជាមួយនឹងកំណើននៃលទ្ធិអារ៉ាប់តែមួយ និងជាតិនិយមអារ៉ាប់ បាននាំឱ្យឈ្មោះ "ឈូងសមុទ្រអារ៉ាប់" កើនមានប្រជាប្រិយភាពកាន់តែខ្លាំងនៅតាមបណ្ដាប្រទេសអារ៉ាប់ភាគច្រើន។[១៤][១៥] ប្រវត្តិបុរាណកាល![]() ![]() វត្តមានរបស់មនុស្សដំបូងនៅលើប្រជុំកោះនៃឈូងសមុទ្រពែរ្សត្រូវបានគេកំណត់ថាមានតាំងពីពាក់កណ្តាលសម័យប៉ាឡេអូលីទិកមកម៉្លេះ ដោយមានឧបករណ៍ថ្មដែលត្រូវបានគេរកឃើញនៅលើកោះកេឃ្សឹមជាភស្តុតាង។[១៦] អរិយធម៌ដ៏ចំណាស់ជាងគេបំផុតរបស់ពិភពលោក (ស៊ូមែរ) បានវិវត្តឡើងនៅតាមបណ្តោយឈូងសមុទ្រពែរ្ស និងប៉ែកភាគខាងត្បូងមេសូប៉ូតាមី។ កាលនៅសម័យដើម កុលសម្ព័ន្ធពនេចរជាបន្តបន្ទាប់បាននាំគ្នាមកតាំងទីលំនៅនៅច្រាំងភាគខាងត្បូងនៃឈូងសមុទ្រពែរ្ស។ នៅចុងសហវត្សទី៤ មុន គ.ស. តំបន់ភាគខាងត្បូងនៃឈូងសមុទ្រពែរ្សត្រូវបានស្ថិតក្រោមឥទ្ធិពលអរិយធម៌ឌីលម៉ុន។ នៅសតវត្សរ៍ទី២ ក្រុមកុលសម្ព័ន្ធឡាហ៊ុម ដែលមានទីលំនៅនៅលើទឹកដីប្រទេសយេម៉ែនសព្វថ្ងៃ បានធ្វើចំណាកស្រុកសម្ដៅទៅភាគខាងជើង ហើយបានបង្កើតរាជាណាចក្រឡាក់មីដនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ សមរភូមិសង្គ្រាមបុរាណជាម្តងម្កាលបានកើតឡើងនៅតាមឆ្នេរនៃឈូងសមុទ្រពែរ្សរវាងចក្រភពពែរ្សសាស្សានីដ និងរាជាណាចក្រឡាក់មីដ ហើយយុទ្ធនាការយោធាដ៏ធំបំផុតគឺការឈ្លានពានដែលដឹកនាំដោយស្ដេចពែរ្សព្រះនាមឆាពួរទី២ ដែលបាននាំឱ្យអាណាចក្រឡាក់មីដដួលរលំខ្ទិចខ្ទាំ និងបើកផ្លូវឱ្យនគរព្រះអង្គពង្រីកទឹកដីចូលទៅក្នុងតំបន់អារ៉ាប់តាមខ្សែបន្ទាត់ឆ្នេរខាងត្បូង។[១៧] នៅអំឡុងសតវត្សរ៍ទីប្រាំពីរ ចក្រភពសាស្សានីដបានវាយដណ្តើមយកទឹកដីជុំវិញឈូងសមុទ្រពែរ្សបានទាំងមូល រួមទាំងច្រាំងភាគខាងត្បូង និងជើង។ នៅចន្លោះឆ្នាំ ៦២៥ មុន គ.ស. និងឆ្នាំ ២២៦ នៃ គ.ស. ប៉ែងខាងជើងនៃសមុទ្រនេះត្រូវបានត្រួតត្រាដោយអាណាចក្រ និងរាជវង្សពែរ្សតៗគ្នា ដូចជា ចក្រភពមេដេស អាឆេមីនីដ្ស៍ សេលូស៊ីដ និងប៉ារត៍ជាដើម។ នៅក្នុងរជ្ជកាលដឹកនាំរបស់ស្តេចអាឆេមីនីដ្ស៍ ព្រះចៅដារីយូសទី១ នាវារបស់ពែរ្សបានចាប់ផ្តើមធ្វើនាវាចរណ៍នៅលើផ្ទៃឈូងសមុទ្រពែរ្ស។ កងកម្លាំងទ័ពជើងទឹកពែរ្សបាននាំឱ្យមានវត្តមាននាវាពែរ្សកាន់តែច្រើននៅក្នុងឈូងសមុទ្រនេះ ហើយក៏បានបន្តមានរហូតដល់ពាក់កណ្តាលសតវត្សទី១៩ នៅពេលដែលក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេស និងកងរាជនាវារបស់ខ្លួនបានចូលមកដល់។[១៨] កងនាវាពែរ្សមិនត្រឹមតែឈរជើងនៅតាមបណ្ដាកោះនៃឈូងសមុទ្រពែរ្សប៉ុណ្ណោះទេ តែថែមទាំងចេញល្បាតតាមដងទន្លេផ្សេងៗនៅក្នុងចក្រភពផងដែរ រួមមានឆាតអែលអារ៉ាប់ ទីក្រឺ និងទន្លេនីលនៅភាគខាងលិច ព្រមទាំងផ្លូវទឹកស៊ីនដ៍ទៅក្នុងប្រទេសឥណ្ឌា។[១៨] កងបញ្ជាការទ័ពជើងទឹកកំពូលអាឆេមីនីដ្ស៍បានបង្កើតមូលដ្ឋានទ័ពជើងទឹកសំខាន់ៗ ដែលមានទីតាំងនៅតាមដងទន្លេឆាតអែលអារ៉ាប់ បារ៉ែន អូម៉ង់ និងយេម៉ែន។ មិនយូរប៉ុន្មាន កងនាវាពែរ្សមិនត្រឹមត្រូវបានប្រើសម្រាប់គោលបំណងរក្សាសន្តិភាពនៅតាមបណ្តោយឆាតអែលអារ៉ាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបើកទ្វារធ្វើពាណិជ្ជកម្មជាមួយឥណ្ឌាតាមរយៈឈូងសមុទ្រនេះផងដែរ។[១៨][១៩] ក្រោយពីការដួលរលំនៃចក្រភពអាឆេមីនីដ្ស៍ និងចក្រភពប៉ារត៍ អាណាចក្រថ្មីមួយទៀតហៅសាស្សានីដក៏បានលេចឡើង។ ឈូងសមុទ្រពែរ្ស និងផ្លូវសូត្រ គឺជាផ្លូវពាណិជ្ជកម្មពីរដ៏សំខាន់បំផុតសម្រាប់ចក្រភពសាស្សានីដ។ កំពង់ផែពាណិជ្ជកម្មជាច្រើននៃចក្រភពពែរ្សតែងមានទីតាំងស្ថិតនៅ ឬជុំវិញឈូងសមុទ្រមួយនេះ។ ស៊ីរ៉ាហ្វជាកំពង់ផែសាស្សានីដបុរាណដែលស្ថិតនៅលើច្រាំងខាងជើងនៃឈូងសមុទ្រពែរ្ស មានទីតាំងនៅខេត្តប៊ូស៊ែររបស់អ៊ីរ៉ង់បច្ចុប្បន្ន គឺជាគំរូដ៏ល្អសម្រាប់កំពង់ផែពាណិជ្ជកម្មនៅសម័យនោះ។ ស៊ីរ៉ាហ្វមានសារៈសំខាន់យ៉ាងខ្លាំងព្រោះដោយសារតែវាជាកំពង់ផែដែលតភ្ជាប់ពាណិជ្ជកម្មជាមួយប្រទេសចិននៅក្នុងសតវត្សទី៤ ដោយបានបង្កើតទំនាក់ទំនងជាមួយពាណិជ្ជករចុងបូព៌ាដំបូងនៅឆ្នាំ១៨៥ នៃ គ.ស.។[២០] សម័យអាណានិគមព័រទុយហ្កាល់បានបន្សាយឥទ្ធិពលរបស់ខ្លួននៅឈូងសមុទ្រពែរ្សអស់រយៈពេល ២៥០ ឆ្នាំ[២១] ក៏ប៉ុន្តែចាប់តាំងពីដើមសតវត្សទី១៦ មក អំណាចគ្រប់គ្រងរបស់ព័រទុយហ្កាល់[២២] បានប៉ះទង្គិចជាមួយមហាអំណាចក្នុងតំបន់ និងក៏ដូចជាចក្រភពអូតូម៉ង់ផង។ បន្ទាប់ពីអង់គ្លេស និងហុល្លង់បានចូលមកដល់នៅសតវត្សទី១៧ ចក្រភពសេហ្វេវីដក៏បានចងសម្ព័ន្ធភាពជាមួយនឹងអ្នកចំណូលថ្មីដើម្បីប្រជែងនឹងអំណាចព័រទុយហ្កាល់នៅឯនាយសមុទ្រ។[២៣] ![]() ជាលទ្ធផលនៃការប៉ុនប៉ងពង្រីកឥទ្ធិពលចូលទៅក្នុងមហាសមុទ្រឥណ្ឌានៅដើមសតវត្សទី១៦ ព័រទុយហ្កាល់ក៏ត្រូវប្រឈមនឹងជម្លោះយោធាជាមួយរដ្ឋអំណាចអូតូម៉ង់នៅតាមតំបន់ឆ្នេរនៃឈូងសមុទ្រពែរ្ស។ នៅឆ្នាំ១៥២១ មេបញ្ជាការនៃកងកម្លាំងព័រទុយហ្កាល់ លោកអង់តូនីញ៉ូ កូរ៉េយ៉ាបានលើកទ័ពមកឈ្លានពានកោះបារ៉ែនដើម្បីគ្រប់គ្រងលើឧស្សាហកម្មគុជខ្យងនៅទីនោះ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៦០២ ព្រះចៅអធិរាជពែរ្សនៃចក្រភពសេហ្វេវីដព្រះនាមអាបបាសបានដឹកនាំទ័ពវាយបណ្តេញជនជាតិព័រទុយហ្កាល់ចេញពីបារ៉ែន។[២៤] ដោយមានការគាំទ្រពីកងនាវាអង់គ្លេស នៅឆ្នាំ១៦២២ ព្រះចៅអាបបាសក៏បានវាយដណ្ដើមយកកោះអ័រមូសពីជនជាតិព័រទុយហ្កាល់ ហើយផ្លូវពាណិជ្ជកម្មភាគច្រើនក៏ត្រូវបានបង្វែរទៅរកទីក្រុងបង់ដារអាបបាសរបស់ចក្រភពពែរ្ស។ ក្រោយពីពេលនោះ ឈូងសមុទ្រពែរ្សក៏ត្រូវបានបើកឱ្យមានជំនួញជួញដូរពាណិជ្ជកម្មគ្រប់ប្រភេទជាមួយពាណិជ្ជករមកពីព័រទុយហ្កាល់ ហុល្លង់ បារាំង អេស្ប៉ាញ និងអង់គ្លេសក្រោមសិទ្ធិពិសេសដែលប្រគល់ដោយចក្រភពពែរ្ស។ រហូតដល់ឆ្នាំ១៨៧១ ចក្រភពអូតូម៉ង់បានចូលមកត្រួតត្រាតំបន់អារ៉ាប់បូព៌ាជាថ្មី។[២៥] ជាលទ្ធផលនៃសម្ពាធនយោបាយ និងយោធា កុលសម្ព័ន្ធនៅក្នុងតំបន់ក៏បានអនុញ្ញាតឱ្យអូតូម៉ង់ចូលត្រួតត្រាទឹកដីអារ៉ាប់ដោយសន្តិវិធី។[២៦] រដ្ឋអូតូម៉ង់ត្រូវបង្ខំដកអំណាចគ្រប់គ្រងរបស់ខ្លួនចេញពីតំបន់នេះក្រោយការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី១ និងតម្រូវការកងទ័ពនៅតាមតំបន់ព្រំដែនផ្សេងទៀត។[២៧] នៅអំឡុងសង្គ្រាមលោកលើកទី២ សម្ព័ន្ធភាពលោកខាងលិចបានប្រើប្រាស់ប្រទេសអ៊ីរ៉ង់ជាផ្លូវសម្រាប់បញ្ជូនសម្ភារៈយោធា និងការផ្គត់ផ្គង់ឧស្សាហកម្មទៅកាន់សហភាពសូវៀត ដោយគេតែងសម្ដៅលើផ្លូវនោះថា"ច្រកផ្លូវពែរ្ស"។[២៨] ដូចហេតុនេះទើបឈូងសមុទ្រពែរ្សបានក្លាយជាផ្លូវសមុទ្រដ៏សំខាន់មួយ តាមរយៈការដែលសម្ព័ន្ធមិត្តបានដឹកជញ្ជូនឧបករណ៍ជំនួយផ្សេងៗទៅកាន់សហភាពសូវៀតដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ពួកណាស៊ី។[២៩] ចាប់ពីឆ្នាំ១៧៦៣ រហូតដល់ឆ្នាំ១៩៧១ ចក្រភពអង់គ្លេសគឺជាមហាអំណាចគ្រប់គ្រងលើបណ្ដារដ្ឋមួយចំនួននៅជុំវិញឈូងសមុទ្រពែរ្ស រួមទាំងអេមីរ៉ាតអារ៉ាប់រួមផង។ សម័យទំនើប![]() ឈូងសមុទ្រពែរ្សនេះបានក្លាយជាសមរភូមិប្រយុទ្ធក្នុងសង្រ្គាមអ៊ីរ៉ង់–អ៊ីរ៉ាក់ឆ្នាំ១៩៨០–១៩៨៨ ដែលជាហេតុនាំឱ្យកើតមានការវាយប្រហារនាវាដឹកប្រេងរបស់ភាគីទាំងសងខាង។ មកដល់ឆ្នាំ១៩៩១ សង្គ្រាមឈូងសមុទ្រក៏បានផ្ទុះឡើងដែលជាលទ្ធផលនៃការឈ្លានពានរបស់អ៊ីរ៉ាក់មកលើប្រទេសគុយវ៉ែត ខណៈដែលសហរដ្ឋអាមេរិកបានប្រឡូកចូលបន្តិចម្តងៗ។[៣០] នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៨៨ យន្តហោះ Iran Air Flight 655 ត្រូវបានបាញ់ទម្លាក់ដោយកងយោធាសហរដ្ឋអាមេរិក (ដែលភាន់ច្រឡំយន្តហោះនេះថាជាយន្តហោះចម្បាំងរបស់អ៊ីរ៉ង់) ខណៈដែលវាកំពុងហោះហើរពីលើឈូងសមុទ្រពែរ្ស ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ២៩០ នាក់។[៣១] ភូមិសាស្ត្រអង្គការជលផលអន្តរជាតិបានកំណត់ដែនភាគខាងត្បូងនៃឈូងសមុទ្រពែរ្សថាជា "ដែនកំណត់ភាគពាយ័ព្យនៃឈូងសមុទ្រអូម៉ង់"។ដែនកំណត់នេះត្រូវបានគេកំណត់ថាជា "បន្ទាត់ភ្ជាប់រ៉ាសលីម៉ា (Ràs Limah) (25°57'N) នៅលើឆ្នេរសមុទ្រនៃតំបន់អារ៉ាប់ និង រ៉ាសាអាល់គុ (Ràs al Kuh) (25°48'N) នៅលើឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ (ពែរ្ស)"។)[៣២] សមុទ្រដែលមានទំហំប្រមាណ ២៥១,០០០ គីឡូម៉ែត្រក្រឡានេះដែរ ត្រូវបានតភ្ជាប់ទៅឈូងសមុទ្រអូម៉ង់នៅភាគខាងកើតដោយច្រកសមុទ្រអ័រមូស។ ចំណែកឯប៉ែកខាងលិចរបស់វាវិញត្រូវបានសម្គាល់ដោយដីសណ្ដទន្លេដ៏សំខាន់មួយគឺ ឆាតអែលអារ៉ាប់ ដែលមានទន្លេសំខាន់ៗពីរដូចជា អឺប្រាត និងទីក្រឺ។ នៅប្រទេសអ៊ីរ៉ង់ គេតែងហៅវាថា "ទន្លេរហ័ស"។ ប្រវែងរបស់វាគឺ ៩៨៩ គីឡូម៉ែត្រ ដោយមានប្រទេសអ៊ីរ៉ង់គ្របដណ្តប់ភាគច្រើនលើឆ្នេរប៉ែកខាងជើង ខណៈដែលអារ៉ាប៊ីសាអ៊ូឌីតនៅឆ្នេរភាគខាងត្បូង។ និយាយពីជម្រៅទឹកវិញ ឈូងសមុទ្រពែរ្សមិនមានជម្រៅទឹកជ្រៅប៉ុន្មាននោះទេ ដោយមានជម្រៅអតិបរមា ៩០ ម៉ែត្រ និងជម្រៅជាមធ្យម ៥០ ម៉ែត្រ។ ប្រទេសដែលមានឆ្នេរជាប់ឈូងសមុទ្រពែរ្សមាន (រាប់តាមទ្រនិចនាឡិកាពីខាងជើងមក)៖ អ៊ីរ៉ង់ អូម៉ង់ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត កាតា បារ៉ែន គុយវ៉ែត និងអ៊ីរ៉ាក់។ កោះតូចៗជាច្រើនក៏ស្ថិតនៅក្នុងឈូងសមុទ្រពែរ្សផងដែរ ដែលខ្លះជាកម្មវត្ថុនៃជម្លោះទឹកដីរវាងបណ្ដារដ្ឋនៅក្នុងតំបន់។ តំបន់សេដ្ឋកិច្ចផ្តាច់មុខតំបន់សេដ្ឋកិច្ចផ្តាច់មុខនៅឈូងសមុទ្រពែរ្សរួមមាន៖[៣៣][៣៤]
ឆ្នេរសមុទ្រប្រវែងឆ្នេរជាប់ឈូងសមុទ្រពែរ្សតាមប្រទេសនីមួយៗ៖
កោះកោះដ៏ធំជាងគេនៅឈូងសមុទ្រពែរ្សគឺ កោះកេឃ្សឹម ដែលមានទីតាំងស្ថិតនៅច្រកសមុទ្រអ័រមូស និងជាកម្មសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់។ កោះសំខាន់ៗផ្សេងទៀតនៅក្នុងឈូងសមុទ្រមួយនេះរួមមាន៖ កោះទូនបេធំនិងតូច និងកោះគីស្សរបស់អ៊ីរ៉ង់ កោះប៊ូប៊ីយ៉ានរបស់គុយវ៉ែត កោះតារោតរបស់អារ៉ាប៊ីសាអ៊ូឌីត និងដាល់ម៉ានៅអារ៉ាប់រួម។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ កោះសិប្បនិមិត្តបន្ថែមត្រូវបានសាងឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដូចជា ដឹវើលដ៍អាយស្លែនស៍ នៅទីក្រុងឌូបៃ និង ដឹភើល-កាតា នៅដូហា។ បណ្ដាកោះនៅឈូងសមុទ្រពែរ្សក៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រផងដែរ ដោយពួកវាត្រូវបានមហាអំណាចអាណានិគមប្រើប្រាស់កាលពីអតីតកាលដូចជា ចក្រភពព័រទុយហ្កាល់ និងអង់គ្លេសសម្រាប់វិស័យពាណិជ្ជកម្មរបស់ពួកគេ។[៣៥] ទីក្រុង និងប្រជាជនប្រជាជាតិសរុបចំនួន ៨ មានដែនឆ្នេរជាប់នឹងឈូងសមុទ្រពែរ្ស៖ កាតា គុយវ៉ែត បារ៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។ ទីតាំងយុទ្ធសាស្ត្រនៃឈូងសមុទ្រពែរ្សបានធ្វើឱ្យវាក្លាយជាទីកន្លែងដ៏ល្អសម្រាប់ដំណើរអភិវឌ្ឍន៍មនុស្ស។ បច្ចុប្បន្ននេះ ទីក្រុងធំៗជាច្រើននៃតំបន់មជ្ឈិមបូព៌ាគឺមានទីតាំងស្ថិតនៅក្នុងតំបន់នេះ។
ប្រេង និងឧស្ម័ន![]() មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia