អេមីរ៉ាតអារ៉ាប់រួម
អេមីរ៉ាតអារ៉ាប់រួម (ភាសាអារ៉ាប់៖ الإمارات العربية المتحدة) ឬអាចហៅសាមញ្ញថា អេមីរ៉ាត (ភាសាអារ៉ាប់៖ الإمارات) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច (មជ្ឈិមបូព៌ា)។ ប្រទេសមួយនេះមានទីតាំងស្ថិតនៅចុងភាគខាងកើតនៃឧបទ្វីបអារ៉ាប់ និងមានព្រំប្រទល់ជាប់ជាមួយប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ខណៈពេលដែលមានព្រំដែនសមុទ្រជាប់ឈូងសមុទ្រពែរ្សរួមជាមួយប្រទេសកាតា និងអ៊ីរ៉ង់។ ទីក្រុងអាប៊ូដាប៊ីគឺជារាជធានីនៃប្រទេស ខណៈឌូបៃជាទីក្រុងដែលមានចំនួនប្រជាជនច្រើនជាងគេ និងជាមជ្ឈមណ្ឌលអន្តរជាតិដ៏ធំមួយ។ អេមីរ៉ាតអារ៉ាប់រួមគឺជារដ្ឋប្រកាន់នូវរបបរាជាធិបតេយ្យជ្រើសតាំង និងបានកើតចេញពីដែនដីសហព័ន្ធចំនួន ៧ អេមីរ៉ាត រួមមាន៖ អាប៊ូដាប៊ី (រាជធានី) អាជម៉ាន ឌូបៃ ហ្វូជ័យរ៉ា រ៉ាសអាល់កីយម៉ា ស្សារចា និងអ៊ុមអាល់កៃវែន។[១១] អេមីរ៉ាតនីមួយៗត្រូវបានគ្រប់គ្រងដោយមេដឹកនាំម្នាក់ ដែលបញ្ចូលគ្នាបង្កើតបានជាក្រុមប្រឹក្សាសហព័ន្ធកំពូល។ សមាជិកនៃក្រុមប្រឹក្សាសហព័ន្ធកំពូលត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្នាក់ (គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ តំណែងនេះត្រូវបានកាន់ដោយព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន)[១២] និងអនុប្រធានាធិបតីម្នាក់ (ព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម) ពីក្នុងចំណោមសមាជិកពួកគេ។ ជាក់ស្ដែង មេដឹកនាំអាប៊ូដាប៊ីត្រូវកាន់តំណែងជាប្រធានាធិបតី ខណៈដែលមេដឹកនាំឌូបៃជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីផងដែរ។[១៣] កាលឆ្នាំ២០១៣ ប្រទេសនេះមានប្រជាជនចំនួន ៩.២ លាននាក់ ដែលក្នុងនោះ ១.៤ លាននាក់ជាប់សញ្ជាតិអេមីរ៉ាត និង ៧.៨ លាននាក់ផ្សេងទៀតជាជនបរទេស។[១៤][១៥][១៦] រហូតមកដល់ឆ្នា២០២០ អេមីរ៉ាតអារ៉ាប់រួមមានចំនួនប្រជាជនប្រមាណ ៩.៩ លាននាក់។[១៧] ទឹកដីអេមីរ៉ាតអារ៉ាប់រួមសព្វថ្ងៃមានវត្តមានមនុស្សរស់នៅអស់រយៈពេលជាង ១២៥,០០០ ឆ្នាំមកហើយ។ វាជាចំណុចកណ្ដាលនៃផ្លូវពាណិជ្ជកម្មរវាងអរិយធម៌ជាច្រើនរួមមាន មេសូប៉ូតាមី ពែរ្ស និងឥណ្ឌាជាដើម។[១៨] ឥស្លាមគឺជាសាសនាផ្លូវការ ហើយភាសាអារ៉ាប់គឺជាភាសាផ្លូវការរបស់ប្រទេសនេះ។ អេមីរ៉ាតអារ៉ាប់រួមមានបរិមាណប្រេងធំបំផុតទីប្រាំមួយ និងឧស្ម័នធម្មជាតិច្រើនបំផុតទីប្រាំពីរនៅលើពិភពលោក។[១៩][២០] ព្រះអង្គហ្សាយ៉េដ ប៊ីន ស៊ុលតង់ អាល់ ណាយ៉ាន ដែលជាប្រធានាធិបតីទីមួយរបស់ប្រទេសបានដឹកនាំនិងទទួលរ៉ាប់រងលើដំណើរអភិវឌ្ឍន៍របស់ប្រជាជាតិមួយនេះ ដោយបានវិនិយោគនូវចំណូលបានពីរ៉ែប្រេងកាតទៅក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។[២១] អេមីរ៉ាត់អារ៉ាប់រួមមានសេដ្ឋកិច្ចចម្រុះជាងគេបើប្រៀបធៀបទៅចំណោមសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។[២២] នៅសតវត្សរ៍ទី២១ ប្រទេសនេះលែងសូវពឹងផ្អែកលើប្រេង និងឧស្ម័នទៀតហើយ ខណៈដែលខ្លួនកំពុងផ្តោតបន្ថែមលើការអភិវឌ្ឍវិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗ។ រាជរដ្ឋាភិបាលមិនមានយកពន្ធលើប្រាក់ចំណូលទេ ទោះបីជាមានវត្តមានពន្ធសាជីវកម្មក៏ដោយ ហើយពន្ធលើតម្លៃបន្ថែម ៥% ត្រូវបានណែនាំនៅក្នុងឆ្នាំ២០១៨។[២៣] ក្រុមសិទ្ធិមនុស្សដូចជា អង្គការលើកលែងទោសអន្តរជាតិ វិមានសេរីភាព និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមើលឃើញថា អេមីរ៉ាតអារ៉ាប់រួមមានកម្រិតសិទ្ធិមនុស្សទាប ដោយបានលើកឡើងនូវករណីបំពានសិទ្ធិមនុស្សមួយចំនួនដូចជា ចាប់បុគ្គលដែលហ៊ានរិះគុនរដ្ឋាភិបាលដាក់ពន្ធនាគារ ឬធ្វើទារុណកម្ម ក្រុមគ្រួសារត្រូវបានយាយីដោយបរិធានសន្តិសុខរដ្ឋ និងករណីបាត់ខ្លួនដោយបង្ខំ។[២៤][២៥] សិទ្ធិបុគ្គលដូចជា សេរីភាពក្នុងការជួបប្រជុំ សមាគម សារព័ត៌មាន ការបញ្ចេញមតិ និងសាសនា ក៏ត្រូវបានអាជ្ញាធររដ្ឋគាបសង្កត់យ៉ាងធ្ងន់ធ្ងរផងដែរ។[២៦] អេមីរ៉ាតអារ៉ាប់រួមត្រូវបានគេចាត់ទុកថាជាមហាអំណាចកណ្តាល។ បច្ចុប្បន្ន ប្រទេសនេះមានឈ្មោះជាសមាជិកនៃអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម អង្គការប្រទេសនាំចេញប្រេងកាត ចលនាមិនចូលបក្សសម្ព័ន្ធ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ល។ ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រ
ឯកសារយោង
|
Portal di Ensiklopedia Dunia