អូម៉ង់
ប្រទេសអូម៉ង់ (អារ៉ាប់៖ عُمَان) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋស៊ុលតង់អូម៉ង់ ឬអាចហៅបានថា ស៊ុលតង់ចក្រអូម៉ង់ (អារ៉ាប់៖ سلْطنةُ عُمان) គឺជាប្រទេសមួយស្ថិតនៅប៉ែកអាគ្នេយ៍នៃឧបទ្វីបអារ៉ាប់នៃតំបន់អាស៊ីខាងលិច។ ប្រទេសអូម៉ង់មានព្រំដែនគោកជាប់នឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសយេម៉ែន ហើយមានព្រំដែនទឹកជាប់សមុទ្រអារ៉ាប់នៅភាគអាគ្នេយ៍ និងឈូងសសមុទ្រអូម៉ង់នៅភាគឦសាន។ ទីក្រុងមូស្កាតគឺជារាជធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ អូម៉ង់មានចំនួនប្រជាជនប្រហែល ៥.២៨ លាននាក់បើគិតត្រឹមឆ្នាំ២០២៤ ដែលជាកំណើនឡើង ៤.៦០% បើប្រៀបទៅនឹងឆ្នាំ២០២៣។ ដែនដីរបស់អូម៉ង់ចំនួនពីរគឺ ម៉ាដហា និងមូសាន់ដាំមានទីតាំងស្ថិតនៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដែលនាំឱ្យទឹកដីអូម៉ង់មួយភាគតូចមានព្រំដែនទឺកជាប់ច្រកសមុទ្រអ័រមូស។ ចាប់ផ្ដើមពីសតវត្សរ៍ទី១៧ ស៊ុលតង់ចក្រអូម៉ង់គឺជាអាណាចក្រតំបន់មួយ ប្រកួតប្រជែងជាមួយមហាអំណាចពិភពលោកដូចជា ចក្រភពព័រទុយហ្កាល់ និងអង់គ្លេសដើម្បីអំណាចឥទ្ធិពលនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា។ នៅក្នុងសតវត្សរ៍ទី១៩ វិសាលភាពទឹកដីនៃចក្រភពអូម៉ង់បានឈានដល់ចំណុចកំពូល ពោលគឺបានលាតសន្ធឹងកាត់ច្រកសមុទ្រអ័រមូសរហូតដល់ដែនដីមួយផ្នែកនៃប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និងអូសបន្លាយទៅភាគខាងត្បូងរហូតដល់ហ្សង់ហ្ស៊ីបា។[៧] មកដល់សតវត្សរ៍ទី២០ ស៊ុលតង់ចក្រអូម៉ង់ក៏បានធ្លាក់ក្រោមឥទ្ធិពលចក្រភពអង់គ្លេស ហើយអស់រយៈពេលជាង ៣០០ ឆ្នាំមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសុទ្ធតែផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។ ចក្រភពអង់គ្លេសបានទទួលស្គាល់សារៈសំខាន់នៃទីតាំងភូមិសាស្ត្ររបស់អូម៉ង់ដោយចាត់ទុកវាជាមជ្ឈមណ្ឌលពាណិជ្ជកម្មបង្កើតផ្លូវជំនួញឱ្យអង់គ្លេសនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា និងជាផ្លូវការពារសារៈប្រយោជន៍របស់ក្រុងឡុងដ៍នៅអនុទ្វីបឥណ្ឌា។ អូម៉ង់គឺជាប្រទេសកាន់របបរាជាធិបតេយ្យផ្តាច់ការដែលអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃរបស់ព្រះស៊ុលតង់។ ព្រះកាប៊ូស ប៊ីន សាអ៊ីដគឺជាព្រះស៊ុលតង់នៃប្រទេសអូម៉ង់ចាប់ពីឆ្នាំ១៩៧០ រហូតដល់ទ្រង់សោយព្រះទិវង្គតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។[៨] ព្រះកាប៊ូសគ្មានបុត្រស្នងតំណែងដូចតាមទំនៀមទម្លាប់ស្នងរាជ្យបល្ល័ង្ករបស់អូម៉ង់ឡើយ ដោយដូច្នេះ ព្រះអង្គក៏បានសរសេរសំបុត្រតែងតាំងប្អូនជីដូនមួយរបស់ទ្រង់ព្រះនាមហៃថាម ប៊ីន តារីគជាអ្នកស្នងព្រះរាជតំណែងបន្ត ហើយក្រុមរាជវង្សអូម៉ង់ក៏បានប្រកាសតារីគជាព្រះស៊ុលតង់ថ្មីនៃប្រទេសអូម៉ង់រហូតមកដល់សព្វថ្ងៃ។[៩] ក្នុងនាមជាអតីតចក្រភពដែនសមុទ្រមួយ អូម៉ង់គឺជារដ្ឋឯករាជ្យដ៏ចំណាស់បំផុតមួយនៅក្នុងពិភពអារ៉ាប់។[១០][១១] បច្ចុប្បន្ន អូម៉ង់ជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ចលនាមិនចូលបក្សសម្ព័ន្ធ និងអង្គការសហប្រតិបត្តិការឥស្លាម។ អូម៉ង់មានធនធានរ៉ែប្រេងកាតបម្រុងច្រើនជាងគេទី២២ នៅទូទាំងពិភពលោក។[១០][១២] នៅក្នុងឆ្នាំ២០១០ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានចាត់ប្រទេសអូម៉ង់ជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោកតាមរបាយការណ៍អភិវឌ្ឍន៍ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។[១៣] សេដ្ឋកិច្ចអូម៉ង់មួយភាគធំគឺពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងនេសាទត្រី ជំនួញផ្លែលម៉ើ និងផលិតផលកសិកម្មផ្សេងៗ។ ធនាគារពិភពលោកបានចាត់ទុកអូម៉ង់ជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចខ្ពស់ ហើយគិតមកត្រឹមឆ្នាំ២០២៣ អូម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសន្តិភាពបំផុតទី៤៨ នៅលើពិភពលោក បើយោងតាមសន្ទស្សន៍សន្តិភាពសកល។[១៤] ឯកសារយោង
|
Portal di Ensiklopedia Dunia