គុយវ៉ែត
ប្រទេសគុយវ៉ែត, (ប្រកប៖ "ឃូ–វ៉ាយត៍") ដោយមានឈ្មោះផ្លូវការថា រដ្ឋគុយវ៉ែត (ភាសាអារ៉ាប់៖ دولة الكويت) គឺជាប្រទេសមួយស្ថិតនៅអាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកខាងជើងនៃតំបន់អារ៉ាប់ខាងកើត ពោលគឺនៅដើមឈូងសមុទ្រពែរ្ស ហើយមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ាក់នៅភាគខាងជើង និងអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង។ ប្រជាជនភាគច្រើននៃប្រទេសនេះចូលចិត្តរស់នៅប្រមូលផ្តុំគ្នានៅតំបន់រាជធានីគុយវ៉ែត។ គិតត្រឹមឆ្នាំ២០២១ ប្រទេសគុយវ៉ែតមានប្រជាជនសរុប ៤.៦៧ លាននាក់ដោយក្នុងនោះមាន ១.៤៥ លាននាក់ជាប្រជាជនគុយវ៉ែត ខណៈ ៣.២ លាននាក់ទៀតជាជនបរទេសមកពីជាង ១០០ ប្រទេសផ្សេងៗគ្នា។ គុយវ៉ែតមានប្រេងបម្រុងធំជាងគេទី៥នៅក្នុងពិភពលោក និងជាប្រទេសមានជាងគេបំផុតទី៤ក្នុងលោក ដែលប្រជាជនមានប្រាក់ចំណូលខ្ពស់។ ធនធានប្រេងរបស់ប្រទេសគុយវ៉េត ត្រូវបានរកឃើញ និងប្រើប្រាស់នាទសវត្សរ៍១៩៣០ និងបន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៦១ វិស័យឧស្សាហកម្មប្រេងរបស់ប្រទេសនេះបានរីកលូតលាស់យ៉ាងខ្លាំង។ ផលិតផលប្រេង និងប្រេងឆៅរបស់ប្រទេសនេះមានតម្លៃ៩៥ភាគរយនៃទឹកប្រាក់នាំចេញ និងជាប្រភពចំណូល៨០ភាគរយរបស់រដ្ឋាភិបាល។ នៅក្នុងឆ្នាំ១៩៩០ ប្រទេសគុយវ៉ែតត្រូវបានប្រទេសជិតខាងខ្លួន គឺប្រទេសអ៊ីរ៉ាក់ចូលឈ្លានពាន និងបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកចូលអន្តរាគមន៍ដោយផ្ទាល់ ទើបបានបញ្ចប់ការគ្រប់គ្រងពីសំណាក់ប្រទេសអ៊ីរ៉ាក់ ដែលមានរយៈពេលប្រមាណ៧ខែ។ ឯកសារយោង
|
Portal di Ensiklopedia Dunia